ភ្នំពេញ៖ ដោយមានការយកចិត្តទុកដាក់ និងការពារសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋបើកបរក្នុងពេលរាត្រីក៏ដូចជាពេលថ្ងៃនោះ នាពេលថ្មីៗនេះមន្ទីរសាធារណការរាជធានីភ្នំពេញបានយកចិត្តទុកដាក់ពីបញ្ហាក្បាលនាគពុះចែកទ្រូងផ្លូវដែលមានចំណាំងផ្លាតពុំច្បាស់ ក្បាលនាគពុះចែកទ្រូងផ្លូវដែលបាក់ខូចបង្កដោយរថយន្តបុកបាក់ ។ ដូច្នេះមន្ទីរសាធារណការ បានចាត់ឲ្យជំនាញចុះដាក់ក្បាលនាគពុះចែកទ្រូងផ្លូវថ្មី និងលាបថ្នាំចំណាំងផ្លាតឡើងវិញ ដើម្បីបង្កភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរនាពេលយប់ មើលឃើញទ្រូងផ្លូវបានច្បាស់ជាងស្លាកសញ្ញាចរាចរណ៍មុន។
ជាក់ស្ដែងនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវលេខ២៨៩ កែងផ្លូវលេខ៦១៤នៅចំណុចមុខផ្សារទួលគោក ក្នុងមូលដ្ឋានសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក មន្ទីរសាធារណការរាជធានីភ្នំពេញបានដាក់ក្បាលនាគពុះចែកទ្រូងផ្លូវថ្មីឡើងវិញ ដោយកន្លងមកចំណុចនេះមានករណីគ្រោះថ្នាក់ចរាចរណ៍បង្កដោយរថយន្តបុកក្បាលនាគពុះចែកទ្រូងផ្លូវជាញឹកញាប់។
សូមបញ្ជាក់ផងដែរថា មូលហេតុដែលនាំឲ្យមានគ្រោះថ្នាក់ចរាចរណ៍គឺមានកត្តាសំខាន់ៗចំនួន៤គឺ កត្តាផ្លូវថ្នល់ កត្តាមនុស្ស កត្តាយានយន្ត និងកត្តាអាកាសធាតុ។ កត្តាដែលនាំឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់នៅរាជធានីភ្នំពេញមាន៣ចំណុចគឺ៖កត្តាផ្លូវថ្នល់ ផ្លូវខូច សញ្ញាចរាចរណ៍មានសភាពមិនច្បាស់លាស់ពិបាកធ្វើចរាចរណ៍ ,កត្តាមនុស្ស បើកបរគ្មានការប្រុងប្រយ័ត្ន ស្រវឹងងងុយគេង និងកត្តាយានយន្តខូចហ្វ្រ័ង ខូចចង្កួត បែកកង់។ល។
លើសពីនេះផងដែរ ស្ទើរតែរៀលរាល់យប់ តែងតែមានករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កដោយរថយន្តបើកបុកក្បាលនាគពុះចែកទ្រូងជានិច្ចបង្កឲ្យរថយន្តខូចខាតមួយកំណាត់មុខទៅមុខលែងរួច ករណីខ្លះឈានដល់បង្កឱ្យម្ចាស់រថយន្តបាត់បង់ជីវិតផងក៏មាន៕
ដោយ៖ រ៉ារ៉ា