ក្រោយរយៈពេល៣ថ្ងៃនៃការរញ្ជួយដីកម្រិត ៧រ៉ិចទ័រ បណ្តាលឲ្យមានអ្នកស្លាប់ជិត១០០នាក់ និងរបួសជិត១០០០នាក់។ នៅពេលនេះ កម្លាំងជួយសង្គ្រោះប្រទេសតួកគី បានជួយ សង្គ្រោះក្មេងស្រីអាយុ៣ឆ្នាំជាប់ក្រោមអគារបាក់បែករយៈពេល ៦៥ម៉ោង។
បណ្តាញទូរទស្សន៍អាមេរិក CNN បានដកស្រង់ប្រភពព័ត៌មានពីប្រទេសតួកគី នៅថ្ងៃទី២ខែវិច្ឆិកា បានឲ្យដឹងថា ក្មេងស្រីអាយុ៣ឆ្នាំត្រូវបានជួយសង្គ្រោះចេញពីគំនរអគារបាក់បែក ក្នុងទីក្រុង Izmir ក្រោយការរញ្ជួយដីនៅថ្ងៃទី ៣០ខែតុលា។
មន្ត្រីសង្គ្រោះតួកគីបានឲ្យដឹងថា ក្មេងស្រីត្រូវបានគេស្គាល់មានឈ្មោះElif Perincek អាយុ៣ឆ្នាំ បានជួយសង្គ្រោះចេញពីគំនរអគារនាថ្ងៃទី២ខែវិច្ឆិកា ក្រោយ៦៥ម៉ោងជាប់គាំងនៅខាងក្នុងនោះ ។ ក្រុមជួយសង្គ្រោះបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាម។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល ប្រទេសតួកគីលោក Fahrettin Koca បានឲ្យដឹងថា ម្តាយបងស្រីពីរនាក់ និងបងប្រុស របស់កុមារី ឈ្មោះElif Perincek បានជួយសង្គ្រោះចេញ មុននោះ ប៉ុន្តែក្នុងចំណោម សមាជិកគ្រួសារមាន ម្នាក់ស្លាប់។
មុនការជួយសង្គ្រោះកុមារីខាងលើប៉ុន្មានម៉ោង ក្រុមជួយសង្គ្រោះក៏ជួយបានក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់ឈ្មោះIdil Sirin ក្រោយជាប់គាំងក្នុងគំនរអគារបាក់បែក ៥៨ម៉ោង៕ដោយ៖ធី រីណា