ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ជាង៣០០គ្រួសារ នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ទទួលអំណោយរបស់សម្ដេចក្រឡាហោម ស ខេង

ចែករំលែក៖

ខេត្តបាត់ដំបង៖ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តបាត់ដំបង បានឲ្យក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកគាស់ក្រឡ ព្រមទាំងសហការី បាននាំយកអំណោយចែកជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ជាង ៣០០គ្រួសារ ស្ថិតក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០។ 

លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលជា​តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា អនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចក្រឡាហោម ស ខេង ការផ្តល់ជូនអំណោយទាំងនេះដល់ប្រជាពលរដ្ឋ កើតឡើងដោយសារទឹកចិត្តអាណិតស្រលាញ់ក្នុងនាមជាប្រជាជាតិខ្មែរ ដោយមិនប្រកាន់ឋានៈ បក្ខពួក ឬនិន្នាការនយោបាយអ្វីទាំងអស់។ 

បន្ទាប់ពីទឹកស្រក លោក ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋប្រញាប់ប្រញាល់នាំគ្នាដាំបន្លែបង្ការសម្រាប់ហូបចុកខ្លួនឯង ឬលក់ដូរដើម្បីបានប្រាក់ខ្លះផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ មិនតែប៉ុណ្ណោះ លោក បានណែនាំដល់ប្រជាពលរដ្ឋសូមបន្តប្រុងប្រយ័ត្នចំពោះបញ្ហាគ្រោះទឹកជំនន់ ដែលកំពុងកើតមាននៅក្នុងស្រុក រួមទាំងបណ្ដាស្រុកមួយចំនួនទៀត ក្នុងខេត្តបាត់ដំបង និងត្រូវស្ដាប់តាមការណែនាំរបស់អាជ្ញាធរ ចំពោះវិធានការផ្សេងៗ កុំឲ្យកើតមានគ្រោះថ្នាក់ជាយថាហេតុ។

ជាមួយគ្នានោះដែរ ក្រុមការងារក៏បានចុះពិនិត្យការសាងសង់ទីស្នាក់ការកណ្ដាលសម្រាប់ស្នាក់នៅរបស់ក្រុមការងារចុះជួយស្រុកគាស់ក្រឡ រួមទាំងចុះពិនិត្យស្ថានភាពទឹកដែលបានផ្ទុកក្នុងស្រះទំហំប្រមាណ ៣ហិកតា ជាអំណោយរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្ដល់ជូនពលរដ្ឋនៅស្រុកគាស់ក្រឡ ទុកប្រើប្រាស់ប្រចាំថ្ងៃ ៕

ដោយ៖ស តារា


ចែករំលែក៖