កាលពីព្រេងនាយយ មានក្មេងប្រុស ២ នាក់ នៅភូមិជាមួយគ្នា មួយឈ្មោះអាសុខស្លូត មួយឈ្មោះអាសុខកាច ។ ឯអាសុខកាចចិត្តអាក្រក់ បើលេងល្បែងអ្វីៗនឹងក្មេងផងគ្នា រកតែរឿងឈ្លោះជេរវាយគេមិនដែលខាន ។ ម្ដាយឪពុកអាសុខកាចនោះជាអ្នកគ្រាន់បើ មានស៊ី មានចាយ កាន់ជើងអាសុខកាចណាស់ បណ្ដាជនក្នុងភូមិនោះខឹងស្អប់អាសុខកាចពន់ពេក ។ ឯអាសុខស្លូតកំព្រាឥតមានមាតាបិតា មានតែជីដូន ៗ ក៏ចាស់ជរា ក្រលំបាកពេកក្រៃ ។ អាសុខស្លូតនោះ បើលេងល្បែងអ្វីៗនឹងក្មេងផងគ្នា ក្នុងភូមិនោះពុំដែលឈ្លោះប្រកែកដល់ម្ដងឡើយ ។ បណ្ដាជនក្នុងភូមិនោះ អាណិតស្រឡាញ់ ឲ្យចំណីស៊ីខុសអ្នកនេះ អ្នកនោះឲ្យ មិនដែលសល់ខាន ម្ល៉ោះហើយអាសុខកាចនោះច្រណែនទាំងមួម៉ៅក្ដៅចិត្ត រឹតតែកាចឡើង ជេរវាយកូនគេឥតកោតញញើត ចាស់និងចាស់ឈ្លោះគ្នាព្រោះតែកាន់ជើងកូនរៀងខ្លួន ។ លុះអាសុខស្លូតនិងអាសុខកាចចំរើនអាយុធំឡើង អាសុខកាចបបួលអាសុខស្លូតថា «វ៉ី យើងចង់នាំគ្នាទៅកាប់ឫស្សី លួសរនាប ត្បិតផ្ទះអាសុខស្លូតឯង បាក់ពុកអស់ហើយ » ។ អាសុខស្លូតថា « អញគ្មានប្រដាប់កាំបិត ឲ្យជាមុតមាំទេ ទាំងអង្ករ ត្រីសាច់ ថ្នាំជក់ក៏គ្មានផង ។ សព្វថ្ងៃរកបានព្រឹកខ្វះល្ងាច» ។ អាសុខកាចថា «កុំបាច់យកម្ហូបចំណី ថ្នាំជក់ កាំបិត គ្រប់ប្រដាប់ទៅឡើយធានាលើអញទាំងអស់ ឯងមានតែខ្លួនចុះ» ហើយក៏បណ្ដើរគ្នាទៅដល់ផ្ទះអាសុខស្លូត ហើយអាសុខស្លូតក៏និយាយប្រាប់ជីដូនថា «បងសុខ គេបបួលខ្ញុំទៅកាប់ឫស្សីលួសរនាបប្រដាប់ប្រដា អាហារភោជន នៅលើគេទាំងអស់ ខ្ញុំមានតែខ្លួនទេ» ជីដូនឃាត់ថា « ចៅកុំទៅ ! ព្រៃឫស្សីនោះស្ងាត់ណាស់ » ។ អាសុខថា « មិនអីទេយាយ ! ផ្ទះយាយបាក់ពុកអស់ហើយ បានរនាបមកគ្រាន់នឹងជួសជុល កុំឲ្យផុងយាយ ! » ។ ឯយាយផ្ដាំថា « ចៅទៅ ក៏ទៅចុះ តែចៅមើលថែទាំប្អូនផង » ។ អាសុខស្លូតអាសុខកាចវេចបាយសំណុំគ្រប់ប្រដាប់សម្រាប់កាប់ឫស្សី លួសរនាប ចេញទាំងពីរនាក់ទៅ ដល់ព្រៃឫស្សីកាប់បានហើយលួសរនាប ។ អាសុខកាចបានរនាបតិច អាសុខស្លូតបានរនាបច្រើន