ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលទាំងព្រឹកដល់ប្រជាពលរដ្ឋពេលប្រទះឃើញបុរសម្នាក់ស្លាប់ក្នុងទឹកស្រែដោយនៅក្បែរនោះមានកង់និងមងសម្រាប់រាយដាក់ត្រីហើយក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឱ្យចុះមកពិនិត្យដោយក្រុមគ្រួសារអះអាងថាជនរងគ្រោះមានជំងឺឆ្កួតជ្រូកប្រចាំកាយ។
ហេតុការណ៍ប្រទះឃើញសពនេះបានកើតឡើងកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី២៤ខែតុលាឆ្នាំ២០២០នៅចំណុចភូមិស្វាយអង្គ ឃុំស្វាយអង្គ ស្រុក ស្វាយជ្រំ។
បើតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា បុរសខាងលើមានឈ្មោះ ឡឹក សុឃា អាយុ៣៦ឆ្នាំ មុខរបរកសិករមានទីលំនៅភូមិស្វាយអង្គ ឃុំស្វាយអង្គស្រុកស្វាយជ្រំ។
បើតាមក្រុមគ្រួសារបានប្រាប់សមត្ថកិច្ចថាបុរសខាងលើគឺមានជំងឺប្រកាច់(ឆ្កួតជ្រូក) ហើយពេលជំងឺរើឡើងម្ដងៗតែងតែមានអាការប្រកាច់ដោយក្រុមគ្រួសារយកទៅព្យាបាលនៅមន្ទីរពេទ្យនិងផឹកថ្នាំសង្កូវដែរប៉ុន្តែមិនបានធូរស្រាលសោះឡើយ ទើបនៅថ្ងៃកើតហេតុស្រាប់តែអ្នកភូមិបានរាយការណ៍មកថាបានប្រទះឃើញបុរសឈ្មោះឡឹក សុឃាស្លាប់នៅក្នុងទឹកស្រែបាត់ទៅហើយ។
ក្រោយកើតហេតុសមត្ថកិច្ចនគរបាលស្រុករួមជាមួយនគរបាលប៉ុស្ត៏រដ្ឋបាលនិងគ្រូពេទ្យបានមកពិនិត្យសាកសពឃើញថាពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែនដោយមិនមានស្លាកស្នាមអ្វីដែលសម្គាល់ជារឿងឃាតកម្មនោះទេ។
បន្ទាប់មកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ យឹម សុថាន