ខេត្តបាត់ដំបង៖ ផេកFacebook មួយដែលមានឈ្មោះថា៖ (Battambang 92.70FM) បានបង្ហោះនូវព័ត៌មានមួយ និយាយពីករណីជនសង្ស័យជាយុវជនម្នាក់ និងជាកូនអធិការរងនគរបាលក្រុងបាត់ដំបងគំរាមបាញ់សម្លាប់អ្នកសារព័ត៌មាន បង្កឱ្យមានការងឿងឆ្ងល់ ហេតុអីក៏យុវជននោះជាជនទំនើងក្នុងប្រទេសដែលគ្រប់គ្រងដោយច្បាប់?!
ផេកFacebook មួយដែលមានឈ្មោះថា (Battambang 92.70FM) បានសរសេរថា លោក ឆោម ពិសម័យ ភ្នាក់ងារកោះសន្តិភាពប្រចាំខេត្តបាត់ដំបង បានដាក់ពាក្យបណ្តឹងទៅកាន់ស្នងការនគរបាលខេត្តបន្ទាប់ពីរូបលោករងការគំរាមបាញ់សម្លាប់ពីជនទំនើងដែលជាកូនរបស់លោកអធិការរងក្រុងបាត់ដំបងដោយសារតែរូបលោក តែងតែសរសេររិះគន់ពីភាពអសកម្មនានាក្នុងសង្គមមិនសំចៃដៃនោះបានសម្រេចដាក់ពាក្យបណ្តឹងទៅកាន់ស្នងការនគរបាលខេត្តបាត់ដំបង នារសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ បន្ទាប់ពី អ្នករូបលោកអះអាងថាបានទទួលរងនូវការគំរាមបាញ់សម្លាប់ពីយុវជនមួយរូបដែលគេស្គាល់ថាជាកូនលោកអធិការរងនគរបាលក្រុងបាត់ដំបងម្នាក់ ។
លោក ឆោម ពិសម័យបានឱ្យវិទ្យុជាតិកម្ពុជាចំការចេកខេត្តបាត់ដំបងដឹងថា៖ ការដាក់ពាក្យបណ្តឹងនេះ ដោយសារលោកព្រួយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន បន្ទាប់ពីរងការគំរាមបាញ់ផ្តាច់ផ្តិលជីវិតលោកពីយុវជនម្នាក់ឈ្មោះរ៉ូ ដែលគេស្គាល់ថាជាកូនប្រុសរបស់លោកកាយ វណ្ណធី អធិការរងនគបាលក្រុងបាត់ដំបង ខណៈដែលម្តាយរបស់ខ្លួនកំពុងឡាយ លក់ផលិតផលសិប្បកម្ម តាមបណ្តាញសង្គមកាលពីយប់ថ្ងៃទី០១ខែវិច្ឆិកា ឆ្នាំ២០២០។
ផេកដដែលបន្តថា៖ តាមការមើលវិីដេអូឡាយកាលពីថ្ងៃទី០១ខែវិច្ឆិកាឆ្នាំ ២០២០នោះ យុវជនឈ្មោះរ៉ូ ខាងលើបានដើរចូលមកសួរនាំម្តាយរបស់ខ្លួនដែល កំពុងឡាយលក់គ្រឿងសង្ហារិមអំពីការផ្តល់ព័ត៌មានឱ្យអ្នកកាសែតដែលចុះផ្សាយពីឪពុករបស់ខ្លួន ហើយរូបគេក៏បញ្ចេញកំហឹងថា ៖ (…ចាំមើល អាអ្នកកាសែតហ្នឹងណា ! បើមិនអញបាញ់ក្បាលហ្អែងងាប់ ហាស់ មិនមែនអញអារ៉ូទេ..! ហ្អែងចាំមើល ឱ្យអញដឹងឈ្មោះអាអ្នកកាសែតហ្នឹង ហ្អែងចាំមើល! ..)។
លោក ឆោម ពិសម័យ បានបញ្ជាក់ថាថ្វីបើបុរសនោះមិនបានបញ្ចេញឈ្មោះលោក តែទំនងគេសំដៅមកលើរូបលោកតែម្តង ព្រោះលោកជាអ្នកសរសេរអត្ថបទមួយទាក់ទងនឹងឱពុករបស់គេដែលគំរាមបាញ់សម្លាប់ម្តាយរបស់ខ្លួនច្រើនសា។
សូមបញ្ជាក់ថា លោកឆោម ពិសម័យ ដែលអះអាងថាខ្លួនបានរងការគំរាមបាញ់សម្លាប់នេះ បន្ទាប់ពីលោកសរសេរអត្ថបទមួយចេញផ្សាយកាលពីថ្ងៃទី៣១ ខែ តុលា ឆ្នាំ ២០២០ លើទំព័រកាសែតកោះសន្តិភាព ដាក់ចំណងជើងថា «អធិការរងនគរបាលក្រុងបាត់ដំបងម្នាក់កំពុងភ្នែកស បន្ទាប់ពីអតិីតភរិយាប្តឹងពីបទគំរាមផ្តាច់ជីវិត »។
