ព័ត៌មានទាន់ហេតុការណ៍៖

នាវាចម្បាំងក្រិក​ត្រូវនាវាដឹកទំនិញបុកបាក់ជាពីរកំណាត់

ចែករំលែក៖

នាវាដោះមីន​ HS Kallisto របស់កម្លាំងទាហានជើងទឹកប្រទេសក្រិក​ បានបាក់ជា២កំណាត់ក្រោយពីប៉ះជាមួយនាវា​ដឹកកុងតឺន័រ​ធុនធំនៅកំពង់ផែ​Piraeusនាព្រឹកថ្ងៃទី ​២៧ ខែតុលា​។
កម្លាំងទាហានជើងទឹកប្រទេសក្រិកបានឲ្យដឹងថា ហេតុការណ៍ប៉ះទង្គិចនេះកើតឡើងនៅវេលាម៉ោង​៧និង៣០នាទីព្រឹកថ្ងៃទី​២៧ខែតុលា​​ នៅតំបន់សមុទ្រ Saronic ជិតកំពង់ផែ​Piraeus​។​ នាវាដឹកទំនិញដែលបុកចំនាវារុករកមីនមានឈ្មោះLauncheston ​បំពាក់ទង់ជាតិអេស្ប៉ាញ​។
នាវា HS Kallisto ត្រូវនាវាដឹកទំនិញLauncheston បុកចំពេលកំពុងតែចាកចេញពីកំពង់ផែ​Piraeus ដែលមូលហេតុបណ្តាលឲ្យមានគ្រោះថ្នាក់ខាងលើកើតឡើងនោះគេមិនទាន់ដឹងនៅឡើយទេ ។ នាវា HS Kallisto ត្រូវទឹកចូលយ៉ាងឆាប់រហ័ស​ហើយ​បាក់ជាពីរតែម្តង​។
មន្ត្រីក្រិកមួយរូបបានឲ្យដឹងថា មានមនុស្ស​២៧នាក់នៅលើនាវា​HS Kallisto នៅពេល​ហេតុការ​ណ៍គ្រោះថ្នាក់កើតឡើង ហើយក្នុងចំណោមនោះមានតែពីរនាក់ប៉ុណ្ណោះរងរបួសស្រាល​។ ទាហានជើងទឹកក្រិច​បានបញ្ជូននាវាទៅអូសនាវាដែលរងគ្រោះខាងលើ​មកកាន់កំពង់ផែ៕ដោយ៖ធី រីណា


ចែករំលែក៖