ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការ អន្តរជាតិ បានសំណេរថា៖ សួស្តី សហសេវិក សហការីមិត្តភក្តិ បងប្អូនទាំងអស់ .! ថ្ងៃទី ១២ ខែវិច្ឆិកា នេះគឺចូលដល់ថ្ងៃទី១០ហើយ បើរាប់ពីថ្ងៃដែលខ្ញុំបានទទួលជួបប្រាស្រ័យការងារជាមួយលោករដ្ឋមន្ត្រីការបរទេសហុងគ្រី Péter Szijjártó ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។ ជារៀងរាល់ថ្ងៃ មានអ្នកសួរសុខទុក្ខខ្ញុំជាហូរហែថា តើខ្ញុំយ៉ាងម៉េចហើយ? មានបញ្ហាអីទេ? មានប្រែប្រួលក្នុងខ្លួនដែរឬអត់? ភាគច្រើនគឺជាមិត្តភក្តិ អ្នកស្រឡាញ់រាប់អានគ្នា បារម្ភពីសុខភាពខ្ញុំ ហើយគេជូនពរឱ្យខ្ញុំចៀសផុតគ្រោះទាំងឡាយ ហើយបានឆាប់ត្រឡប់មកកាន់ជីវភាពធម្មតាឡើងវិញ។ អ្នកខ្លះក៏ភិតភ័យខ្លាចខ្ញុំទទួលការចម្លងមេរោគពីលោករដ្ឋមន្រ្តីការបរទេសហុងគ្រី ដែលអាចនាំឱ្យរាលដាលដល់អ្នកផ្សេងទៀត ពិសេសក្រោយពេលមន្ត្រីនគរបាលយើងម្នាក់ដែលបំរើការជាអង្គរក្សជូនលោករដ្ឋមន្ត្រី ព្រមទាំងទូតហុងគ្រី និងមន្ត្រីជាន់ខ្ពស់របស់យើង២នាក់ទៀត រកឃើញថាមានមេរោគ Covid-19 ។ តែក៏មានអ្នករាប់អានពីឆ្ងាយៗផ្ញើការសាកសួរសុខទុក្ខ និងជូនពរសុខភាពល្អ និងសុវត្ថិភាព មិនដាច់ដែរ។
លោកបន្តថា៖ ក្រុមគ្រួសារខ្ញុំ អ្នកធ្វើការនៅក្នុងផ្ទះ ព្រមទាំងក្រុមគ្រួសាររបស់ពួកគាត់ និងរូបខ្ញុំផ្ទាល់ បានធ្វើតេស្តចំនួន២ដងហើយ ទទួលបានលទ្ធផលអវិជ្ជមានទាំងអស់គ្នា ព្រមទាំងមានសុខភាពល្អជាធម្មតា។
តាំងពីថ្ងៃបន្ទាប់ពីទស្សនកិច្ចលោករដ្ឋមន្ត្រីការបរទេសហុងគ្រីមក ខ្ញុំនៅតែរក្សាទំលាប់ប្រចាំថ្ងៃរបស់ខ្ញុំដដែល គឺក្រោកហាត់ប្រាណខ្ទង់ម៉ោង៥ភ្លឺ ទទួលទានអាហារពេលព្រឹកចន្លោះពីម៉ោង ៦:៤៥ ទៅម៉ោង ៧:០០ រួចចូលបន្ទប់ធ្វើការ (ពេលនេះគឺធ្វើការក្នុងផ្ទះ) ដូចកាលមិនទាន់មានករណីព្រឹត្តិការណ៍ ៣ វិច្ឆិកា យ៉ាងដូច្នេះ។ កំដៅក្នុងខ្លួនធម្មតា បាយក៏បាន សម្រាន្តក៏ស្រួល។ ខ្លាចតែឡើងគីឡូទៅវិញទេ!
