ព័ត៌មានទាន់ហេតុការណ៍៖

របបរាជានិយមនៅថៃរងផលប៉ះពាល់ដែរឬទេ បើក្រុមនិស្សិត បាត់បង់ទំនុកចិត្តលើព្រះមហាក្សត្រ

ចែករំលែក៖

ព្រះមហាក្សត្រថៃ ទទួលបានការគោរពស្រឡាញ់យ៉ាងខ្លាំងពីមហាជនថៃ ​ដោយមិនមានពលរដ្ឋណាមួយហានប៉ះពាល់ដល់ព្រះមហាក្សត្រនោះឡើយ អ្នកប៉ះពាល់អាចនឹងត្រូវជាប់ទោស ។ ប៉ុន្តែពេលនេះ ពលរដ្ឋ ភាគច្រើនជាយុវវ័យ ក្រុមនិស្សិត សិស្ស ដែលជាទំពាំងស្នងឬស្សីថៃ បាននាំគ្នាធ្វើបាតុកម្ម ប្រឆាំង រដ្ឋាភិបាល និងព្រះមហាក្សត្រ ថៃ ទាមទារឲ្យកាត់បន្ថយអំណាចរបស់ព្រះមហាក្សត្រ ក្នុងរដ្ឋាភិបាល​។
ក្រៅពីធ្វើបាតុកម្ម ជាច្រើន សប្តាហ៍នាពេលកន្លងមក​​ ពេលនេះក្រុមនិស្សិតថៃ ជាងពាក់កណ្តាលមិនទៅចូលរួម ក្នុងកម្មវិធីចែកសញ្ញាបត្រ ក្រោមអធិបតីរបស់ព្រះមហាក្សត្រ​។ ទាំងនោះបានបង្ហាញយ៉ាងច្បាស់ថារបបរាជានិយមនៅថៃ អាចប្រឈមនិងផលប៉ះពាល់ បើស្ថានភាពនៅតែបែបនេះ នោះ​។
សារព័ត៌មាន CNA នៅថ្ងៃ​ទី៣១ ខែតុលា ឆ្នាំ២០២០បានផ្សាយថា និស្សិតមួយចំនួនធំដែលបានបញ្ចប់ការសិក្សា នៅឯសាកលវិទ្យាល័យ ធម្មាសាត (Thammasat) ដ៏ល្បីល្បាញរបស់ប្រទេសថៃ មិនបានចូលរួម នៅក្នុងពិធីចែកសញ្ញាបត្រ ដែលព្រះមហាក្សត្រថៃព្រះបាទ មហា វិជ្ជរ៉ាឡុងកន (Maha Vajiralongkorn) បានយាងជាព្រះរាជធិបតីដ៏ខ្ពង់ខ្ពស់នោះឡើយ។
ពិធីចែកសញ្ញាបត្ររាល់ឆ្នាំ គឺត្រូវបានចាត់ទុកជាឱកាសដ៏សំខាន់បំផុត ដោយក្រុមនិស្សិតថៃដែលបានបញ្ចប់ការសិក្សា ប៉ុន្តែពេលនេះ គឺខុសប្លែកពីមុន។ បណ្តាញទូរទស្សន៍ថៃ PBS និស្សិតចំនួនពាក់កណ្តាល (៥០%) នៃនិស្សិតបញ្ចប់ការសិក្សា នៅសាកលវិទ្យាល័យធម្មាសាតទាំងអស់ ៩,៦០០នាក់ ត្រូវបានគេជឿជាក់ថា មិនបានចូលរួមពិធីខាងលើនេះឡើយ។រាជវាំងថៃមិនទាន់បានឆ្លើយតបអ្វីឡើយ នៅពេលអ្នកសារព័ត៌មានសុំការបកស្រាយអំពីរឿងនេះ ហើយដោយឡែកគណៈគ្រប់គ្រង នៃសាកលវិទ្យាល័យធម្មាសាតវិញក៏ដូចគ្នាដែរ៕ដោយ៖ធី រីណា


ចែករំលែក៖