ព័ត៌មានទាន់ហេតុការណ៍៖

លេចការគាំទ្រខ្លាំងលើការសម្តែងក្នុងបទចម្រៀងមួយចំនួន លី ណូរ៉ា ឆក់បានតំណែង

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែងដែលឆ្លងកាត់ជីវិតតស៊ូច្រើន លោក លី ណូរ៉ា កំពុងតែក្តាប់បានតំណែងទីផ្សារខ្លាំងបង្គួរបើធៀបពីពេលកន្លងទៅ។ លេចមុខមាត់កាន់តែខ្លាំងលើការងារសិល្បៈនេះក្រោយពីស្នាដៃសម្តែងក្នុងបទចម្រៀងកាលពីពេលកន្លងទៅនោះផ្ទុះការញគាំទ្រខ្លាំងពីទស្សនិកជន។

ការសម្តែងក្នុងបទចម្រៀងបទ”អាមោក” និងបទ”ទឹកចិត្តសំខាន់ជាងទឹកលុយ”  បានធ្វើឲ្យទស្សនិកជនស្គាល់តារាសម្តែងរូបនេះកាន់តែខ្លាំង ស្របនឹងការជេរតួអង្គដែលតារារូបនេះសម្តែងក៏ខ្លាំងដែរ។ លោក លី ណូរ៉ា បានបញ្ជាក់ថា លោកមិនខឹងនឹងការជេរបស់ទស្សនិកជនទេ ប៉ុន្តែសប្បាយចិត្ត ។ លោកថាការជេព្រោះតែលោកសម្តែងដល់ ត្រូវទៅនឹងតថភាព និងអត្ថន័យនៃសាច់រឿងចាក់ចំបេះដូងពួកគាត់ប៉ុណ្ណោះ។ តារាប្រុសរូបនេះលើកឡើងដែរថាលោកពេញចិត្តស្នាដៃបទចម្រៀងនេះព្រោះតែត្រូវទៅនឹងមួយផ្នែកនៃសាច់រឿងស្នេហាអតីតកាលរបស់លោកផងដែរ។

លោកបន្តថាក្រៅពីស្នាដៃសម្តែងទាំងនេះថ្មីៗកន្លងទៅនេះលោកទើបនឹងបញ្ចប់ការថតភាពយន្តខ្លីអប់រំ បទចម្រៀង និងស្នាដៃសម្តែងក្នុងឈុតផ្សព្វផ្សាយពាណិជ្ជកម្មសម្រាប់ក្រុមហ៊ុនធំៗមួយចំនួនផងដែរ ដែលលោកថាជាសន្ទុះទីផ្សារការងារសម្តែងរបស់លោកហាក់ឡើងខ្លាំងជាងមុនបើធៀបនឹងឆ្នាំមុន។

តារារូបនេះលើកឡើងដែរថា លោកក៏មានគម្រោងចេញសម្តែងក្នុងភាពយន្ត និងបទចម្រៀងថ្មីមួយចំនួនបន្ទាប់ទៀតដែលសុទ្ធសឹងជាស្នាដៃល្អសម្រិតសម្រាំងពីសំណាក់ផលិតករ ដែលលោករំពឹងថាស្នាដៃសម្រិតសម្រាំងទាំងនេះនឹងជួយលើកមុខមាត់លោកកាន់តែល្អប្រសើរក្នុងចង្កោមអ្នកសិល្បៈ ហើយក៏រំពឹងដែរថានឹងទទួលបានការគាំទ្រថ្មីបន្ថែមទៀតផងដែរ។

ក្រៅពីការងារសម្តែងតារាប្រុសរូបនេះក៏កំពុងតែមមាញឹកនឹងការងារលក់ផលិតផលតាមអនឡាញមួយចំនួនផងដែរ។ លោកថាទោះរវល់ការងារមុខជំនួញយ៉ាងណាក៏លោកនៅតែបន្តការងារសិល្បៈ និងខិតខំប្រឹងបន្ថែមដើម្បីមានឱកាសយកប្រាក់មួយផ្នែកពីការងារសិល្បៈជួយដល់កិច្ចការងារសង្គមបន្ត៕ដោយ៖វឌ្ឍនា


ចែករំលែក៖