ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបង្ហោះលើ Facebook ផ្លូវការ នៅព្រលប់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា៖ ចាប់តាំងពីពេលយកសំណាក ទៅពិនិត្យនៅម៉ោង១២ថ្ងៃ៤វិច្ឆិកាមក ដល់ពេលនេះខ្ញុំបានធ្វើចត្តាឡីស័កជាង៣០ ម៉ោងរួចមកហើយ។
គ្មានអ្វីប្លែកក្នុងខ្លួនទាល់តែសោះ បាយបាន សម្រាកលក់ ពិនិត្យរបាយការណ៍ពិនិត្យសម្រេចលើសំណើរបស់ក្រសួងស្ថាប័ននិងចុះហត្ថលេខាលើឯកសារនានាដូចពេលមុនៗដែរ។
សម្តេចបន្តថា៖ អ្វីដែលប្លែកគឺខ្ញុំនិងប្រពន្ធចែកបន្ទប់គ្នាដេក មិនហ៊ានប៉ះពាល់គ្នាដូចកាលពីនៅ កម្លោះក្រមុំ។
ចំណែកអ្នកបំរើត្រូវពាក់ម៉ាស់ពាក់ស្រោមជើងស្រោមដៃតាមការ
ណែនាំរបស់គ្រូពេទ្យ។
សម្រាប់ករណីខ្ញុំនិងភរិយានិងអ្នកពាក់ព័ន្ធត្រូវយកសំណាកធ្វើតេស្តរហូត៤ដង។
លើកទី១ថ្ងៃទី៤វិច្ឆិកាម្សិលមិញ លើកទី២នឹងត្រូវធ្វើនៅថ្ងៃ៩វិច្ឆិកា លើកទី៣នឹងត្រូវធ្វើនៅថ្ងៃ១៤វិច្ឆិកានិងលើកទី៤ដែលជាលើកចុងក្រោយគឺនឹងត្រូវធ្វើនៅថ្ងៃទី១៨វិច្ឆិកា២០២០។
ប្រសិនការធ្វើតេស្ត៣លើកខាងមុខមិនមានវិជ្ជមានកូវីដ១៩ទាំងខ្ញុំនិងភរិយាក៏ដូចជាអ្នកនៅជាមួយ១៨នាក់ផ្សេងទៀតខ្ញុំនឹងចេញពីការរស់នៅដាច់ដោយឡែកនៅថ្ងៃទី១៩ឬថ្ងៃ២០វិច្ឆិកាដែលពេល
នោះសុំកូនៗនាំចៅៗមកដឹកដៃម៉ែចូលបន្ទប់ពុកវិញ។
បទពិសោធន៍ទប់ស្កាត់កូវីដ១៩មិនឱ្យឆ្លងចូលសហគមន៍រយះពេលជាង១០ខែកន្លងមកមួយផ្នែកធំបានមកពីវិធានការធ្វើចត្តាឡីស័កក្រោមការដឹកនាំរបស់ក្រសួងសុខាភិបាលនិងការអនុវត្តន៍ដ៍ល្អ
ពីបុគ្គលដែលត្រូវធ្វើចត្តាឡីស័កដែលយើងត្រូវបន្តធ្វើកិច្ចការនេះបន្តទៀតរាប់ទាំងរូបខ្ញុំនិងភរិយាផងដែរ។
ការពារប្រសើរជាងព្យាបាល យើងត្រូវរួមគ្នាទប់ស្កាត់កុំឱ្យកូវីដឆ្លងចូលក្នុងខ្លួនយើង ចូលក្នុងគ្រួសារយើង ចូលក្នុងសហគមន៍យើងនិងក្នុងប្រទេសយើង។
សម្តេចសូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខសេចក្តីចំរើន៕
ដោយ៖ សុខ ខេមរា