ព័ត៌មានទាន់ហេតុការណ៍៖

Man City បានត្រឹមស្មើជាមួយ Liverpool ខណៈកាំភ្លើងធំ Arsenal ចាញ់ក្នុងទឹកដីយ៉ាងអាម៉ាស់

ចែករំលែក៖

ក្រុមខ្លាំងមេឃខៀវ Manchester City បានប្រកួតស្មើជាមួយក្រុមភ្ញៀវហង្សក្រហម Liverpool ១ទល់១ កាលពីយប់មិញ ដែលធ្វើឲ្យក្រុមទាំង២ទទួលបានតែម្នាក់មួយពិន្ទុប៉ុណ្ណោះ ហើយក្រុមហង្សក្រហម Liverpool បាត់បង់ឱកាសឡើងឈរកំពូលតារាងដែរ។

ក្នុងជំនួបកាលពីយប់មិញនេះក្រុមភ្ញៀវ Liverpool បានរកគ្រាប់បាល់នាំមុខមុននៅនាទីទី១៣ ដែលជាការស៊ុតបាល់ពិន័យ១១ម៉ែត្រដោយខ្សែប្រយុទ្ធសញ្ជាតិអេហ្ស៊ីប Mohamed Salah ។ ប៉ុន្តែនៅនាទីទី៣១ ខ្សែប្រយុទ្ធGabriel Jesus របស់ក្រុមមេឃខៀវ Man City បានរក១គ្រាប់សងវិញ ធ្វើឲ្យលទ្ធផលនេះបន្តរហូតដល់ចប់ការប្រកួត។

លទ្ធផលនេះធ្វើឲ្យក្រុម Man City ទទួលបាន១ពិន្ទុ ឈរលេខ១០ក្នុងតារាង Premier League មាន១២ពិន្ទុក្នុង៧ប្រកួតកន្លងទៅ ខណៈដែល Liverpool ធ្លាក់មកចំណាត់ថ្នាក់លេខ៣ មាន១៧ពិន្ទុ។

ចំណែកក្រុមកាំភ្លើងធំ Arsenal បានបន្តប្រកួតចាញ់ក្រុមភ្ញៀវ Aston Villa ៣ទល់០មិនគួរឲ្យជឿ ដែលធ្វើឲ្យ Arsenal ធ្លាក់មកឈរលេខ១១ក្នុងលីគកំពូលអង់គ្លេស ។ ៣គ្រាប់របស់ក្រុមភ្ញៀវរកបាន ដោយកីឡាករក្រុម Arsenal ភ្លាត់ស្នៀតស៊ុតចូលទីខ្លួនឯងនៅនាទីទី២៥ គឺកីឡាករ Saka ធ្វើឲ្យក្រុមភ្ញៀវនាំមុខនៅតង់ទី១ ។ ចូលដល់តង់ទី២ កីឡាករ Watkins បានរកគ្រាប់បាល់២គ្រាប់ម្នាក់ឯងបន្ថែមទៀតនៅនាទីទី៧២ និង៧៥ ធ្វើឲ្យចប់ការប្រកួតក្រុម Aston Villa បានយកឈ្នះក្រុមម្ចាស់ផ្ទះ ៣ទល់០ ឡើងឈរចំណាត់ថ្នាក់លេខ៦បណ្តោះអាសន្ន។

សូមបញ្ជាក់ថា ក្រុម Leicester City បានឡើងឈរកំពូលតារាងក្រោយពីឈ្នះក្រុមភ្ញៀវ Wolverhampton Wanderers ក្នុងលទ្ធផល១ទល់០កាលពីយប់មិញមាន១៨ពិន្ទុ ខណៈដែលក្រុមឡើងមកឈរចំណាត់ថ្នាក់លេខ២បណ្តោះអាសន្នដែរគឺក្រុមមាន់ខ្នាយមាស Tottenham Hotspur ដែលបានយកឈ្នះក្រុមម្ចាស់ផ្ទះ West Brom ក្នុងលទ្ធផល ១ទល់០ ៕ដោយ៖ភារៈ


ចែករំលែក៖