ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានបឋម៖ បុរសម្នាក់នាំមិត្តស្រីចូលដេកក្នុងផ្ទះសំណាក់ លុះពេលជិតភ្លឺបាត់ម៉ូតូដែលផ្ញើសន្តិសុខក្នុងផ្ទះសំណាក់នោះ

ចែករំលែក៖

ភ្នុំពេញ៖ បុរសម្នាក់រួមទាំងមិត្តស្រីរបស់គាត់បាននាំគ្នាមកដេកក្នុងផ្ទះសំណាក់មួយកន្លែងដែលមានយីហោ «ផ្ទះយើង» ស្ថិតនៅតាមបណ្តោយផ្លូវលេខ៥១៦ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ពេលពួកគេចេញមកយកម៉ូតូវិញស្រាប់តែបាត់ម៉ូតូដែលផ្ញើសន្តិសុខក្នុងផ្ទះសំណាក់នោះ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៥១៦ ត្រង់ចំណុចផ្ទះសំណាក់ដែលមានយីហោ «ផ្ទះយើង» ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីបុរសដែលជាជនរងគ្រោះបានប្រាប់ឱ្យដឹងថា កាលពីយប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ ជាថ្ងៃប្រារព្ធពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ រូបគាត់ជាមួយមិត្តស្រីរបស់គាត់បានជិះម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម C125 ស៊េរីឆ្នាំ2019 ពាក់ស្លាកលេខ ពោធិ៍សាត់ 1J-1124 បានមកគេងក្នុងផ្ទះសំណាក់ឈ្មោះផ្ទះយើង ចំណែកម៉ូតូផ្ញើនៅសន្តិសុខផ្ទះសំណាក់ នោះ តែនៅវេលាម៉ោង៤ទៀបភ្លឺ ពួកគាត់ចេញមកយកម៉ូតូក៏បាត់ម៉ូតូគាត់។បន្ទាប់មកគាត់ក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៏បឹងកក់ទី១ ។

ជនរងគ្រោះបានបញ្ជាក់ទៀតថា នៅថ្ងៃកើតហេតុខាងម្ចាស់ផ្ទះបាន ដោះស្រាយជាមួយគាត់ថា ចាំដល់ថ្ងៃទី២ ចាំដោះស្រាយសងសំណងដែលបាត់ម៉ូតូ តែលុះដល់ថ្ងៃទី៤ ខែវិថ្ជិកា ឆ្នាំ២០២០ ម្ចាស់ផ្ទះបែរជាមិនដោះស្រាយនិងមិនទទួលខុសត្រូវទៅវិញ ទើបជនរងគ្រោះចេញមុខបកស្រាយជាសាធារណៈចំពោះមុខអ្នកសារព័ត៌មានដើម្បីឱ្យម្ចាស់ផ្ទះសំណាក់ចេញមុខដោះស្រាយ។

សូមបញ្ជាក់ថា ពេលនេះជនរងគ្រោះមិនទាន់ទទួលបានដំណោះស្រាយណាមួយពីខាងម្ចាស់ផ្ទះសំណាក់នោះទេ ដោយកម្លាំងសមត្ថកិច្ចកំពុងដោះស្រាយរឿងពួកគាត់ទាំងពីរ រួមទាំងស៊ើបរកជនសង្ស័យដែលលួចម៉ូតូផងដែរ៕ដោយ៖រ៉ារ៉ា


ចែករំលែក៖