ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលខេត្តឃាត់ខ្លួនបានហើយជនសង្ស័យដែលចាក់សម្លាប់បុរសម្នាក់កាលពីយប់នៅក្នុងឃុំដូង

ចែករំលែក៖

ខេត្តស្វាយរៀង៖ ជនសង្ស័យដែលបានប្រើហិង្សាចាក់ទៅលើបុរសម្នាក់កាលពីយប់ថ្ងៃទី១ ខែវិច្ឆិកាឆ្នាំ២០២០នោះ ពេលនេះត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលស្រុកសហការជាមួយនគរបាលប៉ុស្តិ៍ធ្វើការឃាត់ខ្លួនបានហើយ។

បើតាមលោកសុំ សំអុល អធិការនគរបាលស្រុករមាសហែកបានឲ្យដឹងនៅរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា ដោយមានការចង្អុលបង្ហាញដឹកនាំរបស់លោកស្នងការនគរបាលខេត្តស្វាយរៀង រូបលោកបានសហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលបានធ្វើការបង្ក្រាបនិងចាប់ខ្លួនជនសង្ស័យបានហើយកាលពីវេលាម៉ោងប្រមាណ៨ព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ស្ថិតនៅភូមិអកមួល ឃុំម្រាម ស្រុករមាសហែកខេត្តស្វាយរៀង។

លោកបន្តថា ជនសង្ស័យមានឈ្មោះឆម តាក់ អាយុ២៦ឆ្នាំ រស់នៅភូមិស្វាយពក ឃុំដូង ស្រុករមាសហែក។ ចំណែកជនរងគ្រោះមានឈ្មោះតូច សាវានអាយុ៤៤ឆ្នាំ មុខរបរកសិករ រស់ក្នុងភូមិស្វាយពក ឃុំដូង ស្រុករមាសហែក។
បច្ចប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុករមាសហែកដើម្បីចាត់ការបន្តតាមច្បាប់។

សូមរំលឹកឡើងវិញថា បុរសម្នាក់បានស្លាប់បន្ទាប់ពីបញ្ជូនបន្តទៅសង្គ្រោះព្យាបាលនៅរាជធានីភ្នំពេញ ខណៈត្រូវជនសង្ស័យរស់នៅក្បែរផ្ទះគ្នាមានជម្លោះជាមួយប្រពន្ធហើយត្រូវបានជនរងគ្រោះស្រែកថាថ្លង់ណាស់រកដេកពួនមិនបានទើបបង្កជាហិង្សាចាក់សម្លាប់ផ្អើលទាំងយប់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៥នាទីយប់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០នៅចំណុចភូមិស្វាយពក ឃុំដូង ស្រុករមាសហែក។

បើតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា បុរសរងគ្រោះមានឈ្មោះតូច សាវាន អាយុ៤៤ឆ្នាំ មុខរបរកសិកររស់ក្នុងភូមិស្វាយពក ឃុំដូង ស្រុករមាសហែក។
ចំណែកជនសង្ស័យដែលរត់គេចខ្លួនមានឈ្មោះ ឆម តាក់ អាយុ២៦ឆ្នាំរស់នៅភូមិឃុំកើតហេតុខាងលើជាមួយជនរងគ្រោះដែរ។

បើតាមសមត្ថកិច្ចបានបញ្ជាក់ថា មុនពេលកើតហេតុបុរសសង្ស័យឈ្មោះឆម តាក់ បានមានជម្លោះទាស់ពាក្យសម្តីជាមួយប្រពន្ធយ៉ាងខ្លាំងរហូតឮសំឡេងរំខានដល់ជនរងគ្រោះដែលនៅផ្ទះក្បែរគ្នាក៏ស្រែកប្រាប់ថា ឈប់ឈ្លោះគ្នាទៅថ្លង់អ្នកជិតខាងណាស់ ទុកឲ្យគេឯងដេកពួនផង ។ខណៈនោះស្រាប់តែជនសង្ស័យខឹងយ៉ាងខ្លាំងក៏លោតផ្លោះរបងចូលទៅក្នុងផ្ទះជនរងគ្រោះដោយបានយកដែកចុងស្រួចចាក់លើជនរងគ្រោះចំនួន៣កន្លែងត្រូវចំពោះ១កន្លែង, ស្មាឆ្វេង១កន្លែងនិងលើត្រចៀកឆ្វេង១កន្លែងបណ្ដាលឱ្យរងរបួសធ្ងន់បង្កការភ្ញាក់ផ្អើលតែម្ដង។
ក្រោយកើតហេតុបុរសជាជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅព្យាបាលនៅមន្ទីរពេទ្យស្រុករមាសហែក តែដោយរបួសធ្ងន់ធ្ងរពេកបានបញ្ជូនទៅមន្ទីរពេទ្យខេត្ដ ប៉ុន្តែត្រូវបានបញ្ជូនបន្តទៅព្យាបាលនៅមន្ទីរពេទ្យរាជធានីភ្នំពេញ ដល់កណ្ដាលផ្លូវក៏បានស្លាប់គួរឱ្យអាសូរ៕

ដោយ៖  យឹម សុថាន


ចែករំលែក៖