ភ្នំពេញ៖ សំណុំរឿងព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងស្ត្រីជនសង្ស័យ២នាក់ នាំចូល រក្សាទុក លក់ ចែកចាយ ផលិតផលម៉ាក Pedro ក្លែងក្លាយ ដោយគ្មានការអនុញ្ញាពីក្រុមហ៊ុនដើមបណ្តឹង ដែលជាម្ចាស់សិទ្ធិស្របច្បាប់ ហើយដែលខុសទៅនឹងច្បាប់ស្តីពីម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួត ប្រជែងមិនស្មោះត្រង់ មាត្រា១១ មាត្រា៦៤ នោះ ត្រូវបានគេទម្លាយឱ្យដឹងថា ខាងសមត្ថកិច្ចលេខាធិការដ្ឋាន គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានបញ្ជូនមកតុលាការហើយ បន្ទាប់ពីមន្ត្រីនគរបាលយុត្តិធម៌កោះហៅ២ដង មិនព្រមចូលខ្លួន ។
សូមរម្លឹកថា៖ យោងតាមពាក្យបណ្តឹង ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ របស់លោក ថាត់ វ៉ៃប្រធានក្រុមហ៊ុន M.W METROPOLITAN INTERNATIONAL BRAND Co., Ltd ដែលទទួលបានសិទ្ធិស្របច្បាប់ផ្តាច់មុខ ពីក្រុមហ៊ុននៅប្រទេសសាំងហ្គាពួរ ហើយចំពោះករណីប្ដឹងនេះ មិនមែនតែក្រុមហ៊ុននៅក្នុងស្រុកខ្មែរប៉ុណ្ណោះទេ សូម្បីតែក្រុមហ៊ុននៅប្រទេសសាំងហ្គាពួរក៏បានចូលរួមប្ដឹងក្នុងករណីនេះដែរ។ គឺនៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ១៤និង១៥ នាទីរសៀល សមត្ថកិច្ចលេខាធិការដ្ឋាន គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានសហការជាមួយតំណាងក្រុមហ៊ុនដើមបណ្តឹង នៃ និងអាជ្ញាធរមូលដ្ឋាន ក្រោមការសម្របសម្រួលនីតិវិធីពីលោក ម៉ុត តារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ ចុះធ្វើការឆែកឆេរត្រួតពិនិត្យជាក់ស្តែងពាក់ព័ន្ធករណីលក់ ចែកចាយ ផលិតផលម៉ាក Pedro ក្លែងក្លាយ នៅចំណុច ផ្ទះលេខ A១៧ ផ្លូវ១០៣ សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដែលមានម្ចាស់ឈ្មោះ ឈុន ស៊ុនជារ៉ាត់ ភេទ ស្រី អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ ជាអ្នកលក់តាម Online ដែលមានផេកឈ្មោះ (Jinee Shop)។ ។ ក្រោយការត្រួតពិនិត្យឆែកឆេរជាក់ស្តែង សមត្ថកិច្ចចម្រុះបានរកឃើញសម្ភារវត្ថុតាង ផលិតផលម៉ាកPedro ក្លែងក្លាយ ដូចខាងក្រោម ៖
១-ស្បែកជើងជំពាមម៉ាក Pedro មានចំនួន៣៧គូរ
២-ស្បែកជើងស៊កម៉ាក Pedro ចំនួន ៧២គូរ
៣-កាបូបដៃម៉ាក Pedro ចំនួន ១៤០ កាបូប
៤-ខ្សែក្រវ៉ាត់ Pedro ចំនួន៣៨គូរ
៥-មួកម៉ាក Pedro ចំនួន១០មួក
៦-ប្រអប់ក្រដាសដាក់កាបូប ចំនួន ៨០ប្រអប់