លោកថ្លែងថា៖ អ្វីដែលប្លែកខុសពីមុន គឺទីមួយ ក្នុងផ្ទះរបស់ខ្ញុំ គឺយើងនាំគ្នាអនុវត្តន៍វិធានការការពារ រិតត្បិតយ៉ាងហ្មត់ចត់ ពាក់ម៉ាស់គ្រប់គ្នា គ្រប់ពេល ពាក់ស្រោមដៃ លាងដៃញឹកញាប់ រក្សាគំលាត និងតាមសង្កេតការប្រែប្រួលយ៉ាងជាប់លាប់។ ទីពីរ ដោយសារតែតម្រូវធ្វើចត្តាឡីស័ក ការជួបភ្ញៀវ ការចូលរួមកម្មវិធីនានាក៏ត្រូវលុប ឬលើកទៅពេលក្រោយ ម្លោះហើយនាំឱ្យខ្ញុំមានពេលទំនេរ យកទៅរៀបចំទុកដាក់ឯកសារឡើងវិញ ពិចារណាពីផែនការការងារតទៅមុខដោយចិត្តត្រជាក់ មិនតក់ក្រហល់ ជំពាក់មុខ ជំពាក់ក្រោយដូចពេលមុន។ ពេលនេះ យើងមើលឃើញអត្ថប្រយោជន៍កាន់តែខ្ពស់នៃការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យា ដោយសារតែរាល់ការងារ រាប់ពីការរាយការណ៍ សុំយោបល់និងការសម្រេច ពិគ្រោះពិភាក្សាគ្នា អាចធ្វើឡើងបានដោយងាយតាមរយៈប្រព័ន្ធទំនើបនេះ។
ពេលខ្ញុំសន្ទនាតាមទូរស័ព្ទជាមួយលោករដ្ឋមន្ត្រី Szijjártó ក្រោយពីគាត់ត្រឡប់ដល់ស្រុកគាត់វិញនោះ លោកបានសំដែងការសោកស្តាយយ៉ាងខ្លាំង និងសុំផ្ញើនូវការសុំទោសរបស់លោកចំពោះការលំបាកដែលបង្កឡើងដោយរូបលោក។ លោកបញ្ជាក់អះអាងសារជាថ្មីថា ពេលលោកបានធ្វើតេស្តមុនលោកចេញដំណើរមកកម្ពុជា លទ្ធផលពេលនោះគឺអវិជ្ជមាន។ ប្រពន្ធ និងកូនលោកក៏ដូចជាសមាជិកគណៈប្រតិភូរបស់លោកទាំងអស់គ្នា លើកលែងតែឯកអគ្គរដ្ឋទូតម្នាក់ សុទ្ធតែអវិជ្ជមានកូវីដ-១៩ ទាំងអស់ រហូតដល់ថ្ងៃនេះ។
រូបលោក Péter Szijjártó ត្រូវបានផ្សព្វផ្សាយយ៉ាងល្បីល្បាញក្នុងបណ្តាញសង្គមនៅកម្ពុជា។ មានការធ្វើអត្ថាធិប្បាយបែបចំរុះស្តីពីដំណើរទស្សនកិច្ចរបស់គាត់មកភ្នំពេញ។ យ៉ាងណាក៏ដោយ គេមិនត្រូវភ្លេចទេថា លោក Szijjártó ជារដ្ឋមន្ត្រីការបរទេសនៃប្រទេសជាសមាជិកសហភាពអឺរ៉ុបមួយដែលតែងហ៊ានចេញមុខការពារយុត្តិធម៌ចំពោះកម្ពុជា។ គាត់គឺជាអ្នកក្រោកឡើង បន្លឺសំលេងប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅចូលកិច្ចការផ្ទៃក្នុងកម្ពុជា។ គាត់គឺជាអ្នកតវ៉ាប្រឆាំងនឹងការព្យួរភាពអនុគ្រោះពន្ធក្រោមក្របខ័ណ្ឌEBA 20% ពីកម្ពុជា។
ឧប្បត្តិហេតុនៃការចម្លងCovid-19នេះ មិនអាចធ្វើឱ្យប៉ះពាល់ សាបរលាបបំណងល្អ ថ្លៃថ្នូរ ដិតដានដោយមិត្តភាពជ្រាលជ្រៅនៃដំណើរទស្សនកិច្ចរបស់លោក Szijjártó ដែលបាននាំមកនូវផលចំណេញដល់ទំនាក់ទំនងទ្វេភាគីរបស់យើងនោះទេ។
ខ្ញុំជូនពរឱ្យលោករដ្ឋមន្ត្រីឆាប់ជាសះស្បើយ។
ខ្ញុំក៏សូមជូនពរដូចគ្នាដល់មន្ត្រីយើងទាំង០៣រូប ព្រមទាំងលោកឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំកម្ពុជា ឆាប់ជាសះស្បើយ។
ខ្ញុំសូមថ្លែងអំណរគុណ និងជូនពរផងដែរ ដល់សហសេវិក សហការី មិត្តភក្តិ និងបងប្អូនទាំងអស់ ដែលបានផ្ញើសារមកជូនពរខ្ញុំក្នុងអំឡុងពេលនេះ ទទួលបានសុខភាពល្អបរិបូណ៌ សិរីសួស្តី ជ័យមង្គល វិបុសុខគ្រប់ប្រការ៕
ដោយ៖ សុខ ខេមរា