ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ វង្ស ពិសេន នាំយកអាវរងាដែលជាអំណោយសម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទៅចែកជូនដល់កងកម្លាំងកងរាជអាវុធហត្ថ

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បាននាំយកអាវរងាដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទៅចែកជូនដល់កងកម្លាំងកងរាជអាវុធហត្ថ។ ពិធីចែកជូនអាវរងាបានធ្វើឡើងនៅវិទ្យាស្ថានកងរាជអាវុធហត្ថ(កំបូល) ដោយមានការអមដំណើរពីថ្នាក់ដឹកនាំ មេបញ្ជាការ មេបញ្ជាការរង ចំណុះអគ្គបញ្ជាការដ្ឋានមួយចំនួនផងដែរ។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងក្នុងពេលចែកអាវរងានោះថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ តែងយកចិត្តទុកដាក់ទៅលើសុខទុក្ខ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានលះបង់កម្លាំងកាយចិត្ត ដើម្បីការពារជាតិ ការពារសន្តិភាព និង រក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម។ នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការបានបន្តថា ឈរលើស្មារតីនៃការយកចិត្តទុកដាក់នេះ សម្តេចតេជោ បានចាត់តាំងថ្នាក់ដឹកនាំក្នុងកងយោធពលខេមរភូមិន្ទ ចុះជួបពិនិត្យការរស់នៅរបស់កងទ័ពគ្រប់ទីកន្លែង ហើយនៅពេលរដូវរងា និងរដូវភ្លៀងជិតឈានមកដល់ម្តងៗ សម្តេចតេជោ ហ៊ុន សែន បានផ្តល់អាវរងា និង អាវភ្លៀងដល់កងកម្លាំងបានទាន់ពេលវេលា។

ជាមួយនោះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានលើកឡើងពីតម្លៃសន្តិភាព ដែលកំពុងកើតមាននៅលើទឹកដីកម្ពុជាបច្ចុប្បន្ន គឺរកបានដោយលំបាក និង មានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ជាតិ និងប្រជាជន។ ក្នុងន័យនេះ នាយឧត្តមសេនីយ៍ បានអំពាវនាវដល់កងកម្លាំងទាំងអស់ត្រូវរួមគ្នាការពារសន្តិភាពឲ្យបានដាច់ខាត ទោះត្រូវលះបង់ក្នុងតម្លៃណាក៍ដោយ។

នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ ក្នុងនាមសម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់កងកម្លាំងទាំងអស់ ដែលកន្លងមក បានខិតខំប្រកបដោយមនសិការ និងការទទួលខុសត្រូវខ្ពស់ ក្នុងការការពាររាជរដ្ឋាភិបាលស្របច្បាប់ និងបង្រ្កាបបានទាន់ពេលវេលាទង្វើក្បត់ទាំងឡាយរបស់ពួកអគតិ ដោយរក្សាបាននូវសុខសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់សង្គម និងសេចក្តីសុខសាន្តរបស់ប្រជាជន។

បន្ថែមលើនេះ នាយឧត្ដមសេនីយ៍ ក៏បានថ្លែងគុណដល់កងកម្លាំងទាំងអស់អស់ដែលបានចូលរួមក្នុងការងារជួយសង្រ្គោះប្រជាពលរដ្ឋពីគ្រោះមហន្តរាយដោយជំនន់ទឹកភ្លៀងនាពេលកន្លងមកថ្មីៗនេះ តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និង អគ្គបញ្ជាការ ដោយ នាយឧត្ដមសេនីយ៍ បានផ្តាំផ្ញើបន្ថែមដល់កងកម្លាំង ត្រូវបន្តយកចិត្តទុកដាក់ចុះជួយប្រជាពលរដ្ឋក្នុងការងារដកស្ទូង និងប្រមូលផលជាដើម៕

ដោយ៖ សិលា


ចែករំលែក៖