ព័ត៌មានទាន់ហេតុការណ៍៖

ទ្រាំលែងបានហើយ! ប្ដឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនលោកប្ដីពូកែខាងវាយ និងប្រមាថប្រពន្ធ

ចែករំលែក៖

     ខេត្តពោធិ៍សាត់ ៖ នៅព្រឹកថ្ងៃពុធ ១២កើត ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ នេះ សមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកក្រគរ បានទទួលបណ្ដឹងករណីហឹង្សាក្នុងគ្រួសារ(ប្ដីវាយប្រពន្ធ) និងបានឃាត់ខ្លួនបុរសសង្ស័យដៃដល់ជាប្ដី ។

 ប្រភពពព័ត៌មានពីមន្រ្តីនគរបាលស្រុកក្រគរបានឲ្យដឹងថា យោងបណ្ដឹងស្រ្តីជាប្រពន្ធអះអាងថា កាលពីយប់ថ្ងៃទី២៧កន្លងទៅនេះ ប្ដីរបស់គាត់ឈ្មោះ ម៉ៅ សុគន្ធារ៉ា អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានកូនប្រុសស្រីចំនួន៣នាក់ក្នុងបន្ទុកគ្រួសារ បច្ចុប្បន្ន រស់នៅភូមិត្រពាំងកន្ទួត ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ពេលត្រឡប់មកពីផឹកសុីស្រវឹងរករឿង និងសុំលុុយ ប្រពន្ធគ្មានលុយឲ្យក៏បង្កហឹង្សាចាប់ក្បាលអុកផ្ទប់ទៅដី យកជើងជាន់ក្បាល យកស្បែកជើងវាយក្បាល ស្ដោះទឹកមាត់ដាក់ក្បាលទៀត ហើយបានគំរាមចង់ទៅប្ដឹងអ្នកណាទៅចុះ ។

 របាយការណ៍បណ្ដឹងដដែលបន្តទៀតថា កន្លងមកសមត្ថកិច្ចធ្លាប់នាំជនបង្កជាប្ដីទៅធ្វើការអប់រំម្ដងមកហើយ ម្ដងនេះគាត់មានអារម្មណ៍ឈឺចាប់ខ្លាំង ក៏ដាច់ចិត្តមកប្ដឹងសមត្ថកិច្ចនគរបាលដើម្បីអនុវត្តច្បាប់ចុះ សមត្ថកិច្ចនគរបាលបាននាំយកអធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីធ្វើការសាកសួរ និងធ្វើតេសទឹកនោមរកសារជាតិញៀនឃើញថា(វិជ្ជមាន+) បច្ចុប្បន្ន ជនសង្ស័យកំពុងបន្តនីតិវិធី ៕ ដោយ៖បុឹម ពិន


ចែករំលែក៖