ព័ត៌មានទាន់ហេតុការណ៍៖

អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកកំពង់ត្រឡាច នាំយកគ្រឿងឧបភោគបរិភោគទៅចូលរួមបុណ្យសពស្រ្តីម្នាក់ ស្លាប់ដោយសារក្រឡាប់ទូក

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកកំពង់ត្រឡាច កាលពីថ្ងៃអង្គារ ៣ រោច ខែកត្តិក ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ២០២០ បាននាំយកគ្រឿងឧបភោគបរិភោគទៅចូលរួមបុណ្យសពលោកស្រី វ៉ែន លី ភេទស្រីអាយុ ៤៧ ឆ្នាំ ស្លាប់ដោយសារលង់ទឹកបឹង (ក្រឡាប់ទូកត្នោត) នៅភូមិវត្តថ្មី ឃុំតាជេស ខេត្តកំពង់ឆ្នាំង។

ក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ មន្ត្រីប្រចាំការអនុសាខា បានពាំនាំការសួរសុខទុក្ខពី លោកប្រធានគណៈកម្មាធិការអនុសាខា លោក អម សុភា ប្រធានប្រធានគណៈកម្មាធិការសាខា លោក ឈួរ ច័ន្ទឌឿន ប្រធានកិត្តិយសសាខា និងជាពិសេសប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតក្នុងក្ដីសោកស្ដាយឥតគណនា ចំពោះក្រុមគ្រួសារសពដែលបាត់បង់ សមាជិកគ្រួសារជាទីស្រលាញ់។

ជាមួយគ្នានេះដែរ លោកក៏បានបួងសួងដល់វត្ថុសក្តិសិទ្ធិក្នុងលោក និងតេជះបារមី នៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ សូមជួយបីបាច់តាមថែរក្សាដល់ដួងវិញ្ញាណក្ខន្ធនៃសព សូមទៅកាន់សុគតិភពជានិរន្តរ៍តរៀងទៅ ។ ក្នុងនោះផងដែរ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្ដាំផ្ញើឲ្យប្រជាពលរដ្ឋទាំងអស់ គិតគូរថែទាំសុខភាពអោយបានល្អ ដោយរស់នៅត្រូវមានអនាម័យ ពិសាទឹកដាំឆ្អិន និងបរិភោគអាហាររូបត្ថម្ភអោយបានត្រឹមត្រូវ ព្រមទាំងកម្ចាត់មូសខ្លាតាមរយ:ការរៀបចំសម្ភារក្នុងផ្ទះអោយមានសណ្ដាប់ធ្នាប់ ធ្វើយ៉ាងណាអោយមានពន្លឺចាំងចូលក្នុងផ្ទះបានល្អ លុបបំបាត់ថ្លុក សំបកកំប៉ុង សំបកកង់ កាប់ឆ្ការព្រៃស៊ុបទ្រុបជុំវិញផ្ទះអោយបានស្អាត មិនតែប៉ុណ្ណោះ រាល់ការធ្វើដំណើរទៅទីណាកន្លែងណា ទោះជិតឬឆ្ងាយ សូមមានការប្រុងប្រយ័ត្នអោយបានខ្ពស់ដើម្បីជៀសវាងពីការគ្រោះថ្នាក់ផ្សេង ។

ដោយឡែកអំណោយក្នុងនោះរួមមាន៖ អង្ករ ៣០ គីឡូ ,មី ១កេស ,ទឹកត្រី ១ យួរ ,ទឹកស៊ីអ៊ីវ ១យួរ ,ត្រីខ ១យួរ និងថវិកា ១០០ ០០០រៀល ៕ដោយ៖ស តារា


ចែករំលែក៖