ព័ត៌មានទាន់ហេតុការណ៍៖

មនុស្ស៤នាក់ស្លាប់ និងម្នាក់របួស ក្នុងការបាញ់ប្រហារចំថ្ងៃបោះឆ្នោតនៅរដ្ឋ Nevada របស់អាមេរិក

ចែករំលែក៖

អន្តរជាតិ៖ បើតាមសារព័ត៌មានចិនស៊ីនហួ នៅរសៀលថ្ងៃពុធ ទី០៤ ខែវិច្ឆកាឆ្នាំ២០២០នេះ បានចុះផ្សាយថា៖ មានករណីផ្ទុះអាវុធក្នុងការវាយប្រហារមួយរវាងក្រុមជនសង្ស័យ ជាមួយប៉ូលីស នៅព្រឹកថ្ងៃអង្គារទី៣ ខែវិច្ឆិកា(ម៉ោងនៅភាគខាងលិចអាមេរិក) នៅក្នុងទីក្រុងហិនដឺសុន (Henderson) រដ្ឋណេវ៉ាដា (Nevada) សហរដ្ឋអាមេរិក បានធ្វើឲ្យមនុស្សយ៉ាងហោចណាស់ ០៤នាក់បានស្លាប់ និងម្នាក់ទៀតបានរងរបួស។

យោងតាមសេចក្តីរាយការណ៍ពីកាសែតក្នុងស្រុក ឡាសវេហ្គាស (Las Vegas Review-Journal) បាននិយាយថា ប៉ូលីសបានទទួលទូរស័ព្ទនៅម៉ោងប្រហែល ១១និង០០ព្រឹកពីពលរដ្ឋដែលរស់នៅក្នុងអគារផ្ទះល្វែងមួយរាយការណ៍ថា ពួកគេបានលឺសំឡេងកាំភ្លើង ហើយបានប្រទះឃើញមនុស្សម្នាក់នៅមាត់ទ្វារក្បែរនោះ ដែលទំនងដូចត្រូវបានគេបាញ់។ ភ្លាមៗនោះ ប៉ូលីសបានទៅដល់កន្លែងកើតហេតុ និងបានរកឃើញអ្នករងរបួស០២នាក់ដោយគ្រាប់កាំភ្លើង ហើយជនសង្ស័យទំនងដូចជានៅក្នុងឡានក្បែរនោះ។

ដោយឡែក លោក ចេសុន គូហ្ស៊ីក (Jason Kuzik) មេបញ្ជាការប៉ូលិសប្រចាំទីក្រុង Henderson ក៏បានគូសបញ្ជាក់ថា មានមនុស្ស ០៥នាក់ដែលជាប់ពាក់ព័ន្ធទៅនឹងឧប្បត្តិហេតុខាងលើ ក្នុងនោះ ០៤នាក់បានស្លាប់ រួមទាំងជនសង្ស័យដែលត្រូវបានបាញ់សម្លាប់ដោយប៉ូលីសផងដែរ។

ជាក់ស្តែងក្នុងស្ថានភាពរបស់អ្នករងរបួស នៅតែមិនទាន់ដឹងច្បាស់នៅឡើយទេ ខណៈប៉ូលីសគ្រោងនឹងចេញសេចក្តីថ្លែងការណ៍មួយនៅពេលក្រោយបន្ទាប់ពីការស៊ើបអង្កេតជុំវិញរឿងនេះ៕

ដោយ៖ស តារា


ចែករំលែក៖