ភ្នំពេញ៖ បុរសម្នាក់បើកម៉ូតូសណ្ដោងរុឺម៉កក្នុងល្បឿនលឿនបានជ្រុលទៅបុករថយន្តពីក្រោយពេញទំហឹងបណ្ដាលឲ្យបែកក្បាលស្លាប់នៅនឹងកន្លែង។
ហេតុការណ៍ដ៏រន្ធត់នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង ៦ព្រឹក ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចផ្លូវបេតុង OCIO ស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សាមុន ដារ៉ា អាយុ៣៩ឆ្នាំ មុខរបរកម្មករសិប្បកម្មគុយទាវ នៅសង្កាត់បាក់ខែង មានប្រពន្ធនិងកូន២នាក់ ហើយមានស្រុកកំណើតនៅភូមិ ព្រែកក្របៅ ឃុំព្រែកក្របៅ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាក HINO ប្រភេទដឹកទំនិញ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AR-3793 បើកមកឈប់នៅចំណុចកើតហេតុ ដែលជាចំណុចផ្លូវកោង ដោយរង់ចាំដឹកកម្មករសំណង់ជាច្រើននាក់ទៅធ្វើការ។
ខណៈកំពុងឈប់រង់ចាំកម្មករឡើងលើរថយន្តក៏ស្រាប់តែមានបុរសម្នាក់បើកម៉ូតូសណ្ដោងរុឺម៉កដោយមានដឹកសរសៃគុយទាវ និងរវល់តែឈ្ងោកចុចទូរស័ព្ទមិនបានមើលទៅមុខក៏ជ្រុលទៅបុកពីក្រោយរថយន្តពេញទំហឹងបណ្តាលឲ្យបែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍បានចុះមកវាស់វែងយករថយន្ត និងម៉ូតូសណ្ដោងរុឺម៉កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕ជ្រោយពេជ្រ