ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋមកពីទំនប់តាមាន់ (ទំនប់ឡាយ ងី) ផ្លូវយាយបាវ បានព្រមទទួលយកដីដែលរដ្ឋបាលរាជធានីភ្នំពេញរៀបចំជូន

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋចំនួន៨៥គ្រួសារ ក្នុងចំណោមប្រជាពលរដ្ឋចំនួន១០៨គ្រួសារ មកពីទំនប់តាមាន់ (ទំនប់ឡាយ ងី) ផ្លូវយាយបាវ បានព្រមទទួលយកដីដែលរដ្ឋបាលរាជធានីភ្នំពេញរៀបចំជូន ដែលមានទំហំ ៤.២ម x ១៨ម សម្រាប់ពួកគាត់សាងសង់លំនៅដ្ឋានរស់នៅស្របច្បាប់ ស្ថិតក្នុងភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលទាំងនេះគឺជាការខិតខំរួមគ្នាពីថ្នាក់លើរហូតមកដល់ថ្នាក់ក្រោម។

បងប្អូនប្រជាពលរដ្ឋទាំងអស់មកពីទំនប់តាមាន់ (ទំនប់ឡាយ ងី) ផ្លូវយាយបាវ និងរស់នៅក្នុងបឹងសំរោង សង្កាត់សំរោង និងសង្កាត់ព្រែកព្នៅ ដែលជាកន្លែងរស់នៅមិនរៀបរយឲ្យមករស់នៅកន្លែងជាក់លាក់វិញសូមបងប្អូនថែរក្សាឲ្យបានល្អ ទាំងនេះគឺជាកាលើកឡើងរបស់លោកសុខ សម្បត្តិ អភិបាលនៃគណអភិបាលខណ្ឌព្រែកព្នៅ តំណាងលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងពិធីចាប់ឆ្នោតយកដីឡូត៍ទំហំ៤.២ម x ១៨ម ដែលបានរៀបចំផ្លូវ ទឹក ភ្លើង រួចជាស្រេចហើយនោះ។

លោកបន្តថា ទាំងនេះគឺជាការយកចិត្តទុកដាក់ខ្ពស់ចំពោះ សុខទុក្ខរបស់បងប្អូន ប្រជាពលរដ្ឋដែលមករស់នៅលើដីសាធារណៈរបស់រដ្ឋ ហើយទទួលរងនូវផលពាល់ពីការរៀបចំផ្លូវថ្មើរជើង ជុំវិញផ្ទៃបឹងសំរោងដើម្បីរក្សាការពារបឹងនេះ ទុកជាសម្បត្តិសាធារណៈរបស់រដ្ឋ ស្ថិតនៅក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

លោកអភិបាលខណ្ឌព្រែកព្នៅ បានបញ្ជាក់ទៀតថា ក្នុងចំណោមប្រជាពលរដ្ឋចំនួន១០៨គ្រួសារ មានប្រជាពលរដ្ឋចំនួន៨៥គ្រួសារបានយល់ព្រម និងឯកភាពតាមការរៀបចំរបស់រដ្ឋបាលរាជធានីភ្នំពេញ ហើយបានអញ្ជើញមកធ្វើការចាប់ឆ្នោតយកលេខរៀងដីឡូត៍នាពេលនេះ។ ប៉ុន្តែមានប្រជាពលរដ្ឋចំនួន២៨គ្រួសារទៀតមិនទាន់ឯកភាពនៅឡើយ ដូច្នេះរដ្ឋបាលខណ្ឌនិងខិតខំធ្វើការសម្របសម្រួលជាមួយពួកគាត់បន្តទៀត។

ក្នុងនោះផងដែរលោកអភិបាលខណ្ឌ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកឃួង ស្រេង អភិបាលនៃគណអភិបាលរាជធានីភ្នំពេញ ដែលលោកតែងតែខិតខំធ្វើយ៉ាងណាដើម្បីជួយសម្រួលដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ដែលជួបប្រទះនូវការលំបាក និងចូលរួមចំណែកយ៉ាងសកម្ម ទាំងកម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញា ស្មារតី និងថវិកា ប្រកបដោយការទទួលខុសត្រូវខ្ពស់ ធ្វើឲ្យការងារទទួលបានលទ្ធផលល្អគួរជាទីមោទនៈ៕

ដោយ ៖ ព្រែកសំរោង


ចែករំលែក៖