ខ្លឹមសារអត្ថបទនោះបានបង្ហាញថា អតីតភរិយារបស់លោកកាយ វណ្ណធី អធិការរងនគបាលក្រុងបាត់ដំបងដែលលែងលះគ្នាតាមច្បាប់៣ឆ្នាំមកហើយនោះបានប្តឹងអតីតស្វាមីរបស់ខ្លួនខាងលើថាបានប្រើប្រាស់អំពើហិង្សា និងគំរាមបាញ់សម្លាប់គាត់ជាបន្តបន្ទាប់ ក្រោយពីព្យាយាមសុំជានារស់នៅផ្អែមល្ហែមដូចដើមវិញមិនបានសម្រេច ដោយអតីត ភរិយារបស់ខ្លួនមិនព្រម ។
ទាក់ទងនឹងការប្តឹងរបស់អ្នកកាសែតខាងលើនេះ វិទ្យុជាតិកម្ពុជាចំការចេកមិនទាន់អាចទំនាក់ទំនងសុំការបំភ្លឺពីយុវជនឈ្មោះរ៉ូ បាននោះទេ ។
ទោះបីយ៉ាងណាយុវជនរងការចោទប្រកាន់ខាងលើ ទំនងជារូបគេបានសរសេរលើបណ្តាញសង្គមដែលមានគណនីឈ្មោះ Kay Silnaro ឆ្លើយតបនឹងការចុះផ្សាយពីឪពុករបស់ខ្លួន ដោយ សរសេរថា ៖ (..ព័ត៌មានមិនពិត ខ្ញុំជាកូនសាមីខ្លួនផ្ទាល់ គ្រាន់ជារឿងយល់ច្រឡំទេ មិនមានរឿងអីទាំងអស់ បើចង់ដឹងច្បាស់ទុកឱ្យខ្ញុំជាកូនៗទៅបំភ្លឺផ្ទាល់ គាត់មិនបានយកកាំភ្លើងមកភ្ជង់អីដែរ ចង់ដឹងច្បាស់មកសួរសាច់ញាតិគេមក កុំស្តាប់តែម្ខាង ខ្ញុំអ្នកនៅក្នុងហេតុការណ៍ …)។
លោក វរសេនីយ៍ឯក ឈឿង គឹមសុង ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានថ្លែងតាមទូរស័ព្ទថា ទាក់ទងពាក្យបណ្តឹងខាងលើ លោកកំពុងស្រាវជ្រាវរកអ្នកដែលរងការចោទប្រកាន់ថាបានគំរាមបាញ់អ្នកកាសែតខាងលើ ដើម្បីឈានដល់ការធ្វើដីកាកោះហៅមកសាកសួរ នឹងបន្តចាត់ការតាមនិីតិវិធីច្បាប់ ។
សូមបញ្ជាក់ថា លោក ឆោម ពិសម័យ ភ្នាក់ងារកាសែតកោះសន្តិភាពក៏ធ្លាប់ត្រូវបានទទួលរងការគំរាមកំហែងជាបន្តបន្ទាប់ដែរក្នុងអាជីពជាអ្នកកាសែតក្នុងរយៈពេលជាង១០ឆ្នាំមកនេះ ដោយអ្នកកាសែតរូបនេះតែងតែសរសេររិះគន់ភាពអសកម្មនានាក្នុងសង្គមមិនសំចៃដៃនោះឡើយ ។
ទោះបីមានការគំរាមកំហែងជាបន្តបន្ទាប់រហូតដល់មានការគំរាមផ្តាច់ជំវិតលោកក្តី ក៏លោកឆោមពិសម័យអះអាងថាវាមិនអាចរារាំងឬបន្ទច់បង្អាក់នូវការបំពេញវិជ្ជាជីវៈជាអ្នកកាសែតអាជីពរបស់លោកឡើយ គឺលោកនៅតែបន្តសរសេរអត្ថបទ បង្ហាញពីភាពអសកម្មនានាក្នុងសង្គមបន្តទៀតមិនរាថយឡើយ ។
ពាក់ព័ន្ធករណីខាងលើ អង្គភាព«នគរដ្រេហ្គន» មិនអាចសុំការបំភ្លឺបានទេពីលោកស្នងការនគរបាលខេត្ត នៅព្រលប់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ ថាតើមានចំណាត់ការបែបណាចំពោះជនសង្ស័យ .?៕
ប្រភព៖ (Battambang 92.70FM