ខេត្តកំពង់ធំ៖ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានថ្លែងទៅកាន់ប្រជាពលរដ្ឋថា ទោះបីស្ថិតក្នុងពេលមានទឹកជំនន់ និងក្រោយពេលទឹកជំនន់នេះ រាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅតែត្រៀមចាំអន្តរាគមន៍ជួយប្រជាពលរដ្ឋគ្រប់ពេលវេលា ហើយនៅក្រោយពេលទឹកជំនន់នេះទៅ ក្រុមការងារនឹងជួយដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋបន្តទៀត ពិសេសគឺប្រព័ន្ធហេដ្ឋានរចនាសម្ពន្ធ និងការបង្កបង្កើនផល។
ការបញ្ជាក់យ៉ាងដូច្នេះត្រូវបានលើកឡើងនាឱកាសលោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានដឹកនាំមន្ត្រី ក្នុងក្រុមការងារ និងមន្ត្រីខេត្តចុះចែកអំណោយជាគ្រឿងឧបភោគ-បរិភោគ និងថវិកាមួយចំនួនជូនដល់ប្រជាពលរដ្ឋ ១១១គ្រួសារ ក្នុងឃុំត្នោតជុំ នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០។
នាឱកាសនោះលោក រដ្ឋមន្ត្រី ថោង ខុន បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជម្រាបដល់ប្រជាពលរដ្ឋ ដែលសម្ដេចទាំងទ្វេតែងតែនឹករឭក និងគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ «ទីណាមានពលរដ្ឋជួបទុក្ខ ទីនោះមានមុខសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត»។
លោកថោង ខុន បានបញ្ជាក់ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចតេជោ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត និងអាជ្ញាធរខេត្ត-ស្រុក មិនបានទុកឱ្យប្រជាពលរដ្ឋរងគ្រោះលំបាកឡើយ ពោលទោះបីជាស្ថិតក្នុងពេលមានទឹកជំនន់ និងក្រោយពេលទឹកជំនន់នេះ ក៏នៅតែត្រៀមចាំអន្តរាគមន៍ជួយប្រជាពលរដ្ឋគ្រប់ពេលវេលាបន្តទៀតដែរ។
លោករដ្ឋមន្ត្រីក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋត្រូវរក្សាទឹកទុកសម្រាប់ប្រើប្រាស់ទៅថ្ងៃមុខ និងទុកក្នុងស្រែដើម្បីឱ្យស្រូវមានការលូតលាស់ល្អ ពិសេសត្រូវត្រៀមស្រូវពូជ ឬគ្រាប់ពូជដំណាំផ្សេងទៀត ដើម្បីបង្កបង្កើនផលនៅរដូវក្រោយ។
លោក រដ្ឋមន្ត្រី បានក្រើនរំឭកបន្ថែមដល់ប្រជាពលរដ្ឋឱ្យត្រូវចូលរួមថែរក្សាសុខភាពឱ្យបានល្អ តាមរយៈការហូបស្អាត ផឹកស្អាត រស់នៅស្អាត និងប្រកបដោយអនាម័យខ្ពស់។ ម្យ៉ាងទៀត ក៏ត្រូវប្រកាន់ខ្ជាប់នូវការអនុវត្តវិធានសុវត្តិភាព និងគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ឱ្យបានល្អ។ ពលរដ្ឋមានសុខភាពល្អ សុខភាពប្រទេសជាតិក៏រឹងមាំល្អ។
គួរបញ្ជាក់ថា អំណោយដែលត្រូវចែកជូនប្រជាពលរដ្ឋទាំង ១១១គ្រួសារ នៅឃុំ ត្នោតជុំ ស្រុកបារាយណ៍ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម មីជាតិ ១កេស ត្រីខកំប៉ុង ១យួរ ទឹកត្រី ១យួរ ទឹកបរិសុទ្ធ ១កេស និងថ្នាំពេទ្យ Tiffy ៥បន្ទះ៕
ដោយ៖ សូរិយា