ព័ត៌មានទាន់ហេតុការណ៍៖

បន្ទាប់ពីលោក ចូ បៃឌិន ឡើងធ្វើជាប្រធានាធិបតីអាមេរិក គណនី Twitter របស់លោកត្រាំ នឹងបាត់បង់ការលើកលែងពិសេសនៅខែមករា ឆ្នាំ២០២១

ចែករំលែក៖

អន្តរជាតិ៖ បន្ទាប់ពីលោក ចូ បៃឌិននឹងត្រូវឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិកទី៤៦ ជាផ្លូវការនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ខាងមុខនេះ គណនី Twitter របស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកបច្ចុប្បន្ននឹងលែងទទួលបានការលើកលែងពិសេសទៀតហើយ ។

បើតាមទីភ្នាក់ងារព័ត៌មាន Reuters បានដកស្រង់ព័ត៌មានពីអ្នកនាំពាក្យ Twitter ចុះផ្សាយនៅថ្ងៃចន្ទ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះបានបញ្ជាក់ថា ការបង្ហោះសារមួយចំនួនដែលល្មើសគោលការណ៍របស់ Twitter ពីសំណាក់គណនីរបស់មេដឹកនាំពិភពលោកបច្ចុប្បន្ន គឺត្រូវរឹតត្បិតប៉ុន្តែមិនលុបចោលតែម្តងឡើយ។ ចំណែកសម្រាប់អតីតមេដឹកនាំពិភពលោកវិញ គឺមិនទទួលបានការលើកលែងពិសេសនេះឡើយ ពោលគឺពុំខុសអ្វីពីពលរដ្ឋទូទៅនោះទេ។

សូមជម្រាបថា កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុនជ័យជម្នះរបស់លោក ចូ បៃឌិន នៅរដ្ឋ Pennsylvania បានជួយឲ្យរូបលោកទទួលបានចំនួនអ្នកបោះឆ្នោតតំណាងសរុបលើសពី២៧០នាក់ ដែលជាចំនួនចាំបាច់ ដើម្បីអាចជាប់ជាប្រធានាធិបតីអាមេរិក។

ដោយឡែកជុំវិញការបោះឆ្នោតនេះដែរ លោក ដូណាល់ ត្រាំ ដែលជាប្រធានាធិបតីកំពុងកាន់អំណាចបច្ចុប្បន្ននេះ មិនព្រមទទួលស្គាល់ជ័យជម្នះរបស់លោក បៃឌិនឡើយ ដោយប្តេជ្ញាថានឹងតតាំងលទ្ធផលបោះឆ្នោតនៅតុលាការ៕ដោយ៖ស តារា


ចែករំលែក៖