ព័ត៌មានទាន់ហេតុការណ៍៖

លាង ឧត្តម ថាមហាជនអាចស្អប់បុគ្គលសិល្បៈបានប៉ុន្តែកុំស្អប់សិល្បៈ

ចែករំលែក៖

      ភ្នំពេញ៖ មួយរយៈចុងក្រោយនេះលេចចេញមតិចម្រូងចម្រាសច្រើនជុំវិញពីការបែងចែករវាងបុគ្គលដែលល្បីឈ្មោះតាមបណ្តាញសង្គម និងអ្នកសិល្បៈអាជីពរហូតលេចចេញការរិះគន់និងជេរប្រមាថខ្លាំងលើពួកគេផងដែរ។

ស្របពេលដែលស្ថានភាពនៃវិស័យសិល្បៈបច្ចុប្បន្នគឺមានទាំងការរីកចម្រើន និងធ្លាក់ចុះខណៈដែលសកម្មភាព និងការប្រកបរបរវិជ្ជាជីវៈក្នុងវិស័យនេះកំពុងមានភាពច្របូកច្របល់ និងក្រោយពីការរីករាលដាលជាសកលនៃជំងឺកូវីដ-១៩ ដែលបានជះឥទ្ធិពលដល់វិស័យមួយនេះ។

ទោះជាយ៉ាងណា តារាសម្តែងលាង ឧត្តមស្នើឲ្យមហាជនជួយគាំទ្រវិស័យសិល្បៈគ្រប់ទម្រង់និងសុំកុំស្អប់សិល្បៈ។ លោកថាមានហេតុផលចម្បងមួយចំនួនដែលធ្វើឲ្យស្ថានភាពទីផ្សារសម្តែងរបស់សិល្បករមានការធ្លាក់ចុះ ដូចជាដោយសារការរីករាលដាលជាសាកលនៃជំងឺកូវីដ-១៩ដែលធ្វើឲ្យគម្រោងថតភាពយន្តមួយចំនួនជាប់គាំងផ្អាកការថត។  លោកថាដោយសារមុននេះជាការឈានដល់រដូវវស្សាដែលពិបាកក្នុងការថតនៅខាងក្រៅក៏ជាមូលហេតុនៅពីក្រោយការស្ងប់ស្ងាត់ទីផ្សារសម្រាប់លោក និងសិល្បករមួយចំនួនដែរ។ លោកបន្តថាហេតុផលចម្បងមួយចំនួនដែលនាំឲ្យជះឥទ្ធិពលដល់ផ្នែកសេដ្ឋកិច្ចរបស់ក្រុមហ៊ុនមួយចំនួនក៏បានបន្តធ្វើឲ្យអ្នកសិល្បៈបាត់បង់ការងារទៅតាមនោះផងដែរ។ លោកថាជាក្តីកង្វល់សម្រាប់សិល្បករជាច្រើន ទើបមានអ្នកខ្លះងាកមកចាប់មុខរបរថ្មីបន្ថែមដើម្បីទប់ទល់នឹងការបាត់បង់ការងារសម្តែង។ លោកលើកឡើងដែរថា ក្នុងសង្គមសិល្បៈក៏មានបញ្ហារកាំរកូសខ្លះដែលនាំឲ្យលោកផ្លាស់ប្តូរចិត្តចង់ងាកទៅចាប់មុខជំនួញថ្មីបន្ថែមទៀត។ លោកថាបច្ចុប្បន្នទស្សនិកជនមួយចំនួនងាកមកចាប់អារម្មណ៍លើតារាថ្មីលើបណ្តាញសង្គមច្រើន ពិសេសអ្នកលេង TikTok ជាដើម ខណៈអ្នកដែលមានសមត្ថភាពសិល្បៈពិតប្រាកដបែជាមិនទទួលបានការចាប់អារម្មណ៍។សម្រាប់លោកគឺមានចិត្តស្រលាញ់ចូលចិត្តបើទោះបីជាពួកគាត់ជាអ្នកណាមានប្រភពមកពីណាហើយសំខាន់គឺសមត្ថភាពពិតប្រាកដ និងដើរទៅមុខជាមួយគ្នា។ លោកក៏មិនបានច្រណែនអ្វីនឹងពួកគាត់ទេ ប៉ុន្តែលោកស្នើឲ្យទស្សនិកជនមានការបែងចែកឲ្យច្បាស់រវាងអ្នកសិល្បៈ និងតារាហ្វេសប៊ុក ឬ Tik Tok នោះ។ លោកក៏ស្នើឲ្យមហាជនកុំស្អប់សិល្បៈ គឺអាចស្អប់បុគ្គលសិល្បៈបាន ប្រសិនបើបុគ្គលនោះបានប្រព្រឹត្តិអំពើមិនគប្បីទៅលើមហាជនឬសង្គមនោះ

ដោយ៖ វឌ្ឍនា


ចែករំលែក៖