ព័ត៌មានទាន់ហេតុការណ៍៖

កាប់ប្លន់ស្រ្តីម្នាក់យកគ្រឿងអលង្ការនៅស្រុកអង្គស្នួលចាប់បាននៅខណ្ឌកំបូល

ចែករំលែក៖

ខេត្តកណ្ដាល+រាជធានីភ្នំពេញ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពកាប់និងវាយទៅលើស្រ្តីម្នាក់បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងររហូតដល់សន្លប់ស្ដូកស្ដឹងប្លន់យកគ្រឿងអលង្ការ។ បន្ទាប់មកជនសង្ស័យជាចោរប្លន់នេះបានព្យាយាមលូនគេចខ្លួនកាត់ស្រូវហើយត្រូវបានប្រជាពលរដ្ឋនិងកម្លាំងប្រជាការពាររកឃើញចាប់បានរួចព្រួតវាយបណ្ដាលឲ្យរងរបួសស្ទើរស្លាប់ស្ទើររស់។

ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៦និង១០នាទីព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចវាលស្រែក្នុងភូមិរកាធំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ហើយរហូតមកដល់វេលាម៉ោង៩៖៥០នាទីព្រឹកថ្ងៃដដែលទើបតាមរកជនសង្ស័យឃើញនិងចាប់ខ្លួននៅត្រង់ចំណុចវាលស្រែក្នុងភូមិថ្មដា  សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ស្រ្តីរងគ្រោះឈ្មោះជិន ស្រីតូច អាយុប្រហែល៣០ឆ្នាំ មានទីលំនៅភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ រងរបួសក្បាលធ្ងន់ធ្ងរកំពុងសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ ហើយសម្ភារដែលបាត់បង់មានខ្សែក ចិញ្ចៀន ខ្សែដៃ ក្រវិលមាស សរុបជាង១តម្លឹង។

ចំណែកជនសង្ស័យមានអាយុប្រមាណ៤០ឆ្នាំ សម្បុរខ្មៅ សក់ខ្មៅ ស្លៀកខោខូវប៊យជើងខ្លីពណ៌ខៀវ ពាក់ អាវយឺតដៃខ្លីពណ៌ខ្មៅមានសរសេរអក្សរអង់គ្លេសថា«Rakuten» ប្រដាប់ដោយពូថៅដៃ១និងពិលពាក់ក្បាល១។

ប្រភពដដែលបានបន្តឲ្យដឹងទៀតថា នៅមុនពេលកើតហេតុស្រ្តីរងគ្រោះបានទៅមើលទឹកស្រែស្ថិតនៅឯវាលស្រែត្រពាំងវែង ក្នុងភូមិរកាធំ  ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ដោយនាងបានពាក់គ្រឿងអលង្ការខាងលើទៅជាមួយផង ហើយបានជួបជនសង្ស័យកំពុងស្ថិតនៅទីនោះដែរ។ដោយឃើញស្រ្តីរងគ្រោះមានតែម្នាក់ឯងហើយមានពាក់គ្រឿងអលង្ការទៀតនោះជនសង្ស័យក៏បានធ្វើសកម្មភាពកាប់និងវាយប្លន់តែម្ដង បណ្ដាលឲ្យនាងរងរបួសធ្ងន់ធ្ងរសន្លប់បាត់ស្មារតី រួចហើយជននេះបានគេចខ្លួនបាត់ស្រមោលទៅ។

ប្រភពខាងលើបានបន្តទៀតថា ពេលមានអំពើប្លន់នោះគ្មាននរណាបានដឹងទេព្រោះចំពេលស្ងាត់ ប៉ុន្តែ១ម៉ោងក្រោយមកស្រ្តីរងគ្រោះបានដឹងខ្លួនឡើងវិញហើយបានដើរទាំងត្រដរនិងស្រែកឲ្យគេជួយបង្កឲ្យមានការភ្ញាក់ផ្អើលទើបកម្លាំងប្រជាការពារសង្កាត់បឹងធំ ខណ្ឌកំបូលដែលស្ថិតនៅជិតនោះស្រែកប្រកាសតាមវិទ្យុទាក់ទង ហើយកម្លាំងប្រជាការពារសង្កាត់កន្ទោក ខណ្ឌកំបូលក៏បានចេញជួយស្ទាក់រកជនសង្ស័យដោយមានប្រជាពលរដ្ឋជាច្រើនជួយតាមរកដែរ។បន្ទាប់មកបានរុករកតាមស្នាមដែលជនសង្ស័យលូនកាត់ស្រូវរហូតដល់វេលាម៉ោង៩និង៤៥នាទីព្រឹកថ្ងៃដដែល ទើបប្រទះឃើញជនសង្ស័យនៅចំណុចភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ក៏ចាប់ខ្លួនបាន ហើយប្រជាពលរដ្ឋបាននាំគ្នាព្រួតវាយរហូតដល់សន្លប់បាត់ស្មារតីតែម្ដង។ បន្ទាប់មកទើបនគរបាលទៅដល់ឆែករកមើលមិនឃើញមានគ្រឿងអលង្ការនៅជាប់ខ្លួនទេីបយកជនសង្ស័យទៅសង្គ្រោះនៅមន្ទីរពេទ្យសិន៕

ដោយ​៖សុខាសែនជ័យ​


ចែករំលែក៖