ព័ត៌មានទាន់ហេតុការណ៍៖

មានការកែច្នៃវិហារអ៊ិស្លាមនៅភូមិកំពង់យោលទៅសាលារៀនវិញ នាំឱ្យផ្ទុះការតវ៉ា

ចែករំលែក៖

ខេត្តតាកែវ៖ លោក សេន រ៉េះ តំណាងសមាគមប្រភពល្អកម្ពុជា ប្រចាំខេត្តតាកែវ បានដាក់លិខិតមួយច្បាប់ជូនលោកអភិបាលស្រុកបុរីជលសា ខេត្តតាកែវ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ ក្នុងកម្មវត្ថុ «ស្នើសុំការចុះផ្អាកការកែច្នៃវិហារអ៊ិស្លាមដែលជាសម្បត្តិរបស់សមាគមប្រភពល្អកម្ពុជា ទៅជាសាលារៀនវិញ នៅភូមិកំពង់យោល ឃុំគោកពោធិ៍ ស្រុកបុរីជលសា ខេត្តតាកែវ»។

យោងតាមលិខិតដែលទើបទទួលបាននៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០នេះ បានឱ្យដឹងថា កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ លោក សាន់ សុះ បានឱ្យជាងចុះមកកែច្នៃវិហារអ៊ិស្លាមចាស់ទៅជាសាលារៀនវិញ ដោយមិនមានការពិភាក្សាជាមួយតំណាងសមាគមឡើយ។

ជាមួយគ្នានេះ លោក សេន រ៉េះ តំណាងសមាគមប្រភពល្អកម្ពុជា ប្រចាំខេត្តតាកែវ និងលោកមេភូមិ បានសុំផ្អាកការកែច្នៃនេះរហូតដល់ថ្ងៃសុក្រទី២៣ ខែតុលា ឆ្នាំ២០២០ ដើម្បីប្រជុំពិភាក្សាគ្នាដែលមានលោកមេភូមិជាគណៈអធិបតី ។ បន្ទាប់មក លទ្ធផលប្រជុំមិនទាន់បានឯកភាពគ្នាទេ តែលោក សាន់ សុះ នៅតែបន្តការកែច្នៃវិហារនេះដដែល នៅថ្ងៃសៅរ៍ទី២៤ ខែតុលា ឆ្នាំ២០២០ហើយក៏បន្តធ្វើការកែច្នៃនេះ និងនៅថ្ងៃអាទិត្យទី២៥ ខែតុលា ឆ្នាំ២០២០នេះទៀត ដោយមិនរង់ចាំការដោះស្រាយជាមួយសមាគម សិនឡើយ ។

បន្ថែមពីលើលិខិតមួយនេះ លោក សេន រ៉េះ តំណាងសមាគមប្រភពល្អកម្ពុជា ប្រចាំខេត្តតាកែវ បានថ្លែងប្រាប់នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០នេះថា ខាងលោក សាន់ សុះ កំពុងតែបន្តធ្វើការកែច្នៃវិហារនេះដដែល ដោយមិនស្តាប់ការហាមឃាត់ ឬ ពិភាក្សាគ្នាសិនឡើយ ។

លោក សេន រ៉េះ បន្តថា វិហារអ៊ិស្លាមមួយនេះ គឺខាងសមាគមបានគ្រប់គ្រងតាំងពីឆ្នាំ២០០០មកម្ល៉េះ ពោលគឺមានរយៈពេល២០ឆ្នាំមកហើយ ។ បញ្ហានេះ លោកសង្ឃឹមថា អាជ្ញាធរមានសមត្ថកិច្ច នឹងចុះផ្អាកការកែច្នៃនេះជាបណ្តោះអាសន្ន ដើម្បីរង់ចាំការពិភាក្សាគ្នារកដំណោះស្រាយ ។

ឆ្លើយតបចំពោះបញ្ហានេះ លោក សាន់ សុះ ថ្លែងប្រាប់ថា វិហារអ៊ិស្លាមមួយនេះ គឺ ជាអំណោយរបស់រដ្ឋគុយវ៉ែត ដែលផ្តល់ជូនប្រជាពលរដ្ឋ ពោលគឺមិនមែនជាកម្មសិទ្ធិរបស់សមាគមឬនរណាម្នាក់ឡើយ ។

លោក សាន់ សុះ បន្ថែមថា បច្ចុប្បន្នមានវិហារអ៊ិស្លាមមួយទៀត បានសាងសង់រួចហើយ ។ ដូច្នេះ ដោយមើលឃើញការខ្វះខាតសាលារៀនទើបលោកត្រូវកែច្នៃវិហារអ៊ិស្លាមចាស់ទៅជាសាលារៀនវិញ ណាមួយវិហារអ៊ិស្លាមមួយនេះ បានសាងសង់លើផ្នូរថែមទៀតផង ដែលមិនអាចឱ្យថ្វាយបង្គំបានទេ ។

ទោះបីយ៉ាងណា បញ្ហានេះ លោក រស់ប៊ុនធឿន អភិបាលរងស្រុកបុរីជលសា បានថ្លែងប្រាប់ថា នៅវេលាម៉ោង២ រសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០នេះ លោកនឹងចុះទៅដើម្បីធ្វើការសម្របសម្រួលករណីនេះផ្ទាល់ ៕ ដោយ៖ចេស្តា


ចែករំលែក៖