ព័ត៌មានទាន់ហេតុការណ៍៖

រោងចក្រប្រេងវេណេហ្ស៊ុយអេឡា រងការវាយប្រហារភេរវកម្ម

ចែករំលែក៖

ប្រធានាធិបតីវេណេហ្ស៊ុយអេឡា លោក​ Nicolas Maduro បានប្រកាសថា រោងចក្រប្រេងធំបំផុតក្នុងប្រទេសនេះរងការវាយប្រហារភេរវកម្ម ហើយក្រុមវាយប្រហារនោះមានទំនាក់ទំនងជាមួយមេបក្សប្រឆាំង ​Juan Guaido។
រោងចក្រប្រេងAmuay​ស្ថិតនៅក្នុងតំបន់ភាគខាងជើងប្រទេសវេណេហ្ស៊ុយអេឡា បានរងការវាយប្រហារដោយអាវុធធុនធ្ងន់​​កាលពីថ្ងៃទី​២៨ខែតុលា​។ ការវាយប្រហារនោះបាន​កម្ទេច​បង្គោលដែក​ធំនៅក្នុងរោងចក្រ​។
ប្រធានាធិបតីវេណេហ្ស៊ុយអេឡា​មិនបានបញ្ជាក់ថា រោងចក្រខាងលើផលិតប្រេងបានចំនួនប៉ុន្មាននោះឡើយ ហើយអាវុធប្រភេទណាដែលប្រើប្រាស់ក្នុងការវាយប្រហារនោះ។ ប៉ុន្តែ លោកម៉ាឌូរ៉ូ​បញ្ជាក់ថា​ ការវាយប្រហារបង្កឡើងដោយក្រុម​ភេរវកម្មរបស់លោក​Juan Guaido ។
សូមបញ្ជាក់ថា មេបក្សប្រឆាំងJuan Guaido​ដែលប្រធានាធិបតី ម៉ាឌូរ៉ូ ចោទប្រកាន់នោះ ទទួលបានការគាំទ្រពីប្រទេសចំនួន​៦០ថាជាមេដឹកនាំស្របច្បាប់របស់វេណេហ្ស៊ុយអេឡា​។
ប្រតិកម្មទៅលើការចោទប្រកាន់ ខាងលើ លោក​Juan Guaido​បានធានាថា លោក​Nicolas Maduro និយាយកុហក ។ អ្វីដែលបានបំផ្លាញរោងចក្រAmuay និងបណ្តារោងចក្រចម្រាញ់ប្រេង គឺជាអំពើពុករលួយ នៅក្នុងរដ្ឋាភិបាលរបស់លោក ម៉ាឌូរ៉ូ​។
មេដឹកនាំក្រុមប្រឆាំងបានលើកឡើងថា​ ការផ្ទុះឆេះនៅរោងចក្រ Amuay គឺជាការបែកធ្លាយ​សារធាតុ axit flohydric​ មិនមែនជាការវាយប្រហារភេរវកម្មនោះឡើយ ។រោងចក្រប្រេង​ខាងលើអាចផលិតបានប្រេងដល់ទៅ៩៥៥ពាន់បារ៉ែលក្នុងមួយថ្ងៃ៕

ដោយ៖ធី រីណា


ចែករំលែក៖