ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ លោក ម៉ូវ ម៉ានិត ប្រធានកិត្តិយសគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌសែនសុខ បានអញ្ជើញទៅទទួលទេយ្យទានពីព្រះញាណឧត្តម គង់ សារី ព្រះវិន័យធម៌អនុគណខណ្ឌសែនសុខ និងជាព្រះចៅអធិការវត្តទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងចែកអំណោយប្រគេន/ជូនដល់ព្រះសង្ឃ យាយជី លោកអាចារ្យ តំណាងសង្កាត់ទឹកថ្លា តំណាងភូមិចុងថ្នល់ខាងលិច នាយកសាលាបឋមសិក្សាសន្តិភាព ជាងកំពុងសាងសង់ក្នុងវត្ត និងជាងទូក.ង។
ថ្លែងអំណរព្រះគុណទៅកាន់ព្រះគ្រូចៅអធិការវត្ត លោកប្រធានកិត្តិយសអនុសាខា បានមានប្រសាសន៍ថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធ្វើឲ្យមានការអភិវឌ្ឍជារៀងរាល់ថ្ងៃ។ ប្រជាពលរដ្ឋមានជីវភាពធូរធារប្រសើរឡើងជាងមុន ជាពិសេសសមិទ្ធផលតាមវត្តអារាមនាំឲ្យពុទ្ធសាសនិកមានសទ្ធាជ្រះថ្លាចូលរួមធ្វើបុណ្យលើកស្ទួយវិស័យព្រះពុទ្ធសាសនាឲ្យថ្កុំថ្កើងរីកចម្រើនជាលំដាប់។ ក្រោយពីព្រះសង្ឃទទួលបានទេយ្យទានច្រើន ព្រះសង្ឃមិនភ្លេចអាជ្ញាធរទេ ក៏ចែករំលែកទានទាំងនោះមកឲ្យអាជ្ញាធរវិញដើម្បីចែកជូនដល់ប្រជាពលរដ្ឋក្រីក្រខ្វះខាត ដែលធ្វើឲ្យម្ចាស់ទានបានបុណ្យពីរដង។
ទេយ្យទានដែលព្រះញាណឧត្តមប្រគល់ជូនដល់គណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌសែនសុខក្នុងនោះរួមមាន៖ អង្ករ១តោន មី៥០កេស ស្ករស២បាវ ទឹកក្រូច២បាវ សម្ភារប្រើប្រាស់ផ្ទះបាយមួយចំនួន និងបច្ច័យ៤.០០០.០០០រៀល៕
ដោយ៖ ចន្ទ លីហ្សា