ខេត្តស្វាយរៀង៖ លោកវេជ្ជបណ្ឌិត ភាវ សុសត្តា ប្រធានការិយាល័យស្រុកប្រតិបត្តិរមាសហែកបានអញ្ជើញផ្ដល់ ម៉ាស់ អាល់កុល និងសាប៊ូសម្រាប់ប្រយុទ្ធប្រឆាំងនឹងការរីករាលដាលការចម្លងជំងឺកូវីដ-១៩ដល់រដ្ឋបាលស្រុករមាសហែកកាលពីថ្ងៃអង្គារ ១០រោច ខែ កត្តិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ ២០២០ នៅមន្ទីរពេទ្យបង្អែកស្រុករមាសហែក។
ក្នុងឱកាសនោះមានការអញ្ជើញចូលរួមពីសំណាក់លោកស្រីកែវ សុភ័ណ្ឌ អភិបាលរងស្រុករមាសហែក លោកអធិការនគរបាលស្រុក មេបញ្ជាការកងរាជអាវុធហត្ថស្រុក ផ្នែកសឹករងស្រុករមាសហែក យោធាវរៈ១ចម្ការខ្នុរ លោកមេឃុំតំណាងទាំង១៦ឃុំ ប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំទាំង១៦ មន្រ្តីRRTស្រុកប្រតិបត្តិរមាសហែកនិង ក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែករមាសហែកជាច្រើនរូបផងដែរ ។
លោកវេជ្ជបណ្ឌិត ភាវ សុសត្តា បានឡើងធ្វើរបាយការណ៍ស្តីពីសកម្មភាពនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ទាក់ទងនឹងការរៀបចំកន្លែងធ្វើចត្តាឡីស័ក ការគ្រប់គ្រងបងប្អូនប្រជាពលករចំណាកស្រុកមកពីក្រៅប្រទេសដើម្បីធ្វើចត្តាឡីស័ក ការយកសំណាកទាំងលើកទី១ និងលើកទី២ឃើញថាមានលទ្ធផលអវិជ្ជមានទាំងអស់ និងការលំបាកផ្សេងៗទាក់ទងនឹងការធ្វើចត្តាឡីស័កនិងបានរួមចំណែកការដោះស្រាយការលំបាកមួយចំនួនផងដែរ។
សូមបញ្ជាក់ថា ចំពោះម៉ាស់ អាល់កុល និងសាប៊ូដែលត្រូវផ្តល់ជូនមាន៖
សាលាស្រុករមាសហែកទទួលបានម៉ាស់ ១៥ប្រអប់ អាល់កុល៦០លីត្រ សាប៊ូ២០ ដុំ ។
ចំពោះ៣អង្គភាពមានអធិការដ្ឋាននគរបាលស្រុក ទីបញ្ជាការកងរាជអាវុធហត្ថស្រុក ផ្នែកសឹករងស្រុករមាសហែក ក្នុងមួយអង្គភាពទទួលបានម៉ាស់១០ប្រអប់ អាល់កុល៣០លីត្រ សាប៊ូ២០ដុំ។
ចំណែកយោធាវរៈ១ចម្ការខ្នុរទទួលបាន ម៉ាស់១០ប្រអប់ អាល់កុល៣០លីត្រ សាប៊ូ១០ដុំ ។
សាលាឃុំទាំង១៦ក្នុងស្រុករមាសហែកទទួលបានម៉ាស់៥ប្រអប់ អាល់កុល១០លីត្រ សាប៊ូ៥ដុំ។
ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទាំង១៦ក្នុងស្រុករមាសហែក ទទួលបានម៉ាស់៥ ប្រអប់ អាល់កុល១០លីត្រ សាប៊ូ៥ដុំ។
សរុបទាំងអស់រួមមានម៉ាស់២១៥ប្រអប់ អាល់កុល៥០០លីត្រ និងសាប៊ូ២៥០ដុំ ៕ដោយ៖យឹម សុថាន