ភ្នំពេញ ៖ មានការភ្ញាក់ផ្អេីលមួយបានកេីតឡេីង ខណៈប្រជាពលរដ្ឋដែលទៅដេីរលេងកម្សាន្តនៅខាងក្រោយផ្សារ WB ARENA ជាប់ផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ បានប្រទះឃេីញសាកសពបុរសម្នាក់មានសភាពហេីមអណ្តែតផ្កាប់មុខជាប់ច្រាំងទន្លេ កាលពីវេលាម៉ោង១ និង៥០នាទីរសៀល ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ ។
សាកសពជនរងគ្រោះគេមិនស្គាល់អត្តសញ្ញាណនោះទេ ដែលមានសភាពហេីមស្អុយ ស្លៀកខោខ្មៅជេីងវែង ពាក់អាវ២ជាន់ អាវខាងក្រៅពណ៌ក្រមៅមានអក្សរអង់គ្លេស និងខាងក្នុងពណ៌ខ្មៅលាយខៀវក្រឡាការ៉ូ មានសាក់រូបកាំភ្លេីង និងមានកម្ពស់១,៦៦ម៉ែត្រ។
បេីតាមការបំភ្លឺរបស់ឈ្មោះ យ៉ន រ៉ាន់ ភេទស្រី អាយុ៣៩ឆ្នាំ ជាបុគ្គលិកអនាម័យផ្សារ WB ARENA បានប្រាប់ឲ្យដឹងថា នៅថ្ងៃកេីតហេតុវេលាម៉ោង១ និង៥០នាទី រូបគាត់កំពុងរៀបចំសម្អាតបន្ទប់ទឹកនៅក្នុងផ្សារ ស្រាប់តែមានមនុស្សទៅចោមរោមមេីលនៅច្រាំងទន្លេសាប(ខាងក្រោយផ្សារ) ពេលនោះរូបគាត់បានដើរទៅមេីលដែរក៏ឃេីញសពមនុស្សប្រុសម្នាក់មិនស្គាល់អត្តសញ្ញាណអណ្ដែតទឹកទន្លេ(ជាប់ក្បែរច្រាំង)រួចក៏រាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាលចាក់អង្រែក្រោមតែម្ដង ។
តាមការពិនិត្យរបស់គ្រូពេទ្យកោសល្យវិច័យរាជធានីភ្នំពេញ និងការពិនិត្យរបស់មន្ត្រីការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងការប្រមូលព័ត៌មាននៅក្បែរកន្លែងកេីតហេតុ បានសន្និដ្ឋានថា ពិតជាករណីស្លាប់ដោយសារលង់ទឹកប្រាកដមែន ៕
ដោយ៖ ភារ៉ា ដង្កោ