ហើយឈប់សម្រាកស៊ីបាយទាំងពីរនាក់ អង្គុយទល់មុខគ្នា, អាសុខកាចគិតថា «ជីវិតអាឯង មុខជាស្លាប់នឹងដៃអញឥឡូវនេះ » គិតហើយក៏ចាប់យកកាំបិតបន្ទោះចាក់ចំភ្នែកអាសុខស្លូតដែលកំពុងស៊ីបាយ ។ អាសុខស្លូតស្រែកយំថា « ហេតុដូចម្ដេច ក៏មកចាក់ខ្ញុំ ? ។ អាសុខកាចឆ្លើយថា « អាឯងរករបររបស់ឯង ហើយមកស៊ីបាយអញទាំងរនាបក៏បានច្រើនជាងអញទៀត » ។ អាសុខស្លូតឆ្លើយថា « កាលបងឯងបបួលខ្ញុំមកកាប់ឫស្សី លួសរនាប ខ្ញុំប្រកែកថាខ្ញុំគ្មានអ្វីទេ បងឯងធានាថា បាយម្ហូបគ្រប់ប្រដាប់នៅលើបងឯងទាំងអស់បានជាខ្ញុំមក, ឥឡូវបងឯងចង់យករនាបទាំងអស់ ក៏យកចុះ កុំតែសម្លាប់ខ្ញុំ » ។ អាសុខកាចឆ្លើយថា «អាឯងនេះមាត់រឹងណាស់ អាភាវនាទៅ » ។ ថាហើយអាសុខកាច ក៏ចាប់កាំបិតបន្ទោះចាក់ភ្នែកអាសុខស្លូតម្ខាងទៀត ឈាមបាញ់ហូរស្រក់ជោកមុខ ជោកដើមទ្រូង ខ្វាក់ភ្នែកទាំងពីរ ឈឺចាប់ខ្លាំងណាស្ដាយជីវិតខ្លួនណាគិតដល់ជីដូនចាស់ជរា កំព្រានៅផ្ទះតែម្នាក់ឯង ។
អាសុខកាចថា «អាឯងទៅ ឲ្យត្រីវាស៊ីទៅ » ថាហើយច្រានអាសុខស្លូតទៅជិតមាត់ស្ទឹង ហើយធាក់ទម្លាក់ទៅក្នុងទឹកស្ទឹងកំពុងហូរ ដោយគិតថា « អាសុខស្លូតមុខជាស្លាប់ហើយ » ក៏ប្រមូលរនាបទាំងអស់ ចងបាច់វិលមកផ្ទះ, ដាក់រនាបហើយហួសទៅនិយាយថ្លែងកុហកប្រាប់ជីដូនអាសុខស្លូតថា « ចៅយាយឯងខ្លាខាំស្លាប់ទៅហើយ» ។
យាយឮអាសុខកាចប្រាប់ថា ខ្លាខាំចៅស្លាប់ ក៏ទួញយំសោកបោកខ្លួនហៀបនឹងក្ស័យជីវិត ។ ឯអាសុខកាច រីករាយសប្បាយចិត្ត ហើយក៏ដើរលេងជិត ៗ ផ្ទះដូចធម្មតា ដោយចិត្តក្លាហាន រកតែរឿងឈ្លោះនឹងគេ ។
តពីនេះ ដំណាលពីអាសុខស្លូត គ្រាដែលអាសុខកាច ចាក់ឆ្កៀលភ្នែកទាំងពីរខាងហើយវាធាក់ទម្លាក់ទឹកស្ទឹងកំពុងហូរទៅនោះ អាសុខស្លូត ហែលបណ្ដែតខ្លួនតាមខ្សែទឹកហូរទៅ ក៏ភាវនារកពុទ្ធោ ៗ ពុំដាច់ពីមាត់ ។ គ្រានោះអ្នកតាមួយ មានមហិទ្ធិឫទ្ធិខ្លាំងពូកែណាស់ ដែលមានអាស្រម នៅក្នុងព្រៃរំលោងជិតមាត់ស្ទឹងនោះ, អ្នកតាមានក្រពើធំមួយដេកនៅក្រោមអាស្រម អាចតំណែងជាមនុស្សបាន ។ ដល់ពេលឃ្លានអាហារ ក្រពើនោះ ក៏វាចុះមកក្នុងស្ទឹង ស្វែងរកអាហារ វាហែលច្រាសទឹក, ហែលទៅ ៗប្រទះនឹងអាសុខស្លូត ដែលកំពុងហែលបណ្ដែតខ្លួនតាមខ្សែទឹក ក្រពើលាន់មាត់ថា «អៃយ៉ា លាភធំណាស់តើ ! អញមករកអាហារថ្ងៃនេះ ប្រទះបានមនុស្សស៊ី» ហើយប្រឹងស្ទុះហែលទៅជិតឮមាត់ថាពុទ្ធោ ៗក៏សង្ស័យក្នុងចិត្ត មើលទៅភ្នែកទាំងពីរ ឃើញធ្លុះរកប្រស្រីគ្មាន, ក្រពើគិតថា «គួរអញយកទៅថ្វាយលោកតាអញ ៗ កុំស៊ីមនុស្សនេះ » ហើយក៏មុជកៀងអាសុខស្លូតឲ្យនៅពីលើខ្នង ហែលត្រឡប់មកដល់អាស្រមវិញ ហើយតំណែងខ្លួនជាមនុស្ស ដឹកដៃ នាំខ្លួនអាសុខស្លូតទៅថ្វាយអ្នកតា ៗសួរ, អាសុខស្លូតនោះក៏ថ្វាយបង្គំរាយរឿងតាមដំណើរគ្រប់ប្រការ, អ្នកតាស្ដាប់សព្វគ្រប់ហើយមានចិត្តមេត្តាអាសុខស្លូតនោះពន់ពេក លោកថា «ឱ ! អាសុខកាចអើយ ចិត្តអីអាក្រក់ម្ល៉េះ ?ណ្ហើយ ! ចៅសុខស្លូតឯងកុំភ័យ សឹមតាជួយសង្គ្រោះឲ្យចៅរស់ជីវិត ភ្នែកក៏ឲ្យភ្លឺដូចដើមបានទៅជួបនឹងជីដូនឯផ្ទះវិញ» ថាហើយក៏ផ្សំថ្នាំដាក់ភ្នែក សូត្រទិព្វមន្តផ្លុំភ្នែកឲ្យ, ចៅសុខស្លូតនោះ ក៏បានភ្លឺភ្នែកដូចដើម ទើបអ្នកតាក្ដាប់ដីខ្សាច់មួយដៃ សែកទិព្វមន្តផ្លុំដីខ្សាច់ដាក់ដៃឲ្យចៅសុខ ផ្ដាំថា «ចៅ ! ចូរឯងក្ដាប់ឲ្យជាប់កុំលាដៃ បើទៅដល់ផ្ទះចៅ ៗប្រាប់ជីដូនឲ្យក្រាលកន្ទេលក្នុងផ្ទះហើយសឹមចៅដាក់ដីខ្សាច់នេះទៅលើកន្ទេល » អ្នកតាផ្ដាំហើយ ហោក្រពើមកឲ្យចៅសុខស្លូតជិះលើខ្នង ហែលតាមស្ទឹងទៅ ។ បានទៅដល់កន្លែងដែលអាសុខកាចធាក់ទម្លាក់ក្នុងទឹកនោះ ចៅសុខ ឃើញព្រៃឫស្សីដែលកាប់លួសរនាបក៏ចាំជាក់, ក្រពើដាក់ចៅសុខឲ្យឡើងលើគោក, ចៅសុខក៏លាក្រពើដើរដរាបទៅដល់ផ្ទះ, ហើយចូលទៅយំសំពះជីដូន ៗ ឃើញចៅហើយ ស្ទុះមកយំខ្សឹកខ្សួល និយាយប្រាប់ចៅថា « គេប្រាប់យាយថា ខ្លាខាំចៅស្លាប់ទៅហើយ ម្ចាស់ជីវិតអើយ ! ជីដូនយំសោកបោកខ្លួនអាសូរចៅ ហៀបនឹងក្ស័យជីវិត, ចៅមិនស្លាប់ ជីដូនអរណាស់ រកអ្វីមកប្រៀបផ្ទឹមពុំបាន» ។
