ព័ត៌មានទាន់ហេតុការណ៍៖

មកភ្ជាប់ពាក្យបងប្អូននៅស្វាយរៀងត្រឡប់ទៅវិញជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ម្នាក់និងរបួសធ្ងន់១នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកម្នាក់ទៀតរងរបួសធ្ងន់ ខណៈជិះម៉ូតូមកភ្ជាប់ពាក្យបងប្អូននៅខេត្តស្វាយរៀងហើយពេលត្រឡប់ទៅវិញចៃដន្យអាក្រក់ជួបគ្រោះថ្នាក់ចរាចរណ៍ដោយសារតែប្រើប្រាស់លឿនខ្វះការប្រុងប្រយ័ត្នស្របជាមួយនឹងផ្លូវកោងផងក៏រេចង្កូតដួលបោកក្បាលបណ្តាលឱ្យស្លាប់និងរបួសតែម្ដង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅភូមិពោន ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង។

បើតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា បុរសដែលស្លាប់មានឈ្មោះ អេង សុជាតិ អាយុ២៥ឆ្នាំ រស់នៅភូមិកោះលតឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំងនិងអ្នករួមដំណើរឈ្មោះ នី សុភាព អាយុ១៧ឆ្នាំ មុខរបរសិស្ស រស់នៅភូមិឃុំជាមួយគ្នា។

បើតាមអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុបុរសទាំង២នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅក្នុងទិសដៅពីជើងទៅត្បូងក្នុងគោលបំណងត្រឡប់ទៅភ្នំពេញ តែដោយសារការប្រើប្រាស់លឿនខ្វះការប្រុងប្រយ័ត្នស្របជាមួយនឹងផ្លូវកោងផង ក៏រេចង្កូតដួលបោកក្បាលបង្កការភ្ញាក់ផ្អើលតែម្ដង។

អ្នករងរបួសធ្ងន់ត្រូវបានសមត្ថកិច្ចដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកសាកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងបញ្ជូនឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ យឹម សុថាន


ចែករំលែក៖