ភ្នំពេញ៖ សមត្ថកិច្ចបញ្ជូនខ្លួនបុរសម្នាក់ទៅតុលាការ ករណីចេញសែក ៥៣.០៥០ដុល្លារ អត់សាច់ប្រាក់ កាលពីថ្ងៃទី៤ ខែវិច្ឆិកាម្សិលមុិញ។ បន្ទាប់ពីមន្ត្រីនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ នៅថ្ងៃទី២ ខែ វិច្ឆិកា ឆ្នាំ២០២០ បានឃាត់ខ្លួនបុរសម្នាក់នោះ ឈ្មោះ សុត ឡុង ពីបទចេញ មូលប្បទានប័ត្រអត់សាច់ប្រាក់ ។
ជនសង្ស័យ ឈ្មោះ សុត ឡុង បានពឹងជនរងគ្រោះអោយជួយរកខ្ចីប្រាក់គេចំនួនជាង ៥៣.០៥០ ដុល្លារ និងបានចេញ មូលប្បទានប័ត្រមួយសន្លឹកដេីម្បីធានាសងជនរងគ្រោះ ។ លុះដល់ថ្ងៃកំណត់ត្រូវសងលុយជនរងគ្រោះ បានយកមូលប្បទានប័ត្រដែលមានតម្លៃ ៥៣.០៥០ ដុល្លារ ទៅធនាគារបេីកលុយ ខាងធនាគារ បញ្ជាក់ថា មូលប្បទានប័ត្រនេះគ្មានសាច់ប្រាក់ទេ ។ ហេតុនេះហើយទើបជនរងគ្រោះប្ដឹងសមត្ថកិច្ចអោយចាត់ការតាមច្បាប់ ឈានដល់ឃាត់ខ្លួន។
សមត្ថកិច្ចបង្ហើបថា ៖ នៅព្រឹកថ្ងៃទី ៤ ខែ វិច្ឆិកា ឆ្នាំ ២០២០ ម្សិលមុិញ សមត្ថកិច្ចបញ្ជូនខ្លួនឈ្មោះ សុត ឡុង ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ក្នុងបទល្មើសព្រហ្មទណ្ឌនេះ ៕
ដោយ៖ សិលា