ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចក្រឡាហោម ស ខេង អញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៧ នៃទិវាឯករាជ្យជាតិ

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមនាយកដ្ឋានព័ត៌មានវិទ្យាបានអោយដឹងថា៖ នៅព្រឹកថ្ងៃចន្ទទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ នាវិមានឯករាជ្យ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំមន្រ្តីរាជការស៊ីវិល និងនគរបាលជាតិ នៃក្រសួងមហាផ្ទៃ អញ្ជើញចូលរួមអបអរសាទរទិវាបុណ្យឯករាជ្យជាតិ លើកទី៦៧ (៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២០) ក្រោមព្រះរាជធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងពិធីបុណ្យឯករាជ្យជាតិនេះ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ស្ដេចយាងប្រទានភ្លើងជ័យដែលនឹងត្រូវរក្សាទុករយៈពេល៣ថ្ងៃ រហូតដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០។

សម្រាប់ពិធីដ៏មហាឱឡារិកនេះ ក៏មានការអញ្ជើញចូលរួមដោយសម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចចៅហ្វាវាំងវរវៀងជ័យ អធិបតីស្រីង្គារ គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ ព្រមទាំង មន្ដ្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលជាច្រើនរូបទៀតផងដែរ។

គួររំលឹកដែរថា ថ្ងៃទី៩ វិច្ឆិកានេះជាថ្ងៃប្រវត្តិសាស្ត្រសម្រាប់ប្រទេសកម្ពុជាដែលទទួលបានឯករាជ្យពេញបរិបូរណ៌ពីអាណានិគមបារាំង ក្រោមព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តមរបស់ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ទាំងព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុតក្នុងព្រះរាជបេសកកម្ម ដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែរ៕

ដោយ៖ សិលា


ចែករំលែក៖