ភ្នំពេញ៖ នៅរសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបង្ហោះលើ Facebook ផ្លូវការថា៖ គោរពជូនបងប្អូនជនរួមជាតិ ជាទីគោរពស្រឡាញ់!បន្ទាប់ពីទទួលបានព័ត៌មានថារដ្ឋមន្ត្រីក្រសួងការបរទេសនិងពាណិជ្ជកម្មហុងគ្រីដែលមកទស្សនៈកិច្ចនៅកម្ពុជានៅថ្ងៃទី៣វិច្ឆិកា២០២០ ម្សិលមុិញមានវិជ្ជមានកូវីដ១៩ ដែលរកឃើញនៅប្រទេសថៃបន្ទាប់ពីគាត់ចាកចេញ ពីកម្ពុជា។
ថ្ងៃនេះក្រុមគ្រូពេទ្យកម្ពុជាបានប្រញាប់ប្រញាល់ប្រមូលអ្នកមានទំនាក់ ទំនងទាំងអស់ដើម្បីយកសំណាកទៅធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រ។
សម្តេចបញ្ជាក់ថា៖ ដោយឡែកនៅផ្ទះខ្ញុំមានរូបខ្ញុំនិងភរិយា ក្រុមអង្គរក្ស អ្នកបើកបរសរុប១៨នាក់លទ្ធផលនៃការធ្វើតេស្តបញ្ជាក់ថា អវិជ្ជមានទាំងអស់មិនមានអ្នកណាឆ្លងជំងឺកូវីដ១៩នោះទេ។
សម្តេចមានប្រសាសន៍បន្តថា៖ ទោះបីខ្ញុំមិនមានឆ្លងកូវីដ១៩ក្តីតែដើម្បី សុវត្ថិភាពទាំងអស់គ្នាគ្រូពេទ្យតម្រូវ ឱ្យខ្ញុំរស់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ សូម្បីតែភរិយា កូន និងចៅ ក៏មិនអាចជួបបានដែរ។
សម្តេចថ្លែងថា៖ ទួលព្រះបង្គំសូមព្រះរាជទានទោសពីអង្គ ព្រះមហាក្សត្រនិងហ្លួងម៉ែដែលទួលព្រះ បង្គំមិនអាចដង្ហែរព្រះអង្គយាងមកពីសាធារណរដ្ឋប្រជាមានិតចិននិងដង្ហែរព្រះអង្គប្រារព្ធពិធីបុណ្យឯករាជ្យជាតិ៩វិច្ឆិកាបាន។
សម្តេចសូមអភ័យទោសពីបងប្អូនជនរួមជាតិនៅ ខេត្តពោធិសាត់ បាត់ដំបងនិងបន្ទាយមាន ជ័យដែលខ្ញុំមិនអាចចូលរួមចែកស្រូវពូជ និងជំនួយសង្រ្គោះបានដែលខ្ញុំនឹងចាត់តំណាងទៅចែកជំនួស។
សូមលើកពេលថ្ងៃបើកការដ្ឋានសាងសង់ផ្លូវ៣៨ខ្សែនៅខេត្តសៀមរាបដែលគ្រោងធ្វើនៅថ្ងៃ ១៦វិច្ឆិកា២០២០ទៅពេលក្រោយវិញ។
សម្តេច សូមអធ្យាស្រ័យពីសំណាក់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាននិងដៃគូពាក់ព័ន្ធ ទាំងអស់ដែលខ្ញុំមិនអាចចូលរួមប្រជុំបានដែលខ្ញុំនឹងចាត់តំណាងចូលរួមពីថ្ងៃ១២ដល់ថ្ងៃ១៥វិច្ឆិកា២០២០ខាងមុខនេះ។
ទោះត្រូវអាក់ខានចេញពីផ្ទះដែលជាការតម្រូវរបស់គ្រូពេទ្យក្នុងការធ្វើចត្តាឡីស័ក១៤ថ្ងៃតែខ្ញុំនៅតែបំពេញការងារដោយពិនិត្យសម្រេចនិងចុះហត្ថលេខាលើឯកសារនានារបស់រាជរដ្ឋាភិបាលបានដដែល។
សមាជិករាជរដ្ឋាភិបាល អភិបាលខេត្តនិងមេបញ្ជាការកងកម្លាំង
ប្រដាប់អាវុធនៅតែអាចរាយការណ៏ឬ សុំយោបល់ខ្ញុំបានដដែល។
ខ្ញុំនៅតែអាចហាត់ប្រាណរាប់ទាំងវាយកូន គោលនៅក្នុងបរិវេណផ្ទះបានដដែលគ្រាន់តែមិនឱ្យមនុស្សដទៃមកជិតប៉ុណ្ណោះ។
នេះជាវិធីដែលល្អបំផុតដើម្បីសុវត្ថិភាព និងសុខភាពទាំងអស់គ្នា។ ខ្ញុំសូមអរគុណចំពោះបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសដែលបារម្ភពីសុខភាពខ្ញុំនិងជូនពរដល់ខ្ញុំ៕
ដោយ៖សុខខេមរា