៧-ប្រអប់ក្រដាសច្រកស្បែកជើងម៉ាក Pedro ចំនួន ១៥០គូរ
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា៖ ឈ្មោះ ឈុន ស៊ុនជារ៉ាត់ ដែលជាអ្នកលក់តាមOnline បានបំភ្លឺប្រាប់សមត្ថកិច្ចថា ៖ វត្ថុតាងខាងលើអ្នកស្រី ទិញពីតូបលេខC2.២២១ , C2.២២២ ជាន់ទី២ ក្នុងផ្សារអូឡាំពិក និងកន្លែងផ្សេងៗទៀត យកមកលក់បន្ត ។
លុះនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ១៣និង៣០នាទី ដោយមានការឯកភាពលោក ម៉ុត តារ៉ា ព្រះរាជអាជ្ញារង សមត្ថកិច្ចលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានសហការជាមួយក្រុមហ៊ុនដើមបណ្តឹង និងគណៈកម្មាការគ្រប់គ្រងផ្សារអូរឡាំពិក ចុះធ្វើការត្រួតពិនិត្យ ជាក់ស្ដែងទីតាំងតូបខាងលើ (តូបលេខC2.២២១ , C2.២២២ ជាន់ទី២ ក្នុងផ្សារអូឡាំពិក) ដែលមានម្ចាស់ឈ្មោះ សេង សុគន្ធា ភេទស្រី អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ។ ក្រោយការ ត្រួតពិនិត្យជាក់ស្តែង សមត្ថកិច្ចចម្រុះបានរកឃើញផលិតផលម៉ាក Pedro ក្លែងក្លាយ ( ខ្សែក្រវ៉ាត់ កាបូបលុយវែង និងខ្លី ) សរុបចំនួន ១០៩៦ គីឡូក្រាម ។
អ្នកស្រី ឈិត ទៀង ដែលជាតំណាងក្រុមហ៊ុនដើមបណ្តឹង បានបញ្ជាក់ប្រាប់សមត្ថកិច្ចចម្រុះថា៖ វត្ថុតាងដែលសមត្ថកិច្ចបានរកឃើញ គឺជាផលិតផលម៉ាក Pedro ក្លែងក្លាយ ។
សមត្ថកិច្ចបានបន្តថា៖ លោកព្រះរាជអាជ្ញារង បានសម្រេចឲ្យដកហូត វត្ថុតាងទាំងអស់ខាងលើជាបណ្តោះអាសន្ន យកទៅរក្សាទុកនៅគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក) និងកំណត់ឲ្យម្ចាស់ ទីតាំងឈ្មោះ សេង សុគន្ធា ទៅបំភ្លឺ នៅគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ វេលាម៉ោង ១០:០០ នាទីព្រឹក នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ ដើម្បីបន្តនីតិវិធី ។
ប្រភពពីសមត្ថកិច្ចបង្ហើបថា៖ ផ្អែកលើលទ្ធផលស្រាវជ្រាវ និងស្រង់ចម្លើយ ពីឈ្មោះ សេង សុគន្ធា បានឆ្លើយបំភ្លឺថា វត្ថុតាងផលិតផលម៉ាក Pedro ដែលសមត្ថកិច្ចបានរកឃើញ គឺខ្លួននាំចូលពីប្រទេសវៀតណាម និងប្រទេសចិន តាមរយៈក្រុហ៊ុនដឹកជញ្ជូនមួយ តែពុំស្គាល់ឈ្មោះក្រុមហ៊ុន រួចហើយទូទាត់លុយឲ្យគេដោយមានវិក័យបត្រសរសេរជាភាសាចិន ហើយខ្លួនចាប់ផ្តើមនាំផលិតផលម៉ាក Pedro នេះមកលក់រយៈពេល ០៣ខែមកហើយ មានដូចជា កាបូបលុយ ក្បាលខ្សែក្រវ៉ាត់ និងខ្សែក្រវ៉ាត់។