ឯចៅសុខនិយាយប្រាប់ជីដូន តាំងពីទៅកាប់ឫស្សី លួសរនាប ត្រូវអាសុខកាច វាចាក់ភ្នែកធាក់ទម្លាក់ទឹក ហើយបានក្រពើនាំទៅថ្វាយអ្នកតា, លុះរៀបរាប់រឿងប្រាប់ជីដូនគ្រប់ប្រការ ជីដូនរឹងរឹតតែអាណិតចៅពេក ហើយវាប្រាប់ជីដូនថា «យាយ ! ក្រាលកន្ទេលក្នុងផ្ទះទៅ » ជីដូនក្រាលតាមពាក្យចៅ ៗសុខស្លូតក៏លាដៃ ដាក់ដីខ្សាច់លើកន្ទេល កើតជាប្រាក់គរក្នុងផ្ទះ អរណាស់ តែពីរនាក់ជីដូននិងចៅ បានចាត់ចែងទិញសំលៀកបំពាក់គ្រប់ប្រដាប់ប្រើប្រាស់ សង់ផ្ទះថ្មី ល្បីមានដាច់គេក្នុងភូមិនោះ ។
ឯអាសុខកាច ឃើញអាសុខស្លូត ក៏នឹកឆ្ងល់ក្នុងចិត្តថា «អញចាក់ភ្នែកវាទាំងពីរខាងធាក់ទម្លាក់ទឹក ស្មានថាវាស្លាប់ ឥឡូវវារស់ឡើងវិញ ភ្នែកក៏ភ្លឺដូចដើម មានទាំងសម្បត្តិសម្បូរណ៍ប្រើប្រាស់ គ្មានខ្វះអ្វី ប្លែកអំពីដើម » ។ លុះដល់វេលាស្ងាត់មួយ វាបានជួបនឹងអាសុខស្លូត ក៏សួរថា «កាលឯងនិងអញទៅកាប់ឫស្សីលួសរនាបនោះ បិសាចមកបណ្ដាលចិត្តអញ ឲ្យចាក់ភ្នែកទាំងពីរខាងធាក់ទម្លាក់ទៅក្នុងទឹកស្ទឹង អញស្មានថាឯងស្លាប់ ហេតុម្ដេច ក៏ឯងរស់ឡើងវិញ ហើយមានទាំងទ្រព្យច្រើនជាងគេផង » ។ អាសុខស្លូតឆ្លើយថា « បានគុណបង កុំអីខ្ញុំក្រីក្រលំបាកតោកយ៉ាក ដូចបងឯងដឹងស្រាប់» ។ ហើយនិយាយប្រាប់អាសុខកាចតាមត្រង់ថា « កាលដែលបងចាក់ភ្នែកខ្ញុំទាំងពីរខាងធាក់ទម្លាក់ក្នុងស្ទឹងទៅនោះ ខ្ញុំភាវនារកតែពុទ្ធោ ៗ ក៏បានជួបនឹងក្រពើ ៗ នាំទៅថ្វាយអ្នកតា ៗ ជប់ភ្នែកជប់ដីខ្សាច់ឲ្យខ្ញុំ, លុះខ្ញុំមកដល់ផ្ទះដាក់ដីខ្សាច់ កើតជាប្រាក់មាស បានជាខ្ញុំមានសព្វថ្ងៃនេះ » ។
អាសុខកាច ឮអាសុខស្លូត រាយរឿងដូច្នោះ ក៏បណ្ដាលចិត្តលោភលន់ពន់ប្រមាណគិតថា «អញនឹងធ្វើឲ្យបានដូចអាសុខស្លូត » ថ្ងៃក្រោយជួបនឹងអាសុខស្លូត ក៏និយាយថា «អាសម្លាញ់អើយ ! អញចង់ទៅកាប់ឫស្សី លួសរនាបនៅព្រៃដែលយើងទៅកាប់ត្រង់កន្លែងមុននោះ , ឯបាយទឹកអាហារភោជន ថ្នាំជក់ កាំបិតតូចធំ ប្រដាប់កាប់ឫស្សី លួសរនាប ស្រេចនៅលើអញទាំងអស់ ឯងមានតែខ្លួនទៅបានហើយ » ។ អាសុខស្លូតថា «ក្រែងសម្លាប់អញទៀត » ។ អាសុខកាចថា «មុននោះខ្មោចកំរោលវាចូលឲ្យអញងងឹតមុខ អញចាក់ឯង ដោយមិនដឹងខ្លួនសោះ ឯងកុំប្រកាន់ខឹងនឹងអញ » ។ អាសុខស្លូតថា «ចាំខ្ញុំជូនទៅ ត្បិតបងសុខឯង មានគុណលើខ្ញុំច្រើនខ្ញុំមានសម្បត្តិទ្រព្យក៏ព្រោះបង » ។ លុះព្រឹកឡើង អាសុខកាច ស្ពាយបាយសំណុំ មានគ្រប់ប្រដាប់ដូចមុន ហើយបណ្ដើរគ្នាដល់ព្រៃឫស្សី, លុះកាប់បាន ពុះលួសរនាបហើយ នាំគ្នាអង្គុយស៊ីបាយ ។ អាសុខកាចហុចកាំបិតបន្ទោះទៅអាសុខស្លូត ប្រាប់ថា « ឯងចាក់ភ្នែកអញម្ខាងទៅ » អាសុខស្លូតប្រកែកពុំព្រមចាក់ ។ អាសុខកាចថា « ជើ ! ចាក់មក ៗ, ហ៊ី ! ម្ដេចមិនអាណិតគ្នាផងសោះ » ។ អាសុខស្លូតក៏ចាក់ឆ្កៀលដូចគេឆ្កៀលក្រសាំង ឲ្យខ្វាក់ភ្នែកម្ខាងទៅ ។ អាសុខកាចឈឺពើតខ្លាំងណាស់ តែចិត្តចង់ប្រញាប់ឲ្យបានប្រាក់ ដូចអាសុខស្លូត ក៏ឲ្យអាសុខស្លូតចាក់ភ្នែកម្ខាងទៀត ហើយបង្គាប់ឲ្យអាសុខស្លូតច្រានទៅជិតមាត់ស្ទឹង ទាំងបង្គាប់ឲ្យធាក់ផង ។ អាសុខស្លូតក៏ធាក់ទម្លាក់ក្នុងទឹកស្ទឹង ។ អាសុខកាចសួរថា «កាលដែលអញចាក់ឯងមុននោះ ឯងធ្វើម្ដេចខ្លះ ? » ។ អាសុខស្លូតថា «អញរកតែពុទ្ធោជាប់នៅមាត់ » ។ អាសុខកាចប្រឹងស្រែករកតែពុទ្ធោមិនឈប ឮរំពងព្រៃមាត់ស្ទឹងទន្ទឹងរកក្រពើក៏ពុំជួបសោះ ណាមួយវាឈឺចាប់ ហែលបណ្ដែតខ្លួនយូរបន្តិចទៅអស់កម្លាំង ឈ្លក់ទឹកស្លាប់ទៅ ហើមរលួយរលេះ ត្រីស៊ីនៅតែលលាដ៍ក្បាល ។ ខ្មោចអាសុខកាចក៏អណ្ដែតតាមខ្សែទក លងគេឮតែពុទ្ធោ ៗ ដរាបដល់កំពង់ទឹកមហាសេដ្ឋី ។ វេលានោះកូនក្រមុំមហាសេដ្ឋី នាំខ្ញុំប្រុសស្រីចុះទៅងូតទឹកកំពង់, កំពុងតែកញ្ជ្រោកទឹកលេងសប្បាយ ស្រាប់តែឃើញលលាដ៍ក្បាលអាសុខកាចនោះអណ្ដែតមកជិត លងស្រែកថា « ពុទ្ធោ ៗ ! » ។ កូនក្រមុំមហាសេដ្ឋី ឈប់លេងទាំងអស់គ្នានឹកសង្ស័យ ក៏ប្រើខ្ញុំប្រុសម្នាក់ឲ្យទៅស្រង់យកលលាដ៍ក្បាលខ្មោចនោះ មកដាក់លើគោកនៅមាត់កំពង់នោះ, លលាដ៍ក្បាលខ្មោចនោះ វាមិនបាត់ស្ងាត់សោះ ចេះតែលងគេរកតែពុទ្ធោ ៗ ។
