ភ្នំពេញ៖ នៅយប់ថ្ងៃទី ៤ ខែវិច្ឆិកានេះ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសឲ្យគ្រឹះស្ថានសិក្សា ដែលមានបុគ្គលិក សិស្ស និងនិស្សិត បានជួបផ្ទាល់នឹងប្រមុខការទូតហុងគ្រី ត្រូវផ្អាកការសិក្សា ប៉ុន្តែត្រូវបន្តបង្រៀន និងរៀនតាមប្រព័ន្ធអនឡាញ។ បើតាមលិខិតរបស់ក្រសួង បុគ្គលិកអប់រំ និងសិស្សនិស្សិតទាំងនោះ ត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃទៀតផង។
សូមជម្រាបថា៖ រដ្ឋាភិបាល បានសម្រេចឱ្យ ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ដែលបានជួបប្រាស្រ័យផ្ទាល់ជាមួយ ប្រតិភូប្រមុខការទូតហុងគ្រី ត្រូវធ្វើចត្តាឡីស័កតាមការកំណត់របស់ក្រសួងសុខាភិបាល។ ជាមួយគ្នានេះ សម្ដេច ហ៊ុន សែន បានប្រកាសនៅក្នុងហ្វេសប៊ុករបស់សម្ដេចនៅយប់ថ្ងៃនេះថា សម្ដេចនឹងដាក់ខ្លួននៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ក្រោយបានជួប រដ្ឋមន្ត្រីការបរទេសហុងគ្រី។ រីឯ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន និងលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក ក៏បានប្រកាសចាប់ផ្ដើមធ្វើចត្តាឡីស័កផងដែរ។
បើយោងតាមលិខិតប្រកាសព័ត៌មានរបស់ក្រសួងអប់រំបានបញ្ជាក់ថា ៖ សាស្ត្រាចារ្យ បុគ្គលិកអប់រំ និងសិស្សនិស្សិត ដែលបានជួបផ្ទាល់នឹងរដ្ឋមន្ត្រីការបរទេសហុងគ្រី ដែលទើបរកឃើញកូវីដ-១៩ ត្រូវរាយការណ៍មកក្រសួងអប់រំតាមរយៈលេខទូរសព្ទ ០១២ ៣៣ ៥៩៩៩ នៅត្រឹមថ្ងៃទី៥ខែវិច្ឆិកានេះ។
បន្តថា៖ ចំពោះគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា បុគ្គលិកអប់រំ សិស្សនិស្សិត មាតាបិតានិងអាណាព្យាបាល នៅតាមគ្រឹះស្ថាននោះ ត្រូវប្រុងប្រយ័ត្នឱ្យខ្ពស់បំផុត និងត្រូវតាមដានសុខភាពផ្ទាល់ខ្លួន ហើយក្នុងករណីសង្ស័យ ត្រូវទាក់ទងទៅទូរសព្ទទាន់ហេតុការណ៍របស់ក្រសួងសុខាភិបាល៕
ដោយ៖ សិលា