ព័ត៌មានទាន់ហេតុការណ៍៖

សមាជិកសភាបក្សប្រឆាំង ៤រូបនៅហុងកុង ត្រូវបណ្តេញចេញ

ចែករំលែក៖

អន្តរជាតិ៖ បើយោងតាមសេចក្តីថ្លែងការណ៍មួយរបស់រដ្ឋបាលទីក្រុងហុងកុងនាថ្ងៃពុធទី១១ ខែវិច្ឆិកានេះ បានបញ្ជាក់ថា ទីក្រុងហុងកុង បានដកសិទ្ធិសមាជិកសភាប្រឆាំង ០៤រូបភ្លាមៗ បន្ទាប់ពីសភាចិនបានអនុម័តនូវដំណោះស្រាយមួយ ដែលអនុញ្ញាតឱ្យនាយកប្រតិបត្តិទីក្រុងនេះបណ្តេញសមាជិកសភា ដោយមិនចាំបាច់ឆ្លងកាត់តុលាការ។

បើតាមសារព័ត៌មាន CNA នៅរសៀលថ្ងៃពុធ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២០បានដកស្រង់ចេញផ្សាយនីក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា៖សមាជិកសភាប្រឆាំង ០៤រូប គឺលោក អាល់វីន យ៉ាង (Alvin Yeung), ឌែននីស ក្វុក (Dennis Kwok), ក្វុក កាគី (Kwok Ka-ki), និងឃែនណេតលាង Kenneth Leung ត្រូវបានដកសិទ្ធពីបទបង្កគ្រោះថ្នាក់ ដល់សន្តសុខរបស់ជាតិ។ ពួកគេស្ថិតក្នុងចំណោមសមាជិកសភាប្រឆាំង ១២រូប ដែលត្រូវបានដកសិទ្ធិ ពីការឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ដែលត្រូវបានពន្យារពេលដោយហេតុផលផ្សេងៗ រួមមានការគប់គិតជាមួយកម្លាំងបរទេស និងការប្រឆាំងនឹងច្បាប់សន្តិសុខជាតិថ្មីផងដែរ។

សូមជម្រាបថា សមាជិកសភាដែលគាំទ្រលទ្ធិប្រជាធិបតេយ្យចំនួន ១៩រូបកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ បានព្រមានលាលែងពីតំណែងប្រសិនបើមានសមាជិកសភា ដែលគាំទ្រលទ្ធិប្រជាធិបតេយ្យណាម្នាក់ ត្រូវបានគេដកសិទ្ធិដោយបានលើកឡើងថា វាឆ្លុះបញ្ចាំងពីសាមគ្គីភាពរបស់ពួកគេ និងបានបង្ហាញថា តើក្រុងប៉េកាំងអាចមានឆន្ទៈក្នុងការបង្ក្រាប ក្រុមប្រឆាំងតាមរបៀបណាផងដែរ។

ដោយឡែក ចំពោះការដកសិទ្ធិនេះ ទំនងជានឹងធ្វើឱ្យមានការព្រួយបារម្ភដល់បណ្ដាប្រទេសលោកខាងលិច អំពីស្វ័យភាពរបស់ទីក្រុងហុងកុង ដែលបានសន្យាក្រោមគោលនយោបាយ «ប្រទេសមួយប្រព័ន្ធពីរ» បន្ទាប់ពីចក្រភពអង់គ្លេស បានប្រគល់វាទៅឱ្យប្រទេសចិនវិញនៅឆ្នាំ១៩៩៧ ខណៈលោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក ដែលត្រៀមឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក បន្តពីលោក ដូណាល់ ត្រាំ (Donald Trump) ដែលបានសន្យាថា នឹងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ នៅជុំវិញពិភពលោក៕

ដោយ៖ស តារា


ចែករំលែក៖