ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុនបន្ទាប់ពីបានប៉ះពាល់ផ្ទាល់ជាមួយរដ្ឋមន្រ្តីការបរទេសហុងគ្រីដែលបានរកឃើញជំងឺឆ្លងCOVID-19នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកានេះ បានបញ្ចេញរូបភាពមួយសន្លឹកគឺលោក និងភរិយា បាននឹងកំពុងហាត់ប្រាណ ដែលលោកថាជាភារកិច្ចត្រូវបំពេញប្រចាំថ្ងៃ ក្នុងអំឡុងពេលធ្វើចត្តាឡីស័ក។
លោករដ្ឋមន្រ្តីក្រសួងកសិកម្មរូបនេះ បានសរសេរនៅលើទំព័រហ្វេសប៊ុកយ៉ាងដូច្នេះថា៖«យើងខ្ញុំទាំងពីរនាក់ ត្រូវចូលបន្ទុមក្នុងផ្ទះ រយៈពេល១៤ថ្ងៃ តាមវិធានការរបស់ក្រសួងសុខាភិបាល ទន្ទឹមនឹងនេះខ្ញុំសូមអភ័យទោសចំពោះការលុបចោលកម្មវិធីជាច្រើនដែលត្រូវចុះមូលដ្ឋានតាមបណ្តាខេត្ត ដែលយើងខ្ញុំបានសន្យាកន្លងមក។ ប៉ុន្តែអ្វីដែលជាភាកិច្ចរបស់ខ្ញុំដែលត្រូវបំពេញជាប្រចាំរាល់ថ្ងៃនេះ នៅតែបំពេញគឺការហាត់ប្រាណ ការត្រួតពិនិត្យឯកសារនិងការសម្រេចទៅលើរាល់ឯកសារនានាតាមសមត្ថកិច្ចទទួលខុសត្រូវរបស់ខ្ញុំ ដែលប្រមុខរាជរដ្ឋាភិបាលបានប្រគល់ជូន»។
ដោយឡែកនៅថ្ងៃទី៦ ខែវិច្ឆិកានេះដែរ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងសារពិសេសមួយដោយអំពាវនាវអំពីវិធានការធ្វើចត្តាឡីស័ក ចំពោះអ្នកពាក់ព័ន្ធទាំងអស់ជាមួយដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេស ហុងគ្រី មកកម្ពុជានាពេលថ្មីៗនេះ។
ជាមួយសារអំពាវនាវនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងអំពីការធ្វើចត្តាឡីស័កដ៏ច្បាស់លាស់របស់សម្តេចផងដែរ៕
ដោយ៖ស តារា