ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញចែកអំណោយស្រូវពូជ៥០តោនជូនពលរដ្ឋ៦៦៣គ្រួសារ នៅសង្កាត់៥ក្នុងខណ្ឌដង្កោបន្ទាប់ពីទឹកជំនន់ស្រកអស់

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋចំនួន៦៦៣គ្រួសារ ស្ថិតនៅសង្កាត់ចំនួន៥ គឺសង្កាត់គងនយ, ទៀន, រលួស, ស្ពានថ្ម និងសាក់សំពៅ ក្នុងខណ្ឌដង្កោ បានមកទទួលអំណោយ ជាស្រូវពូជចំនួន៥០តោនពីរដ្ឋបាលរាជ ធានីភ្នំពេញ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកហ៊ួត ប៊ុនណារី រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសាលាខណ្ឌដង្កោ ។
លោក ឃួង ស្រេង បានបញ្ជាក់ថា៖ សម្រាប់បងប្អូនប្រជាពលរដ្ឋដែលទទួលរងនូវការលិចលង់ដោយទឹកជំនន់នៅក្នុងខណ្ឌដង្កោនេះ ត្រូវបានរាជ រដ្ឋាភិបាលយកចិត្តទុកដាក់ណាស់ ពិសេសសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ដែលនៅពេលនេះសម្តេចបានផ្ដល់នូវស្រូវពូជដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋបានបង្កបង្កើនផលឡើងវិញ ។ ក្រោយពីទទួលបាននូវគ្រាប់ពូជនេះហើយ លោកសន្យាលើការផ្គត់ផ្គង់ទឹកថែមទៀត ដើម្បីបង្កបង្កើនផលស្រូវនេះ ដោយលោកបានជំរុញឲ្យអភិបាលខណ្ឌ ដង្កោចាត់ចែងរឿងនេះ ពោលគឺបើបងប្អូនប្រជាពលរដ្ឋខ្វះខាតទឹកក្នុងការបង្កបង្កើនផលស្រូវនិងដំណាំផ្សេងៗ នៅក្នុងមូលដ្ឋានខណ្ឌដង្កោយើងត្រូវចាត់ចែងភ្លាម។
ក្នុងឱកាសនោះដែរ លោក ឃួង ស្រេង ក៏បានណែនាំទៅដល់បងប្អូនប្រជាពលរដ្ឋ រងគ្រោះទាំងអស់ ខណៈបង្កបង្កើនផលដំណាំស្រូវនិងដំណាំរួមផ្សំឡើងវិញគឺត្រូវអនុវត្តទៅតាមលក្ខណៈបច្ចេកទេសរបស់ក្រសួងកសិកម្មឲ្យបានត្រឹមត្រូវដើម្បីឱ្យផលដំណាំទទួលបានទិន្នផលគាប់ប្រសើរ។
លោក ហួត ប៊ុនណារី រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍លើកឡើងថា៖ សម្រាប់រាជធានីភ្នំពេញ ពាក់ព័ន្ធនឹងជំនន់ទឹកភ្លៀងគឺបានធ្វើឲ្យខណ្ឌចំនួន៤ទទួលរងនូវការលិចលង់ ក្នុងនោះសង្កាត់ដែលប៉ះពាល់ធ្ងន់ធ្ងរជាងគេគឺនៅខណ្ឌដង្កោនេះឯង ។ ដើម្បីស្ដារឡើងវិញក្រោយពីទទួលបាននូវស្រូវពូជនេះហើយ សូមបងប្អូនប្រជាពលរដ្ឋបង្កបង្កើនផលឲ្យបានទាន់ពេលវេលាទៅតាមអ្វីដែលអាចធ្វើបាន។
លោកក៏បានបញ្ជាក់ផងដែរថា នៅក្នុងឆ្នាំ២០២០នេះកម្ពុជាពិតជាទទួលរងនូវផលប៉ះពាល់ពីរធំៗ នោះគឺបញ្ហាជំងឺកូវីដ-១៩ និងបញ្ហាទឹកជំនន់ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្ដី កម្ពុជានៅតែមានលទ្ធភាពគ្រប់គ្រាន់ក្នុងការនាំចេញអង្ករទៅក្រៅប្រទេសបានប្រមាណ៥៣ម៉ឺនតោនដែលមានទឹកប្រាក់ប្រមាណ៣៦៦លានដុល្លារ ហើយចំពោះការផ្ដល់ស្រូវពូជនេះយើងបានសម្រិតសម្រាំង ដែលអាចបង្កបង្កើនផលបានទិន្នផលពី៨០ទៅ៨៥ភាគរយ។
លោកស្រី គីម ញឹប អភិបាលខណ្ឌដង្កោបានមានប្រសាសន៍ថា ពូជស្រូវស្រាលដែលចែកជូនប្រជាកសិករនេះមានចំនួន ៥០តោន ស្មើនឹង៦៦៣គ្រួសារមកពីសង្កាត់គងនយ សង្កាត់ទៀន សង្កាត់រលួស សង្កាត់ស្ពានថ្ម និងសង្កាត់សាក់សំពៅ ។
លោកស្រីបន្តថា ចាប់តាំងពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ មកដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ មានភ្លៀងធ្លាក់ខ្លាំងបន្តបន្ទាប់គ្នា បណ្តាលឱ្យទឹកស្ទឹងព្រែកត្នោតក្នុងភូមិសាស្ត្រខណ្ឌដង្កោមានការហក់ឡើងខ្ពស់ ធ្វើឲ្យជន់លិចភូមិចំនួន៤២ភូមិ ក្នុងសង្កាត់ចំនួន១១ ជន់លិចផ្ទះសម្បែងចំនួន៤៩៦៥ខ្នង ស្មើនឹង ៥៥៨៧គ្រួសារ ដែលមានប្រជាពលរដ្ឋចំនួន២៣៥៦០នាក់ រងគ្រោះជំនន់ទឹកស្ទឹងព្រែកត្នោតដោយផ្ទាល់ និងបង្កការខូចខាតដំណាំស្រែចម្ការចំនួន ១០៧៩ ហិកតា សត្វគោសរុបចំនួន ១៤៨៨ ក្បាល និងប៉ះពាល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ចំនួន៥៣ខ្សែ ស្មើនឹង ២០.១៩៥ ម៉ែត្រ សាលារៀនចំនួន១២ទីតាំង វត្តអារាមចំនួន ១០ទីតាំង មណ្ឌលសុខភាព៣ទីតាំង ប៉ុស្តិ៍សុខភាព២ទីតាំង រោងចក្រ១៣ទីតាំង សហគ្រាសធុនតូច និងសិប្បកម្មចំនួន១១ទីតាំង ដែលមានកម្មករសរុប ៥៤១៦នាក់ ស្រី៣៦៤៥នាក់ ក្នុងនោះដែរក៏មានជំនន់ទឹកភ្លៀងបណ្តាលឱ្យភូមិចំនួន១៩ភូមិ ក្នុងសង្កាត់ចំនួន៥ ជន់លិចផ្ទះ១២៧៩ខ្នងផ្ទះស្មើនឹង ១៣២៥ គ្រួសារ ដែលមានប្រជាព័លរដ្ឋចំនួន៦៩១២ នាក់ក្នុងភូមិសាស្ត្រខណ្ឌដង្កោ៕ សំរិត


ចែករំលែក៖