ភ្នំពេញ៖ ផលិតករភាពយន្តល្បីឈ្មោះលោក ហ៊ុយ យ៉ាឡេង បានបញ្ចេញសារដ៏គួរឲ្យចាប់អារម្មណ៍មួយដែលមានប្រយោជន៍ខ្លាំងសម្រាប់សង្គមជាតិ។ សារនោះគឺជាការបំផុសឲ្យប្រជាជនកម្ពុជារួមគ្នាដើម្បីជួយដល់កិច្ចការនានាដល់សង្គមដែលមានឈ្មោះថា “១ម៉ោងដើម្បីសង្គមជាតិ ឬ 1 Hour For The Nation”។
ការតបស្នងទៅកាន់សង្គមវិញគឺជាសកម្មភាពដែលប្រជាជនជាច្រើននៅលើសាកលលោកបានធ្វើដើម្បីចូលរួមអភិវឌ្ឍន៍សង្គមដែលគេរស់នៅប្រកបដោយនិរន្តរភាព និងសម្រាប់អនាគតក្មេងជំនាន់ក្រោយ។ ១ម៉ោងដើម្បីសង្គមជាតិ ជាកម្មវិធីសប្បុរសធម៌មួយដែលមានន័យថា មនុស្សម្នាក់ៗធ្វើការពេញមួយសប្តាហ៍ ក្រៅពីធ្វើការដើម្បីខ្លួនឯងនិងគ្រួសារហើយ គួរចំណាយពេលយ៉ាងហោចណាស់១ម៉ោង ដើម្បីជួយដល់សង្គមជាតិវិញ។ លោក ហ៊ុយ យ៉ាឡេង ចាងហ្វាងផលិតកម្មកថាជ័យបានលើកឡើងថា” គំនិតនេះខ្ញុំគិតយូរហើយតែរង់ចាំអក្សរមានសិនចាំធ្វើ តែដោយសារកូវីដ-១៩ធ្វើអោយខ្ញុំភ្ញាក់ខ្លួនទៅមុខទៀតមិនដឹងមានរឿងអ្វីទាន់គំនិតនៅមានកម្លាំងនៅមានគួរតែធ្វើ”។ លោកបន្តថាលោក ទទួលបានការជម្រុញលើកទឹកចិត្តពីមិត្តលោកម្នាក់ឈ្មោះ ម៉ែន ចនសុន ផងដែរទើបលោកសម្រេចចិត្តធ្វើ តែអាចធ្វើទៅបានគឺត្រូវមានការចូលរួមពីបងប្អូនគ្រប់មជ្ឈដ្ឋានចូលរួមជួយជាកម្លាំងកាយចិត្តនិងថវិកាទើបជោគជ័យបាន ។ទោះជាយ៉ាងណាលោកក៏បានថ្លែងការកោតសរសើរចំពោះសប្បុរសជន និងសកម្មជនលើការងារសង្គមជាច្រើនកន្លងមកដែលបានចូលរួមធ្វើកិច្ចការងារនានា ហើយលោករំពឹងថាពួកគាត់នឹងបន្តធ្វើសកម្មភាពទាំងនេះដើម្បីជាគំរូ និងចំណែកជួយដល់សង្គម ខណៈដែលលោកក៏រំពឹងដែរថា នឹងមានសប្បុរសជន ប្រជាជនកម្ពុជាអាចចូលរួមសកម្មភាពសង្គមទាំងលើផ្នែក សីលធម៌អប់រំ បរិស្ថានសិល្បៈវប្បធម៌ជាដើម។ លោកថាសម្រាប់មហាជនដែលចង់ចូលរួមសូមចូលទៅក្នុងគ្រប់ឆាណែលតេឡេមួយដែលលោកបង្កើតឡើងដើម្បីចូលរួមទាំងអស់គ្នា ។ សម្រាប់ការចូលរួមទស្សនិកជនក៏អាចចុចចូលទៅកាន់ Link នេះផ្ទាល់ https://t.me/NationKH ដែលអាចចូលរួមក្នុងក្រុមបាន ។ សម្រាប់អ្នកដែលមានឆន្ទៈក្នុងការបង្កើតគំនិតចូលរួមចំណែកជួយសង្គមវិញនេះផងដែរក៏អាចទំនាក់ទំនងមកកាន់លោកផ្ទាល់ដើម្បីជជែកគ្នា ឬដើម្បីរួមគ្នាជាមួយសប្បុរសជន និងអ្នកស្ម័គ្រចិត្តដទៃទៀតដើម្បីចូលរួមសកម្មភាពមួយនេះ។
ការចូលរួមជាថវិកាក៏សប្បុរសជនអាចចូលរួមបានតាមរយៈគណនីយធនាគារលោក ហ៊ុយ យ៉ាឡេងផ្ទាល់ ដែលត្រូវបានបង្ហាញលើនេះស្រាប់ផងដែរ។ លោករំពឹងថាប្រជាជនខ្មែរជាច្រើននឹងចូលរួមយុទ្ធនាការមួយនេះដើម្បីចូលរួមចំណែកអភិវឌ្ឍន៍សង្គមដើម្បីទាំងអស់គ្នា និងកូនចៅយើងជំនាន់ក្រោយ៕
ដោយ៖វឌ្ឍនា