តាមការស្រាវជ្រាវ និងតាមការត្រួតពិនិត្យរបស់សមត្ថកិច្ចឃើញថា ឈ្មោះ សេង សុគន្ធា ពុំមាន ឯកសារពាក់ព័ន្ធទៅនឹងទំនិញរបស់ខ្លួន (ផលិតផលម៉ាក Pedro ក្លែងក្លាយ) ដើម្បីបង្ហាញដល់ សមត្ថកិច្ចនោះទេ ហើយនៅពេលសមត្ថកិច្ចធ្វើការកោះចំនួន ០២លើក ដើម្បីចូលឆ្លើយបំភ្លឺបន្ថែម ឈ្មោះ សេង សុគន្ធា ក៏ពុំបានចូលខ្លួនតាមការកោះហៅផងដែរ។
សមត្ថកិច្ចចាត់ទុកថា៖ ទី១-ឈ្មោះ សេង សុគន្ធា ភេទស្រី អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ពិតជាបាន នាំចូល រក្សាទុក លក់ ចែកចាយ ផលិតផលម៉ាក Pedro ក្លែងក្លាយ ដោយគ្មានការអនុញ្ញាពីក្រុមហ៊ុនដើមបណ្តឹង ដែលជាម្ចាស់សិទ្ធិស្របច្បាប់ ហើយដែលខុសទៅនឹងច្បាប់ស្តីពីម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួត ប្រជែងមិនស្មោះត្រង់ មាត្រា១១ មាត្រា៦៤ ។
ទី២-ឈ្មោះ ឈុន ស៊ុនជារ៉ាត់ ភេទស្រី អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ជាអ្នកទិញ ផលិតផលម៉ាក Pedro ក្លែងក្លាយ បន្តពីឈ្មោះ សេង សុគន្ធា និងពីកន្លែងផ្សេងៗ ដែលខុសទៅនឹង ច្បាប់ស្តីពីម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ មាត្រា១១ មាត្រា៦៤ ផងដែរ។
អ្នកច្បាប់បានលើកឡើងថា៖ នេះជាបទល្មើសដែលតម្រូវឱ្យមានការផ្តន្ទាទោស កាលណាមន្ត្រីនគរបាលយុត្តិធម៍បញ្ជូនសំណុំរឿងមកកាន់អយ្យការ មានភ័ស្តុតាងគ្រប់គ្រាន់ ហើយជនសង្ស័យសារភាពទៀតនោះ គឺតំណាងអយ្យការអាចនឹងធ្វើការចោទប្រកាន់បាន។ ពិសេសនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ប្រកាសថា មិនលើកលែងចំពោះអ្នកនាំចូលនិងអ្នកចែកចាយផលិតផលក្លែងក្លាយឡើយ ក្នុងខណៈលោករដ្ឋមន្ត្រីអញ្ជើញជាអធិបតីដុតកម្ទេចចោលផលិតផលក្លែងក្លាយរាប់រយតោននោះ។
ប្រភពគួរឱ្យជឿទុកចិត្តបង្ហើបថា៖ ស្ត្រី២នាក់ នាំចូល ទិញ លក់ ចែកចាយ ផលិតផលម៉ាក Pedro ក្លែងក្លាយខាងលើ ត្រូវបានតំណាងអយ្យការកោះហៅឱ្យចូលខ្លួនហើយ ប៉ុន្តែគេមិនបញ្ជាក់ថា ត្រូវចូលខ្លួននៅថ្ងៃណា ឬពេលវេលាណានោះទេ។
សម្រាបជូនថា៖ អាជីវករ ដែលកំពុងលក់ទំនិញ ក្លែងក្លាយម៉ាក Pedro និងម៉ាក CHARLES & KEITH តាមទីផ្សារអនឡាញ និងតាមទីផ្សារនានា គួរយល់ដឹងនិងមានការប្រុងប្រយ័ត្ន ខណៈជនសង្ស័យ២រូបហើយត្រូវតុលាការកោះហៅចាត់វិធានការ ហើយខាងសមត្ថកិច្ចលេខាធិការដ្ឋាន គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក៏បន្តបង្ក្រាបទៅលើជនខិលខូចលួចលក់ផលិតផលក្លែងក្លាយទាំងនោះ៕
ដោយ៖ សុខ ខេមរា