អន្តរជាតិ៖ បើយោងតាមការអះអាងរបស់ទីភ្នាក់ងារអវកាស NASA អាមេរិក បានធ្វើការស្រាវជ្រាវចំនួន២លើក ក៏បានបញ្ជាក់យ៉ាងច្បាស់ពីវត្តមានទឹក និងម៉ូលេគុលទឹកនៅផ្ទៃដែលរងពន្លឺព្រះអាទិត្យរបស់ព្រះចន្ទ ។ចំពោះការរកឃើញទឹកនៅព្រះចន្ទ នាំឲ្យទីភ្នាក់ងារអវកាសឯទៀត មានសង្ឃឹមក្នុងការបង្កើតមូលដ្ឋានអចិន្ត្រៃយ៍មួយនៅទីនោះ និងដើម្បីបន្តការធ្វើដំណើរនៅក្នុងលំហ និងទៅកាន់ភពអង្គារ។
ជាក់ស្តែងការស្រាវជ្រាវទាំង២នេះ ត្រូវបានចុះផ្សាយក្នុងទស្សនាវត្តី Nature ថា៖ វត្តមានរបស់ទឹក និងម៉ូលេគុលទឹកនៅផ្ទៃខាងលើព្រះចន្ទលែងជារឿងស្រពិចស្រពិលទៀតហើយ ត្បិតអីការរូបថត និងការស្កេនInfrared ដោយកែវយឹតSOFIA បង្ហាញពីម៉ូលេគុលនៅលើផ្ទៃរបស់ព្រះចន្ទដែលទទួលពន្លឺព្រះអាទិត្យ។ ចំណែកឯការស្រាវជ្រាវទី២ បង្ហាញថានៅផ្នែកងងឹតនៃព្រះចន្ទអាចនឹងមានច្រើនជាងការដែលគេធ្លាប់បានគិតទុកពីមុន។
ចំណែកឯសារព័ត៌មាន The Verge ក៏បានចុះផ្សាយដែរថា ការប្រើប្រាសកែវយឹតSOFIA និងស្កែនinfrared លើផ្ទៃព្រះចន្ទនាំឲ្យអ្នកវិទ្យាសាស្ត្រដឹងពីវត្តមាននៃផ្សំបញ្ជូលគ្នានៃម៉ូលេគុលអុីដ្រូសែនចំនួន២ និងអុកស៊ីសែនចំនួន១ ដែលជាធាតុគីមីរបស់ទឹក។ បន្ទាប់ពីការស្រាវជ្រាវរបស់NASA កាលពីប៉ុន្មានឆ្នាំមុន NASAពុំអាចកំណត់ពីម៉ូលេគុលទឹកបានឡើយ ត្បិតអីគេអាចរកឃើញតែម៉ូលេគុលអុីដ្រុកស៊ីល ដែលមានអាតូមអុីដ្រូសែនចំនួន១ និងអុកស៊ីសែនចំនួន២ប៉ុណ្ណោះ។
បើតាមការលើកឡើងរបស់លោកPaul Hertz ប្រធានផ្នែករូបវិទ្យាតារាសាស្ត្រ របស់NASA បានបញ្ជាក់ថា៖«ការស្រាវជ្រាវនេះបង្ហាញថាម៉ូលេគុលទឹកមាននៅពាសពេញផ្ទៃព្រះចន្ទ មិនមែនត្រឹមតែនៅកន្លែងងងឹតនិងត្រជាក់ក្បែរប៉ូលឡើយ»។ ចំពោះលទ្ធផលនៃការស្កេនផ្ទៃព្រះចន្ទ ក៏បង្ហាញផងដែរថា កំហាប់ម៉ូលេគុលទឹកមានត្រឹមតែ៣៤៥ម.ល(១២ounce) ក្នុងបរិយាកាស១ម៉ែត្រគូប។ NASA រកឃើញម៉ូលេគុលទឹកនៅក្រហូងClavius ដែលជាក្រហូងធំបំផុតរបស់ព្រះចន្ទ។
ដោយឡែកអ្នកស្រាវជ្រាវនៅNASA លោកស្រីCasey I. Honniball ក៏បានបញ្ជាក់ដែរថា បើនិយាយឲ្យច្បាស់ទៅ វាមិនមែនជាថ្លុកទឹកឡើយ តែជាម៉ូលេគុលទឹកដែលសាយភាយ និងមិនកកទៅជាដុំទឹកកកឬទៅជាទឹករាវ។ ចំណែកឯការសិក្សាទី២ បង្ហាញថា ទឹកក្នុងទម្រង់ជាទឹកកក ជាប់នៅក្នុងក្រហូងតូចរបស់ព្រះចន្ទជាច្រើនកន្លែង និងមិនមែនមានតែនៅតែផ្នែកងងឹតនិងត្រជាក់របស់ព្រះចន្ទឡើយ។ ការស្វែងរកឃើញទឹកកក នៅផ្ទៃឯទៀតក្រៅតែពីផ្នែកងងឹត និងត្រជាក់ នាំឲ្យអ្នកវិទ្យាសាស្ត្រមានសង្ឃឹមបន្ថែមទៀតក្នុងជីក និងប្រើប្រាស់ទឹកទាំងនោះ។
សូមជម្រាបផងដែរ ត្បិតអីទីកន្លែងងងឹត និងត្រជាក់នៃព្រះចន្ទដែលសម្បូរទៅដោយទឹកកក មានសីតុណ្ហភាពត្រជាក់ខ្លាំងដែលបណ្តាលឲ្យគេពិបាកក្នុងការទាញយកទឹកកកទាំងនោះ មិនតែប៉ុណ្ណោះយានយន្តក៏មិនអាចដំណើរការក្នុងសីតុណ្ហភាពត្រជាក់ខ្លាំងបែបនេះដែរ។
គួរបញ្ជាក់ថា ការអាចទាញយកទឹកមកលើព្រះចន្ទ គឺជារឿងសំខាន់សម្រាប់អវកាសយានិក ត្បិតអីគេអាចកាត់បន្ថយការចំណាយក្នុងការដឹកជញ្ជូនទឹកពីផែនដី ទៅព្រះចន្ទ ជាពិសេសសម្រាប់ប្រទេសដែលមានបំណងសងមូលដ្ឋានរបស់ខ្លួនលើព្រះចន្ទ។បន្ថែមពីនេះ អ្នកអវកាសអាចបំបែកម៉ូលេគុលទឹកជាអុីដ្រូសែន និងអុកស៊ីសែន។ក្នុងន័យនេះ គេអាចយកអុីដ្រូសែនសម្រាប់ជាឥន្ធនៈរបស់រ៉ុក្កែត និងអុកស៊ីសែនសម្រាប់ដកដង្ហើម៕
ដោយ៖ស តារា