ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បន្ដ ទទួលអំណោយជាអង្ករ៤៨២ តោន ពីសប្បុរសជន សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា គិតជាទឹក ប្រាក់ ២៦៥១០០ដុល្លារ ដើម្បីបន្ដយកទៅចែកជូន ដល់ដៃ ពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង នៅរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ នៅសាលា រាជធានីភ្នំពេញ។ ក្នុងឱកាសនោះដែរ លោក ឧកញ៉ា ឌួង ឆាយ ក៏បានឧបត្ថម្ភ អង្ករ២០តោនផងដែរ ។
លោក ឃួង ស្រេង បានមានប្រសាសន៍ ការចូលរួមផ្តល់ជាអំណោយមនុស្សធម៌នៅពេលនេះ ពិតជា មាន តម្លៃមិនអាចកាត់ថ្លៃបានឡើយ ហើយស្របពេលដែល ប្រជាពលរដ្ឋមួយចំនួន ក្នុងរាជធានីភ្នំពេញកំពុងជួបនូវគ្រោះធម្មជាតិ ដោយទឹកជំនន់ និងត្រូវការជំនួយឧបត្ថម្ភពីសប្បុរសជន ដើម្បីសង្រ្គោះអាយុជីវិត ប្រជាពលរដ្ឋជាចាំបាច់។
លោក ឃួង ស្រេង បានបញ្ជាក់ថា៖ ស្គាល់មិត្ដ ក្នុងគ្រាក្រីក្រ ទុក្ខលំបាកសម្រាប់មិត្ដវិស័យឯកជន ជានិច្ចកាល នៅគ្រប់កាលៈ ទេសៈ ជាពិសេសនៅ ពេលប្រជាជនកម្ពុជាជួបទុក្ខលំបាកឬគ្រោះមហន្តរាយនេះតែម្ដង ។
លោក ឃួង ស្រេង បានលើកឡើងថា៖ ក្រោម ការដឹកនាំ និងបញ្ជាពីសម្តេចតេជោ ហ៊ុន សែន គឺសម្តេចបានណែនាំ និងជំរុញឲ្យកងកម្លាំងទាំងអស់ ធ្វើយ៉ាងណា សង្រ្គោះប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះឲ្យបានមកកាន់ទីទួលសុវត្ថិភាពបានទាន់ពេល។ អនុវត្តតាមបទបញ្ជានេះ អាជ្ញាធររាជធានី ភ្នំពេញ ក្រោមការសហការជាមួយកងកម្លាំងប្រដាប់អាវុធពិសេស កម្លាំងកងទ័ព យើងបានជម្លៀសប្រជាពលរដ្ឋ មកកាន់ទីទួលសុវត្ថិភាពបានដោយជោគជ័យ ជាមួយនឹងការផ្ដល់អាហារ ហូបចុកគ្រប់ គ្រាន់ផងដែរ ហើយការជួយ សង្រ្គោះប្រជាពលរដ្ឋនេះ គឺយើងធ្វើឡើងដោយមិនគិតពីនិន្នាការនយោបាយ ឬគណបក្សណានោះទេ ពោលគឺឲ្យតែប្រជា ពលរដ្ឋ ដែលទទួលរងគ្រោះ គឺយើងជួយទាំងអស់ ជាមួយនឹងការផ្ដល់អំណោយជូនពួកគាត់ផងដែរ៕
ដោយ៖ សំរិត