ខេត្តស្ទឹងត្រែង៖ នៅថ្ងៃសៅរ៍ ៨កើត ខែកត្តិក ឆ្នាំជូត ទោស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ ប្រារព្ធបទនមស្សការព្រះរតនៈត្រ័យ សមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងស្តាប់ព្រះធម៌ទេសនា សម្តែងដោយព្រះរាជអធិបតីដ៏ខ្ពង់ខ្ពស់ពីសំណាក់ព្រះមហាវិមលធម្ម ពិន សែម ព្រះឧត្តមទីប្រឹក្សា គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធ្វើបទនមស្ការ សមាទានសីល និងប្រទានធម្មទេសនា ជូនពុទ្ធបរិស័ទក្នុងឱកាសនៃបុណ្យកឋិនទានសាមគ្គីដង្ហែទៅកាន់វត្តបុព្វតាយារាម(ហៅវត្តច្រប់) និងវត្តជ័យមង្គល(ហៅវត្តកំភុន) ស្ថិតស្រុកសេសាន ខេត្តស្ទឹងត្រែង។ ពិធីបុណ្យកឋិនទានសាមគ្គី ដែលបានប្រារព្ធ ធ្វើឡើងនាថ្ងៃទី២៤-២៥ ខែតុលា ឆ្នាំ២០២០ ក្រោមការផ្តួចផ្តើមដោយលោក ម៉ុម សារឿន អភិបាលនៃគណៈ អភិបាលខេត្តស្ទឹងត្រែង និងលោកស្រី គង់ សំអាត ដើម្បីប្រមូលបច្ច័យយកមកកសាងសមិទ្ធផលនានាក្នុង ទីអារាម។
មានការអញ្ជើញចូលរួមពីសំណាក់លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំកងកម្លាំងប្រដាប់ អាវុធទាំង៣ប្រភេទ មន្រ្តីរាជការទូទាំងខេត្ត ព្រមទាំងពុទ្ធបរិស័ទយ៉ាងច្រើនកុះករ អង្គកឋិនទានបានរៀបចំពិធីនៅភូមិគ្រឺះ លោក អភិបាលខេត្ត និងលោកស្រី៕
ដោយ៖ សិលា