ភ្នំពេញ៖ លោក សុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ បានដឹកនាំមន្រ្តីរដ្ឋបាលខណ្ឌចូលរួមយុទ្ធនាការផ្សព្វផ្សាយការពារជម្ងឺកូវីដ-១៩ នៅសាលាខណ្ឌព្រែកព្នៅ និងបន្តផ្សព្វផ្សាយតាមម៉ូតូកង់បី តាមបណ្តាសង្កាត់ទាំង៥ តាមផ្សារ និងទីប្រជុំជនក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០។
បន្ទាប់ពីមើលឃើញថា ប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ហាក់ធ្លាក់ដៃក្នុងការការពារជំងឺកូវីដ-១៩នោះ សាលារាជធានីភ្នំពេញ បានធ្វើពិធីផ្សព្វផ្សាយអំពីការការពារចំពោះជំងឺកូវីដ-១៩ ដែលខណ្ឌនៅក្នុងក្រុងជួបជុំគ្នានៅកោះពេជ្រ រួចដង្ហែទៅតាមបណ្តាខណ្ឌ និងសង្កាត់រៀងៗខ្លួន ចំណែកខណ្ឌព្រែកព្នៅ ក៏ដូចជាខណ្ឌនៅជាយក្រុងដទៃទៀតប្រារព្ធពិធីនៅតាមសាលាខណ្ឌរួចដង្ហែតាមម៉ូតូកង់៣ទៅតាមភូមិសង្កាត់។
ក្នុងឱកាសនោះលោកសុខ សម្បត្តិ បានលើកឡើងថា យើងត្រូវណែនាំឲ្យប្រជាពលរដ្ឋក្នុងសហគមន៍ក៏ដូចជាក្នុងមូលដ្ឋានលាងដៃឲ្យបានញឹកញាប់ ពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាព បើមានការសង្ស័យត្រូវទាក់ទងទៅក្រសួងសុខាភិបាលភ្លាម។ លោកបន្តថា កន្លងមកនេះក្រោមការដឹកនាំរបស់សម្តេចតេជោ បញ្ហាប្រយុទ្ធប្រឆាំងកូវីដ-១៩ យើងទទួលបានជោគជ័យជាខ្លាំងដែលមិនទាន់មានប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយជំងឺដ៏កាចសាហាវនេះនៅឡើយនោះទេ។ ប៉ុន្តែប្រជាពលរដ្ឋយើងត្រូវយកចិត្តទុកដាក់បន្តទៀត ព្រោះកូវីដ-១៩ មិនទាន់ស្ងប់ស្ងាត់នៅឡើយ។
គួបញ្ជាក់ថា ក្នុងកម្មវិធីយុទ្ធនាការនេះបន្ទាប់ពីជួបជុំគ្នានៅសាលាខណ្ឌហើយ បានធ្វើពិធីដង្ហែទៅតាមបណ្តាសាមីសង្កាត់ទាំង៥ ដោយបានបន្តការចាក់មេក្រូផ្សព្វផ្សាយ តាមរយៈម៉ូតូកង់បីចល័ត បិត និងចែកខិតប័ណ្ណអប់រំផ្សេងៗទាក់ទងនឹងការបង្ការការពារជំងឺកូវីដ-១៩ នៅតាមមូលដ្ឋានទីប្រជុំជន ផ្សារ និងសហគមន៍នានាផងដែរ៕
ដោយ៖ ព្រែកសំរោង