កូនក្រមុំមហាសេដ្ឋី ក៏នាំខ្ញុំប្រុសស្រីឡើងពីងូតទឹកមក ប្រើឲ្យខ្ញុំប្រុសកាន់យកក្បាលខ្មោចអាសុខកាចនោះមកផ្ទះ ហើយនាងជម្រាបមហាសេដ្ឋីជាឪពុកនាងថា « លោកឪពុក ! ខ្ញុំរើសលលាដ៍ក្បាលខ្មោចមួយអណ្ដែតទឹកនៅកំពង់យើង វាលងស្រែករកពុទ្ធោ ៗ» ។ សេដ្ឋីជាមាតាបិតាស្ដាប់ហើយ ក៏ស្ទុះមកមើល ឃើញក្បាលខ្មោចនោះកំពុងស្រែករកពុទ្ធោ ៗ មែនអស្ចារ្យណាស់ ក៏ឲ្យលាងដុសខាត់ដាក់លើតោក លលាដក្បាលនោះ ក៏នៅតែស្រែករកពុទ្ធោ ៗជានិច្ច គ្មានឈប់ ។
ព្រឹកៗ សេដ្ឋីនោះតែងទៅគាល់ព្រះមហាក្សត្រ នៅទីចុងព្រះរាជរោងជួបជុំអស់មន្ត្រីចតុស្តម្ភរាល់ពេលពុំដែលខាន ។ សេដ្ឋីជម្រាបអស់លោកថា « ខ្ញុំបានលលាដ៍ក្បាលខ្មោចមួយ ចេះស្រែករកពុទ្ធោ ៗជានិច្ច» ។ អស់លោកចតុស្តម្ភស្ដាប់ហើយឆ្លើយថា «សេដ្ឋីកុហកទេ មិនដែលមានលលាដ៍ក្បាលខ្មោចណា ចេះស្រែករកពុទ្ធោទេ យើងមិនជឿឡើយ» ។ សេដ្ឋីថា « ពិតប្រាកដណាស់ បើអស់លោកមិនជឿខ្ញុំ ៗ ហ៊ានភ្នាល់ដោយមាសមួយរយតម្លឹង» ។ អស់លោកចតុស្តម្ភទាំង៤ថា «យើងហ៊ានភ្នាល់» ។ ហើយធ្វើសំបុត្រចុះកិច្ចសន្យា ។ សេដ្ឋីទៅដល់ផ្ទះ ឮលលាដ៍ក្បាលខ្មោចស្រែករកពុទ្ធោកោកៗនឹកថា « អស់លោកមុខជាចាញ់អញហើយ » សេដ្ឋីយកមាសមួយរយតម្លឹងឲ្យកូនក្មួយកាន់តោកដែលដាក់លលាដ៍ក្បាលខ្មោចនោះយ៉ាងរហ័សទៅ លុះចូលទៅដល់ទ្វារកំពែងខាងក្រៅ លលាដ៍ក្បាលខ្មោចបាត់សំឡេងឈឹង ពុំឮស្រែករកពុទ្ធោសោះ, កាលចូលដល់ចុងព្រះរាជរោង ដាក់លលាដ៍ក្បាលខ្មោចចំពោះមុខអស់លោកចតុស្តម្ភទាំង៤នោះហើយ សេដ្ឋីបង្គាប់ថា «ចាំអីទៀតក៏មិនស្រែករកពុទ្ធោៗទៅ» ។ លលាដ៍ក្បាលខ្មោចបាត់សូន្យឈឹង មិនឮរកពុទ្ធោសោះ ។ មហាសេដ្ឋីចាញ់ក៏ជូនមាសមួយរយតម្លឹងទៅអស់លោក, ឯអស់លោកចំអកថា « សេដ្ឋីយកក្បាលខ្មោចមកវារកពុទ្ធោថ្លង់យើងរាល់គ្នា » ហើយទះដៃសើចលាន់នៅទីព្រះរាជរោង ។ សេដ្ឋីខឹងនឹងក្បាលខ្មោចណាស់ លាអស់លោកចេញមកក្រៅដល់កំពែង ស្រាប់តែលលាដ៍ក្បាលខ្មោចស្រែកថាពុទ្ធោ ៗ ។ សេដ្ឋីរឹតតែខឹងណាស់, ដល់ផ្ទះប្រើបាវឲ្យយកពូថៅ នាំយកលលាដ៍ក្បាលខ្មោចទៅសំពងចោលឯកំពង់ទឹក ។ បាវយកទៅមិនសំពងឲ្យល្អិត ត្រឡប់ជាបោះលលាដ៍ខ្មោចទាំងមូលចោលទៅក្នុងទឹក ។ ឯលលាដ៍ក្បាលខ្មោចអាសុខកាចនោះ អណ្ដែតតាមទឹកស្ទឹង ហូររសាត់ទៅក្រោម វាលងរកពុទ្ធោ ៗរៀងទៅដល់កំពង់វត្ត ។ វេលានោះលោកសង្ឃនិមន្តទៅស្រង់ទឹក បានឃើញលលាដ៍ក្បាលខ្មោចលងរកពុទ្ធោ ៗ, លោកក៏ស្រង់យកទៅកុដិ និមន្តលោកសង្ឃផងគ្នាបង្សុកូល រួចដុតក្បាលខ្មោចនោះសុស ហើយលោកពិចារណាថា «គួរយកកម្ទេចឆ្អឹងនេះ លាយនឹងម្រ័ក្សណ៍ ខ្មុកសសរព្រះវិហារ បញ្ជូនផលឲ្យបានដល់អ្នកដែលស្លាប់ ហើយលោកក៏យកខ្មុកលាបតាមសព្វព្រះទ័យលោកទៅ, សល់បន្តិចបន្តួច យកទៅលាបលនរទេះលោក, កាលដែលម្រ័ក្សណ៍ខ្មុករទេះនោះស្ងួតហើយ លោកភ្នកព្រះទ័យចង់ទឹមរទេះបរទៅសួរញាតិញោម, លោកក៏ឲ្យសិស្សដឹកគោមកទឹមរទេះឡើងគង់ បរចេញពីកុដិទៅ ។ វេលាស្ងាត់ពីមនុស្សរទេះនោះលាន់ភ្លៅនឹងដុំសង្កៀតគ្នា, ដូចរទេះធម្មតា តែដល់ជួបនឹងឧបាសកឧបាសិកា រទេះនោះលាន់ឮដូចលោកជេរបញ្ចោរគេថា «មេចោរ ៗ » ញាប់ញិញ ។ ឧបាសកឧបាសិកាឮខឹងនឹងលោក ព្រោះថាលោកជេរបញ្ចោរប្រពន្ធកូនគេ ក៏ដៀលត្មះជាពាក្យទម្ងន់ ៗ, លោកប្រកែកដូចម្ដេច ក៏ពុំស្ដាប់រឹតតែប្រមាថលោក ឥតកោតញញើត, លោកបរហួសទៅទៀត ជួបនឹងនាហ្មឺនគេកំពុងដើរ មានគ្នាច្រើន, ឯរទេះលាន់ឮទៀត ដូចជាលោកជេរម្ដាយនាហ្មឺនទាំងនោះថា «ចោរម្ដាយនាហ្មឺន » នាហ្មឺនខឹងនឹងលោក ក៏នាំគ្នាដេញវាយលោក ៗ ភ័យវាយគោបំបោលរួចទៅ ។
លោកនេះ គិតថា « ពីដើមរទេះអញ បរមកមិនដែលឮសូរជេរបញ្ចោរគេទេ, រឿងនេះ ឃើញតែកម្ទេចឆ្អឹងក្បាលខ្មោចដែលខ្មុកបិទសសរព្រះវិហារ សល់ពីនេះអញយកមកលាបលនរទេះនេះ » ។ លុះត្រឡប់មកពីសួរញាតិញោម មកដល់វត្តវិញ លោកកាប់រទេះដុតនៅកន្លែងដែលដុតលលាដ៍ក្បាលខ្មោចអាសុខកាច ឆេះជាផេះ, កន្លែងនោះដោយមានជាតិអាសុខកាច ក៏ដុះកើតជាស្មៅកន្ត្រើយ ដែលជាប់សំពត់ខោមនុស្សសព្វថ្ងៃនេះឯង ៕
(ចិត្តមិនអប់រំ នាំឲ្យវិនាស)
(សូមរង់ចាំអានរឿងព្រេងឬទំនៀមខ្មែរ នៅថ្ងៃស្អែកទៀត)
កែសម្រួលនិងស្រាវជ្រាវពីសៀវ ភៅរឿងព្រេងខ្មែរដោយ÷ចៅតាជេត