ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ចែកគ្រាប់ពូជ ដំណាំ ជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង កន្លងទៅ ក្នុងស្រុក ថាឡាបរិវ៉ាត់ ចំនួន៤៥១ គ្រួសារ

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ ពិធី សំណេះសំណាល និង ចែកគ្រាប់ពូជ ដំណាំ រួមមាន គ្រាប់ពូជ ពោត ​ ស្ពៃខៀវ​ ល្ពៅ​ និងសណ្តែកគួរ. ជូនដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង ដែលប្រព្រឹត្តទៅនៅថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅបរិវេណមុខសាលាសង្កាត់ស្រែឬស្សី ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ ក្រោមអធិបតីភាពលោកចាន់  ចេស្តា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកម៉ុម  សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង  អភិបាលនៃគណៈអភិបាលស្រុកថាឡាបរិវ៉ាត់ ព្រមទាំងថ្នាក់ដឹកនាំ មកពីមន្ទីរជុំវិញខេត្តជាច្រើនរូប ។

មានប្រសាសន៍ក្នុងពិធីនេះលោកម៉ុម សារឿន បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចទាំងទ្វេ តែងតែគិតគូរយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលនិងកំពុងជួបការលំបាកនានា  ជាពិសេសប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងកន្លងទៅ នៅក្នុងទីរួមខេត្តស្ទឹងត្រែង ។

ក្នុងនោះផងដែរលោកម៉ុម សារឿន បានថ្លែងអំណរគុណដល់លោកវេង សាខុន រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ដែលបានចាត់ឲ្យលោកចាន់ ចេស្តា ចុះមកពិនិត្យ និង វាយតម្លៃ ផលប៉ះពាល់ជាក់ស្តែង ពីជំនន់ទឹកភ្លៀង ដែលបានប៉ះពាល់ទៅដល់ដំណាំកសិកម្មជាច្រើនហិកតារបស់បងប្អូនប្រជាពលរដ្ឋ។

ក្នុងឱកាសនោះផងដែរលោកចាន់ ចេស្តា រដ្ឋលេខាធិការក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ  បានមានប្រសាសន៍បញ្ចាក់ថា: ស្របតាមការចង្អុលបង្ហាញពីលោករដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានពិនិត្យមើលឃើញជាក់ស្តែងអំពីផលប៉ះពាល់ផលដំណាំកសិកម្ម ស្រូវ និងចម្ការដំណាំជាច្រើនហិកតា របស់ប្រជាពលរដ្ឋនៅក្នុងខេត្តស្ទឹងត្រែង ទើបក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានធ្វើការផ្ដល់ជាពូជដំណាំទាំងនេះ ដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីស្តារឡើងវិញដើម្បីយកទៅដាំដុះ នូវដីដែលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀងដែលបានស្រកទៅវិញ ។ 

លោកបន្ថែមថា: នេះគឺជាការខិតខំប្រឹងប្រែងពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ របស់សម្តេចតេជោហ៊ុន សែន ដោយសម្តេចបានណែនាំឱ្យចុះសួរសុខទុក្ខ និងនាំយកអំណោយជា គ្រាប់ពូជ ដំណាំ មកចែកជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ទឹកភ្លៀង នៅក្នុងស្រុកថាឡាបរិវ៉ាត់ ទាំង ចំនួន ៤៥១ គ្រួសារ ៕

ដោយ៖មាស សុផាត


ចែករំលែក៖