ប៉ូលិសបារាំងបានឲ្យដឹងថា យ៉ាងហោចណាស់ក៏មានមនុស្ស៣នាក់ដែរបានស្លាប់ និងរងរបួសជាច្រើននាក់ក្នុងការវាយប្រហារភេរវកម្ម ដោយប្រើកាំបិតនៅទីក្រុងនីលនាថ្ងៃទី២៩ខែតុលាឆ្នាំ២០២០។
សារព័ត៌មាន NBC news បានដកស្រង់ប្រភពព័ត៌មានពីកម្លាំងប៉ូលិសបារាំងដែលបានបញ្ជាក់ថា មានមនុស្ស៣នាក់ស្លាប់និងរងរបួសមួយចំនួនដោយការវាយប្រហារ ។ កម្លាំងប៉ូលិសចាប់បានជនដៃដល់វាយប្រហារខាងលើ ។
នៅលើបណ្តាញសង្គម Twitter អភិបាលក្រុងនីលលោក Christian Estrosi បានឲ្យដឹងថា ការវាយប្រហារដោយកាំបិតកើតឡើងនៅជិតព្រះវិហារ Notre Dame នៅវេលាម៉ោង ៩និង១០នាទីព្រឹក(ម៉ោងក្នុងតំបន់) ហើយប៉ូលិសក៏បានទៅដល់កន្លែងកើតហេតុចាប់បានជនដៃដល់។ លោក Christian Estrosi ចាត់ទុកថានោះជាការវាយប្រហារភេរវកម្ម។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង Gerald Darmanin បានប្រកាសថា លោកបានកោះប្រជុំជាបន្ទាន់ស្តីពីការវាយប្រហារខាងលើ។ លោកបន្តទៀតថា កម្លាំងប៉ូលិសជំនាញបានបើកការស្រាវជ្រាវពីចេតនា វាយប្រហារខាងលើ។
កន្លងមកប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានឲ្យដឹងថា មានស្នូរកាំភ្លើងនៅសង្កាត់Notre-Dame ក្នុងទីក្រុងនីល នៅវេលាម៉ោង៩ព្រឹក។
ការវាយប្រហារថ្មីនេះកើតឡើងក្រោយរយៈពេល១៣ថ្ងៃដែលគ្រូបង្រៀនបារាំងSamuel Paty ត្រូវភេរវករអ៊ិស្លាមមួយរូបអារ.កកាលពីថ្ងៃទី១៦ខែតុលា។ រដ្ឋាភិបាលប្រធានាធិបតី បារាំង លោកម៉ាក្រុង បានចាត់ទុកថាជាការវាយប្រហារក្រុមភេរវកម្ម ៕
ដោយ៖ធី រីណា