ព័ត៌មានទាន់ហេតុការណ៍៖

ហ៊ានម្ល៉េះ! ក្រុមចោរឆក់កាបូបពីស្រ្ដីម្នាក់បានសម្រេចទាំងព្រឹកក្បែរប៉ុស្តិ៍នគរបាលកាកាប២ ខណ្ឌពោធិ៍សែនជ័យ

ចែករំលែក៖

      ភ្នំពេញ៖ ស្ត្រីម្នាក់បានរងរបួសយ៉ាងធ្ងន់ត្រូវបានបញ្ជួនទៅមន្ទីរពេទ្យភ្លាមៗក្រោយពីក្រុមចោរមានគ្នាពីរនាក់បានធ្វើសកម្មភាពឆក់យកកាបូបរបស់នាងបានសម្រេចហើយគេចខ្លួនបាត់ស្រមោលនៅក្បែរប៉ុស្តិ៍នគរបាលកាកាប២តែម្តង។

  អំពើឆក់ប្លន់យកកាបូបនេះបានកើតឡើងកាលពីវេលាម៉ោង ៦និង១០នាទីព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ​២០២០​ នៅចំណុចតាមផ្លូវរថភ្លើងក្នុង សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជ​ធានី​ភ្នំពេញ​   

​នារីរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនោះទេដោយសារតែគាត់រងរបួសធ្ងន់សន្លប់ហើយត្រូវបានគេជួយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញស្រ្ដីម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត ១C-8834 ចេញពីផ្សារក្នុងគោលបំណងទៅផ្ទះវិញដោយ​បានធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវរថភ្លើង ក្នុងទិសដៅពីកើតទៅលិច លុះជិះមកដល់ចំណុចកេីតហេតុស្រាប់តែលេចមុខ​ក្រុមជនសង្ស័យ២នាក់ជិះម៉ូតូម៉ាកនិចមួយគ្រឿងមិនចាំស្លាកលេខ មកធ្វើសកម្មភាពឆក់យកកាបូបរបស់នាងបណ្តាលឲ្យនាងដួលម៉ូតូរងរបួសសន្លប់ស្តូកស្ដឹង ហើយក្រុមជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់ទៅមិនរំខានដល់នគរបាលប៉ុស្តិ៍នៅក្បែរនោះឡើយ។

 សម្ភារបាត់បង់មានលុយ១០មុឺនរៀលនិងទូរស័ព្ទម៉ាកOPPOមួយគ្រឿង។ ពលរដ្ឋចាំមើលថា តើលោកមេប៉ុស្តិ៍ដែលទើបតែមកកាន់តំណែងថ្មីមានសមត្ថភាពក្នុងការស្រាវជ្រាវតាមចាប់ក្រុមជនសង្ស័យទាំងនោះមកដាក់ទោសតាមច្បាប់ដែរឬយ៉ាងណា៕

ដោយ៖ ផេង ភាព


ចែករំលែក៖