ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ២គ្រឿងបុកគ្នា ស្លាប់ម្នាក់របួសស្រាលម្នាក់នៅស្រុករលាប្អៀរ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ បន្ទាប់ពីបានជិះម៉ូតូរបស់ខ្លួនក្នុងល្បឿនលឿនជែងរថយន្តជ្រុលទៅបុកម៉ូតូដូចគ្នា ក្នុងទិសដៅផ្ទុយគ្នា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៥និង៥០នាទីព្រឹកថ្ងៃទី៥ ខែវិច្ឆិកាឆ្នាំ២០២០ នៅតាមផ្លូវកៅស៊ូ ស្ថិតក្នុងភូមិសន្ទូច ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះនៅក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍នេះ ម្នាក់ ឈ្មោះ ឌួង សុខា ភេទប្រុស អាយុ ៥៤ឆ្នាំ រស់នៅភូមិត្រោកកើត ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង (ស្លាប់នៅនឹងកន្លែងកើតហេតុ) និងម្នាក់ទៀតឈ្មោះ សេង ភារៈ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិស្មែត ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ។
សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះ ជិះម៉ូតូម៉ាកហុងដាសេ១២៥ ពាក់ស្លាកលេខ១H-៥៥៦២បើកពីទិសខាងកើតទៅលិច ពេលមកដល់ចំណុចកើតហេតុជនរងគ្រោះបានបន្ថែមល្បឿន វ៉ាជែងរថយន្តមួយគ្រឿងដែលនៅពីមុខ ពេលដែលវ៉ាជែងបានជ្រុលទៅចំណែកផ្លូវម្ខាងទៀត បណ្តាលបុកម៉ូតូមួយគ្រឿងទៀតម៉ាក់ហុងដាសេ១២៥ពាក់ស្លាកលេខ កំពង់ឆ្នាំង ១J-៤១១៨ បើកបរដោយឈ្មោះ សេង ភារៈ ដែលកំពុងធ្វើដំណើរច្រាស់ទិសគ្នា ក៏បណ្តាលឲ្យជនរងគ្រោះដួលបោកនឹងថ្នល់ស្លាប់ភ្លាមតែម្តង ។
ក្រោយពេលកើតហេតុ សពជនរងគ្រោះត្រូវបានប្រគល់ឲ្យក្រុមគ្រួសារ ចំណែកអ្នករងរបួសបានដឹកមកសង្រ្គោះនៅមន្ទីរពេទ្យ ចំណែកមធ្យោបាយបង្ករយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករលាប្អៀរ ដើម្បីដោះស្រាយតាមនីតិវិធី ៕ ចន្ថា


ចែករំលែក៖