ភ្នំពេញ៖ រថយន្ដ LEXUS RX400h មួយគ្រឿងបានបើកបុករថយន្ដធុនធំក្នុងទិសដៅបញ្ច្រាសគ្នាយ៉ាងពេញទំហឹង បណ្ដាលឲ្យមនុស្ស៤នាក់រងរបួសធ្ងន់និងស្រាល បង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ចនិងក្រុមសង្គ្រោះ៧១១ កងពលតូចលេខ៧០ បានចេញមកធ្វើអន្តរាគមន៍ កាលពីវេលាម៉ោង ១:៥០នាទីរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវបេតុងព្រៃស ភូមិពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា រថយន្តម៉ាក LEXUS RX400H ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AI-5525 បើកបរដោយបុរសម្នាក់ឈ្មោះ សួន ធារិទ្ធ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅបុរីពិភពថ្មី២ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ (ត្រូវជាប្តីរងរបួសធ្ងន់)។ ចំណែកអ្នករួមដំណើរទី១.ឈ្មោះ ហុង រ៉ានី ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរលក់ដូរ (ត្រូវជាប្រពន្ធ រងរបួសឆ្ងន់) ទី២.ឈ្មោះ ប៉ុន ម៉ារីណា ភេទស្រី អាយុ៧ឆ្នាំ មុខរបរសិស្ស (ត្រូវជាកូន រងរបួសធ្ងន់) និងទី៣.ឈ្មោះ សុង ពិសិដ្ឋ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស មានទីតាំងស្ថិតនៅភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ភ្នំពេញ (ត្រូវជាក្មួយ រងរបួសស្រាល)។
ក្នុងចំណោមជនរងគ្រោះទាំង៤នាក់ ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យសម្ភពមានជ័យចំនួន១នាក់និងគ្លីនិកស័ង្ហណារីចំនួន៣នាក់។
ចំណែករថយន្តម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-9727 បើកបរដោយបុរសម្នាក់ពុំស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន)។
ក្នុងស្ថានភាពជាក់ស្ដែងនៃករណីគ្រោះថ្នាក់ចរាចរណ៍នេះ ត្រូវបានកម្លាំងកងប្រតិបត្តិការរុករក និងសង្គ្រោះ៧១១ កងពលតូចលេខ៧០ បានចេញទៅជួយសង្គ្រោះជនរងគ្រោះ ដោយមានរថយន្តកាត់និងរថយន្តសង្គ្រោះផងដែរ។
បច្ចុប្បន្ននេះ រថយន្ដទាំង២គ្រឿងត្រូវបានប្រគល់ទៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយនៅពេលក្រោយ៕
ដោយ៖ ភារ៉ា ដង្កោ