ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញនឹងអនុវត្តវិធានការរដ្ឋបាលនិងវិធានការច្បាប់ ដោយមិនលើកលែងចំពោះអ្នករារាំងឬតវ៉ាទាំងឡាយចំពោះគម្រោងជួសជុល ស្ថានីយបូមទឹកបឹងទំពុនទី១ ខណ្ឌមានជ័យ

ចែករំលែក៖

       ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹងជម្រាបទៅសាធារណជនឲ្យដឹងនៅថ្ងៃទី៤ខែវិច្ឆិកា នេះថា៖ រដ្ឋបាលរាជធានីភ្នំពេញ មានគម្រោងស្តារជួសជុល បុកជញ្ជាំងបេតុង (Sheet-Pile ) ប្រឡាយ និងជួសជុលកែលម្អស្ថានីយបូមទឹកបឹងទំពុន ស្ថិតនៅសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ 

រដ្ឋបាលរាជធានីភ្នំពេញសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ជ្រាបថា ដោយពិនិត្យឃើញ ស្ថានីយបូមទឹកបឹងទំពុនមានសភាពចាស់ទ្រុឌទ្រោម ហើយផ្ទៃអាងស្តុកទឹកបឹងទំពុនតូច និងប្រឡាយគោករាក់យ៉ាងខ្លាំង ដោយសារការចាក់ដីរំលោភកាន់កាប់នោះ រដ្ឋបាលរាជធានីភ្នំពេញបានស្នើសុំគោលការណ៍ពីរាជរដ្ឋាភិបាល ក្នុងការធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពនៃម៉ាស៊ីនបូមទឹក បុកជញ្ជាំងបេតុង (Sheet-Pile) ស្តារជម្រៅអាងស្តុកទឹក និងប្រឡាយដើម្បីកាត់បន្ថយជាអតិបរមានូវការលិចលង់តំបន់ខ្លះនៃខណ្ឌទួលគោក, ខណ្ឌសែនសុខ, ខណ្ឌបឹងកេងកង និងខណ្ឌមានជ័យ។ មុនពេលមានជំនន់ទឹកភ្លៀង ក្រុមការងាររបស់រដ្ឋបាលរាជធានីភ្នំពេញបានចុះអនុវត្តការងារនេះ ប៉ុន្តែមានការរារាំងពីអ្នករំលោភកាន់កាប់ ដោយខ្លះមានបំណងប្រើអំពើហិង្សាមកលើក្រុមការងារ ធ្វើឱ្យអាក់ខានពុំអាចអនុវត្តបានឡើយ។

    នាពេលកន្លងទៅថ្មីៗនេះ នៅពេលដែលរាជធានីភ្នំពេញទទួលរងនូវជំនន់ទឹកភ្លៀងខ្លាំងនោះ ប្រសិនបើរដ្ឋបាល រាជធានីភ្នំពេញចាត់វិធានការមិនទាន់ពេលវេលាក្នុងការយកឡានបូមទឹកខ្នាតធំទៅជួយបូមសង្គ្រោះ ព្រមទាំងយកបាវខ្សាច់ទៅទប់ទឹកកុំឱ្យលិចស្ថានីយបូមទឹកបឹងទំពុនទេនោះ ម្ល៉េះទូបញ្ជាអគ្គិសនីស្ថានីយបូមទឹកនេះត្រូវលិចលង់ បង្កឱ្យផ្ទុះឆេះលែងដំណើរការកើត នាំឱ្យតំបន់មួយចំនួននៃរាជធានីភ្នំពេញត្រូវលិចលង់ត្រាំត្រែងជាច្រើនខែទៀតផង ទម្រាំរដ្ឋបាលរាជធានីភ្នំពេញរកម៉ាស៊ីនបូមទឹកថ្មី និងជួសជុលម៉ូទ័របូមទឹកនៃស្ថានីយបូមទឹកបឹងទំពុននេះ ដើម្បីបូមទឹកបញ្ចេញទៅបឹងជើងឯកឱ្យបានរួចរាល់ឡើងវិញ។

    ដើម្បីដោះស្រាយបញ្ហាខាងលើ ប្រកបដោយចក្ខុវិស័យយូរអង្វែង សំដៅធានាបាននូវប្រសិទ្ធភាពនៃប្រព័ន្ធរំដោះទឹក កាត់បន្ថយការលិចលង់នោះ រដ្ឋបាលរាជធានីភ្នំពេញនឹងដំណើរការកែលម្អហេដ្ឋារចនាសម្ព័ន្ធដូចបានជម្រាបជូនខាងលើក្នុងពេលខាងមុខនេះដ៏ខ្លី។ ទន្ទឹមនឹងនេះ ក្នុងអំឡុងពេលអនុវត្តគម្រោងកែលម្អខាងលើឡើងវិញ រដ្ឋបាលរាជធានីភ្នំពេញនឹងអនុវត្តវិធានការរដ្ឋបាល និងវិធានការច្បាប់ដោយមិនលើកលែងចំពោះអ្នករារាំង ឬតវ៉ាទាំងឡាយ។ ទទួលបានសេចក្តីជូនដំណឹងនេះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌមានជ័យ និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញត្រូវសហការអនុវត្តឱ្យទទួលបានប្រសិទ្ធភាពខ្ពស់ ៕ សំរិត


ចែករំលែក៖