ព័ត៌មានទាន់ហេតុការណ៍៖

បិសាចក្រហម Man United បំបាក់ក្រុមខ្លាំង RB Leipzig ខណៈBarcelona និង Chelsea ធ្វើបានល្អក្រៅទឹកដី

ចែករំលែក៖

ការប្រកួតក្របខ័ណ្ឌ Champions League វគ្គជម្រុះតាមពូលសប្តាហ៍ទី២បានបញ្ចប់ហើយកាលពីយប់មិញ ដោយក្រុមខ្លាំងមកពីអង់គ្លេស បិសាចក្រហម Manchester United បានបំបាក់ក្រុមភ្ញៀវមកពីអាល្លឺម៉ង RB Leipzig ក្នុងលទ្ធផល ៥ទល់០ ។

ក្រុមបិសាចក្រហម Man United បានយកឈ្នះក្រុមខ្លាំងរបស់បារាំង PSG រួចមកហើយកាលពីប្រកួត សប្តាហ៍ទី១ ហើយសប្តាហ៍ទី២នេះបន្តឈ្នះក្រុមមកពីអាល្លឺម៉ង់មួយនេះទៀត ដោយ៥គ្រាប់របស់ក្រុម បិសាចក្រហមរកបានដោយកីឡាករ Greenwood កីឡាករ Rashford ៣គ្រាប់ម្នាក់ឯង និង១គ្រាប់ទៀតរកបានដោយកីឡាករ Martial ដែលរកបាននៅតង់ទី១ មួយគ្រាប់ និងតង់ទី២ បួនគ្រាប់។

លទ្ធផលនេះធ្វើឲ្យក្រុមបិសាចក្រហមបន្តឈរកំពូលតារាងក្នុងពូល H មាន៦ពិន្ទុពេញ ខណៈដែលក្រុម PSG ឈរចំណាត់ថ្នាក់លេខ២បណ្តោះអាសន្នក្នុងពូល ក្រោយយកឈ្នះក្រុមម្ចាស់ផ្ទះ Istanbul Basaksehir ក្នុងលទ្ធផល២ទល់០ កាលពីយប់មិញដែរ ។

ចំណែកក្រុមខ្លាំងមកពីអេស្ប៉ាញ Barcelona បានយកឈ្នះក្រុមខ្លាំងមកពីអុីតាលី Juventus ក្នុងលទ្ធផល២ទល់០ដែរ ដោយ២គ្រាប់របស់ក្រុម Barcelona រកបានដោយកីឡាករ Dembélé នៅនាទីទី១៤ និង១គ្រាប់ទៀតជាការស៊ុតបាល់ប៉េណាល់ទីដោយកីឡាករឆ្នើមសញ្ជាតិអាហ្សង់ទីន Messi នៅម៉ោងបន្ថែមនាទីទី៩០+១ ។ ការយកឈ្នះក្រុមខ្លាំង Juventusនេះធ្វើឲ្យក្រុម Barcelona បន្តឈរលេខ១បណ្តោះអាសន្នក្នុងពូលដោយ២ប្រកួតក្នុងវគ្គជម្រុះឈ្នះទាំង២ប្រកួតមាន៦ពិន្ទុពេញ។ ចំណែកក្រុម Juventus វិញ២ប្រកួតឈ្នះ១ ចាញ់១ មាន៣ពិន្ទុ ឈរចំណាត់ថ្នាក់លេខ២។

ដោយឡែកក្រុមខ្លាំងមកពីអង់គ្លេសមួយទៀតគឺតោខៀវ Chelsea បានបំបាក់ក្រុមម្ចាស់ផ្ទះ Krasnodar មកពីរុស្ស៊ីក្នុងលទ្ធផល ៤ទល់០ ដែល៤គ្រាប់នេះរកបានដោយកីឡាករ Hudson-Odoi នៅតង់ទី១ កីឡាករ Werner រកបានបាល់ប៉េណាល់ទី១ កីឡាករ Ziyech ១គ្រាប់ និងកីឡាករ Pulisic ១គ្រាប់។ លទ្ធផលនេះធ្វើឲ្យក្រុមខ្លាំងតោខៀវChelsea ឡើងឈរលេខ១បណ្តោះអាសន្នក្នុងពូលE មាន៤ពិន្ទុ ស្មើជាមួយក្រុមលេខ២ Sevilla មាន៤ពិន្ទុដែរ ក្រោយពីយកឈ្នះក្រុមមកពីបារាំង Rennes ក្នុងលទ្ធផល១ទល់០កាលពីយប់មិញ ៕

ដោយ៖ភារៈ


ចែករំលែក៖